បច្ចេកវិទ្យា |

Faraday Future បង្ហាញឡានអេឡិចត្រូនិចលឿនបំផុតរបស់ពិភពលោក (វីដេអូ)

ឡាន​ទី​មួយ​របស់ Faraday Future ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ត្រួសៗ​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ គឺ​ជា​ឡាន​ដែល​មាន​សមត្ថភាព​បើក​ដោយ​ស្វ័យប្រវត្តិ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា ទំនើប​ឆ្ងាយ​ពី​ឡាន​របស់​ដៃគូ​ប្រកួតប្រជែង Tesla។

Faraday Future ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​២​ឆ្នាំ​មុន បាន​និយាយ​ថា ឡាន FF91 របស់​ខ្លួន​គឺ​ជា​ឡាន​អេឡិចត្រូនិច​លឿន​បំផុត​នៅ​ក្នុង​ទីផ្សារ​។

 

 

ខណៈ​ដែល​ឡាន​ដ៏​ទំនើប​នេះ​បំពាក់មក​ជាមួយ​នូវ​សមត្ថភាព​បើក និង​ចត​ដោយ​ស្វ័យ​ប្រវត្ត វា​អាច​អោយ​ម្ចាស់​ឡាន​កំណត់​កន្លែង​ឡាន​មក​ទទួល​ដោយ​ប្រើ app ដោយ​ផ្អែក​ទៅ​លើ​ការ​កំណត់​លើ​ឡាន​បើក​ដោយ​ស្វ័យ​ប្រវត្តិ​តាម​តំបន់។

ដោយ​បាន​បើក​ដំណើរការ​២​ឆ្នាំ​កន្លះ​មក​ហើយ ក្រុមហ៊ុន​បរាជ័យ​ក្នុង​ការ​បញ្ចេញ​នូវ​អ្វី​ដែល​ជា​មហិច្ឆតា​ខ្លួន​បាន​សន្យា។ ក្រុមការងារ​ដែល​មាន​គ្នា​ជាង​១០០០​នាក់ ដែល​រាប់​បញ្ចូល​ទាំង​អតីត​សមាជិក​របស់ Tesla, Apple, Google, BMW និង Nasa នឹង​មាន​ក្ដី​សង្សឹម​ពី​ការ​ប្រកាស​ជោគជ័យរបស់​ខ្លួន។

 

 

ប៉ុន្តែ​មាន​មតិរិះគន់​ថា Faraday Future ដែល​ត្រូវ​បាន​ផ្ដល់​ហិរញ្ញវត្ថុ​ដោយ​មហាសេដ្ឋី​ចិន Jia Yueting អាច​មើល​រំលង​ការ​ចំណាយលើស និង​ការ​គ្រប់គ្រង​បញ្ហា​របស់​ខ្លួន។

នៅ​ត្រឹម​ប៉ុន្មាន​សប្ដាហ៍​មុន​ពេល​ប្រកាស​ផលិតផល​នេះ អ្នកគ្រប់គ្រង​កំពូល​២​រូប​បាន​ចាក​ចេញ​ពីក្រុមហ៊ុន​ បន្ទាប់​ពី​មាន​ការ​លាឈប់​៦​នាក់​កាល​ពី​ប៉ុន្មាន​ខែ​​មុន​នេះ។ ហើយ​នៅ​ក្នុង​ខែ​វិច្ឆិកា​ក្រុមហ៊ុន​បាន​បញ្ឈប់​ដំណើរការ​រោងចក្រ​តម្លៃ​១​ពាន់​លាន​នៅ ឡាស វីហ្គាស ដោយ​មាន​ការ​រាយការណ៍​ថា ដោយ​សារ​បញ្ហា​បំណុល​រាប់​សិប​លាន​ដុល្លារ។ 

 

រថយន្ត​ដ៏​ទំនើប​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​អំឡុង​ឆ្នាំ​២០១៨ ហើយ​ពេល​នេះ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​មុន​ក្នុង​តម្លៃបង់​មុន​​៥០០០​ដុល្លារ។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯកម្មវិធី Consumer Electronics ប្រចាំ​ឆ្នាំ​នៅ ឡាស វីហ្គាស ដែល​ក្រុមហ៊ុន​យក្ស​ផលិត​ឡាន​ផ្សេង​ទៀត​ដូច​ជា BMW, Volkswagen និង Toyota ក៏​ចូល​រួម៕

 

 

 

 

ប្រែសម្រួល៖ សិដ្ឋ

ប្រភព៖ Theverge

 

មតិយោបល់