គំនិតអាជីវកម្ម | January 11, 2017

រៀនកត់សម្គាល់សញ្ញាទាំង ៤ ដែលប្រាប់ពីពេលវេលាដែលអ្នកត្រូវបោះបង់

ជោគជ័យ​តម្រូវឱ្យអ្នក​ព្យាយាម​ពុះពារកុំបោះ​បង់គោលដៅ។ ការចាប់​ផ្តើម​​ដំណើរ​របស់អ្នក​គួរ​តែមានភាព​ងាយៗ ដូចជា​គំនិត​អ្វីមួយ ឬ​យុទ្ធសាស្រ្ត​ថ្មីមួយដើម្បី​បង្កើតមុខ​ជំនួញ​។ អ្នកអាច​នឹងរំភើប​ចំពោះ​លទ្ធភាព​ទាំងអស់​ដែលរង់ចាំ​នៅខាងមុខ និង​មានអារម្មណ៍​អន្ទះសា​ចង់ចាប់​ផ្តើមភ្លាមៗ។ ហើយ​នៅពេលជួប​ឧបសគ្គ អ្នកត្រូវ​តែ​រុញច្រាន​កុំឈប់ ព្រោះនេះ​ជាកិច្ចការតែ​ម្យ៉ាងគត់ដែល​ត្រូវធ្វើ។ ប៉ុន្តែពេល​ខ្លះ ការបណ្តោយ​ឱ្យរឿងរ៉ាវ​កើតឡើង​តាមដំណើរ​របស់វា​បែរជាមាគ៌ា​ដែល​ដឹកនាំ​អ្នកទៅ​រកជោគជ័យ និងរីកចម្រើន។ សញ្ញា​ទាំង៤ខាងក្រោម​នេះ​បញ្ជាក់ថា ដល់ពេល​ដែលអ្នក​ត្រូវបោះបង់​គំនិតរបស់​អ្នកចោល​៖

 

 

១/ អ្នកបានព្យាយាមច្រើនផ្លូវហើយតែមិនអាចទៅរួច

ក្នុងការព្យាយាម​ដើម្បីសម្រេចកិច្ចការ​​អ្វីម្យ៉ាង អ្នកត្រូវ​ព្យាយាម​សាកល្បងម​ធ្យោបាយ និង​វិធីសាស្រ្ត​ផ្សេងៗ។ អ្នកគិតថា ប្រសិនបើ​អ្នកកែខៃ​អ្វីមួយតែ​បន្តិចនោះ អ្នកនឹងទទួល​បានលទ្ធផល​ជាក់ជា​មិនខាន។ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នកសាកល្បង​មធ្យោបាយ​ជាច្រើន​ហើយ តែនៅមិនឃើញមាន​អ្វីកើតឡើងទៀត​មានន័យថា​ដល់ពេលដែល​អ្នក​ត្រូវស្មោះត្រង់​ចំពោះខ្លួនឯង​ហើយ។ អ្នកត្រូវរៀន​ពីបទពិសោធន៍ និងមានជំហររឹងមាំ​ដើម្បីបន្តដំណើរ​ទៅមុខទៀត។ 

 

២/ អ្នកកំពុងតែព្យាយាមឱ្យហេតុផល​លទ្ធផលអវិជ្ជមាន

ក្នុងពេល​ដែល​កិច្ចការប្រព្រឹត្តិ​ទៅខុសបំណង អ្នកព្យាយាម​រក្សា​គំនិត​វិជ្ជមាន។ អ្នក​ដឹងថា ​ជីវិតពេលខ្លះ​​នាំមកនូវ​ឧបសគ្គ ដូច្នេះ​អ្នកក៏កែខៃ​ស្ថានការ និងព្យាយាម​ឱ្យហេតុផល​រឿងរ៉ាវអវិជ្ជមាន​ដែលកំពុងតែ​កើតឡើង​នោះ។ នៅពេល​អ្នក​ព្យាយាម​ឱ្យហេតុផល​រឿងរ៉ាវគ្រប់​យ៉ាង នេះជា​សញ្ញាបញ្ជាក់ថា កំពុងតែមាន​បញ្ហាហើយ។ បទពិសោធន៍​អវិជ្ជមាន​ជាសញ្ញាព្រមានថា មានអ្វីមួយខុស​ប្រក្រតី។ អ្នកត្រូវមើល​រឿងរ៉ាវអវិជ្ជមាន​ឱ្យជាក់និងប្រើប្រាស់​វានៅពេលដែលត្រូវ​បណ្តោយទៅ​តាមពេលវេលា​។ បើអោបក្រសោប​រឿងរ៉ាវអវិជ្ជមាន​ទុកច្រើន​ពេក វានឹងអូស​ទាញអ្នក​ទម្លាក់ក្នុងបរាជ័យ​ទៅវិញ។

 

៣/ វាមិនអាច​ជួយអ្នកឱ្យទៅមុខបានទេ

ដើម្បីពង្រីក​មុខជំនួញ​មួយ ឬដើម្បី​ក្លាយខ្លួន​ជាសហគ្រិន​ជោគជ័យ​មួយរូប អ្នកត្រូវការ​ភាពរីក​ចម្រើន ​និង​ចលនា​។ កិច្ចការ​ដែលអ្នក​ចំណាយ​ពេលធ្វើ​រាល់​ថ្ងៃ​គួរតែជួយ​អ្នក​ឱ្យខិតទៅ​កាន់តែជិត​គោលដៅ​របស់អ្នក។ ប្រសិន​បើអ្នកជួបតែ​ការប្រយុទ្ធតស៊ូ អ្នកមិន​អាចទៅ​មុខបាន​ទេ។ ហើយប្រសិន​បើអ្នកបង្កើត​លេសជា​បន្តបន្ទាប់ អ្នក​ក៏មិន​អាចទៅ​មុខបាន​ដែរ។ បើអ្វីដែលអ្នក​កំពុងតែព្យាយាម​ប្រកាន់ខ្ជាប់​នោះមិនអាច​ជួយ​អ្វីបានទេ អ្នកត្រូវតែ​ប្រលែងវាចោល។

 

៤/ អ្នកខាតបង់ពេលវេលា និងកម្លាំងកាយចិត្ត

អ្នកចូលប្រលូក​ក្នុងមុខជំនួញ​ដោយសារហេតុផល​អ្វីម្យ៉ាង។ ជីវិតរាល់​ថ្ងៃរបស់​សហគ្រិន​មិនមែនសុទ្ធតែ​ពោពេញដោយរឿង​រំភើបនោះទេ ប៉ុន្តែ​អ្វីដែលអ្នក​​ធ្វើគួរតែ​ជាកិច្ចការ​ដែលរំភើប។ ប្រសិនបើអ្នក​ជួបតែរឿង​ដែលធ្វើ​ឱ្យមិនសប្បាយ​ចិត្តរាល់ថ្ងៃ មានន័យថា ដល់ពេល​អ្នកភ្ញាក់​ពីដំណេក​ហើយ។ នៅពេលអ្នកមាន​អារម្មណ៍ថា កំពុងតែ​អូសទាញ​ទម្ងន់អ្វីម្យ៉ាង និងភ័យខ្លាច​ចំពោះកិច្ចការ​ដែលអ្នកត្រូវ​ធ្វើនោះ វានឹង​ស៊ីកម្លាំង​កាយចិត្ត​របស់អ្នក ដែល​ធ្វើឱ្យ​​ខាតបង់​ធនធានដ៏​មានតម្លៃ​បំផុតរបស់​អ្នក​គឺ​ពេលវេលា។ អ្នកត្រូវតែ​បោះបង់ចោលអ្វីៗ​ទាំងអស់​ដែល​ធ្វើឱ្យខាតបង់​ពេលវេលា​របស់អ្នក៕

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));