ជីវិត | January 10, 2017

៥ជំហានដើម្បីសម្រេចបានជីវិតក្នុងក្តីសុបិន

មាន​មនុស្សមិន​ច្រើន​ទេដែល​សម្រេច​បានជីវិតដូច​ក្នុង​​ក្តីសុបិន។ មនុស្ស​ភាគច្រើន​បរាជ័យ​ដោយសារ​គេមិន​បាន​បង្កើត​រូបភាព​​ឱ្យច្បាស់​និងប្រាកដ​ថា​គេពិតជា​ចង់​ក្លាយទៅ​ជាអ្វី និងចង់​ធ្វើ​អ្វី​ឱ្យជាក់​។ បើគ្មានការកំណត់​ច្បាស់លាស់​ទេ មនុស្ស​យើង​​នឹងអណ្តែត​ដោយគ្មាន​គោលដៅ និងរស់នៅ​តាមរបៀបដែល​សង្គមរៀបចំឱ្យ​ជាជាងរស់នៅ​តាមរបៀប​ដែល​យើងចង់បាន។ ដើម្បីចាប់​ផ្តើមរស់​នៅ​ដោយមាន​គោលដៅ​យើងត្រូវ​៖

 

 

១/ បង្កើតរូបភាពអនាគតរបស់អ្នក

មនុស្សគ្រប់​​គ្នា​ដែលសម្រេច​បានក្តីស្រមៃ​ក្នុងលោក​នេះ​សុទ្ធ​តែបានចាប់​ផ្តើមឡើង​ដោយ​ទស្សនវិស័យ។ អ្នកត្រូវ​បង្កើតរូបភាព​​ដែលខ្លួនឯង​ចង់បាន មិនមែន​រូបភាពដូច​រាល់ថ្ងៃនេះ​ទេ។ គិតថាតើអ្នក​ចង់ក្លាយទៅ​ជានរណា​ម្នាក់ ចង់​ធ្វើអ្វី ឬចង់​បានអ្វី។ បន្ទាប់មក​​ត្រូវនឹកស្រមៃថា អ្វីៗដែលអ្នកចង់​បាននោះមានរូបរាង​ដូចម្តេច សំឡេង​ ក្លិន និងរស​ជាតិ​ដូចម្តេច។ ធ្វើយ៉ាងណា​បង្កើតរូបភាព​ដែលអ្នកចង់បាន​ឱ្យរស់រវើក​ដូចការពិត។

 

២/ ផ្តោតលើសក្តានុពលរបស់អ្នក

អ្វីៗក៏​ដោយ​ដែលអ្នកផ្តោត​ចិត្តលើនឹងរីក​ធំឡើង។ ដូច្នេះ​ហើយ អ្នកត្រូវ​​ផ្តោតចិត្ត​តែលើ​សក្តានុពល​របស់អ្នក និងចំណុច​ល្អៗក្នុងជីវិត ដោយព្រងើយ​កន្តើយចំពោះ​បញ្ហា​និងបទពិសោធន៍​អវិជ្ជមានដែល​ធ្លាប់ឆ្លងកាត់។ ការឃើញ​ដដែលៗធ្វើ​ឱ្យចិត្តរបស់អ្នក​ជឿជាក់ ដូច្នេះ​ពេលនេះ​អ្នកមើលឃើញអនាគត​របស់អ្នកហើយ អ្នកក៏​អាច​ជឿជាក់លើអនាគត​របស់អ្នកបាន​​ដែរ។ រូបភាពអនាគត​នោះ​នឹងក្លាយ​ជាចំណុចផ្តោត​ថ្មី ជាគោលដៅ​របស់អ្នក និងជា​ទិសដៅដែល​អ្នកត្រូវ​ទៅឱ្យ​ដល់ដែរ​។

 

៣/ ចាប់គោលដៅឱ្យជាប់

ភ្នែករបស់អ្នក​ត្រូវសំឡឹងមើល​តែគោលដៅបាន​ហើយ។ មិនត្រូវ​បណ្តោយ​ឱ្យ​បរិស្ថាន ជំនឿ​របស់មនុស្ស​ដទៃ ឬដែន​កំណត់នៃ​ជោគជ័យ​អតីតកាលមក​គ្របដណ្តប់លើ​​ការសម្រេចចិត្ត​របស់អ្នកឱ្យសោះ​។​ បើទោះជា​នៅក្នុងពេល​សង្ស័យ ឬកំពុងតែជួប​នឹងអ្វីដែលខុស​ការរំពឹងទុកក៏​ដោយ អ្នកត្រូវ​តែ​រក្សា​រូបភាព​អនាគត​ក្នុងចិត្ត​ជានិច្ច។ មិនត្រូវ​បោះបង់ចោល​ក្តីស្រមៃឡើយ​ ទោះជាជួបការ​លំបាក ឬឧបសគ្គ​អ្វីក៏ដោយ។

 

៤/ ដើរតាមទិសដៅនៃទស្សនវិស័យរបស់អ្នក

ពេលនេះអ្នក​ដឹងថាខ្លួនឯង​កំពុងតែទៅ​ណាហើយ និងយល់ច្បាស់​ថាខ្លួនឯងកំពុង​តែចង់ក្លាយ​ជា​អ្វីហើយដែរ ដូច្នេះ​អ្នកត្រូវធ្វើ​សកម្មភាពរាល់​ថ្ងៃដើម្បីបោះជំហាន​ទៅរកគោលដៅនៃទស្សន​វិស័យរបស់អ្នក​​រហូតដល់​ដំណើរនោះ​ក្លាយជា​ដំណើរ​ស្វ័យប្រវត្តិ​។ អ្នកគ្រាន់តែ​គិតដល់ទស្សន​វិស័យរបស់អ្នកថា ជាគោល​ដៅរបស់អ្នក និងបោះជំហាន​ទៅរកគោលដៅ​នោះ។

 

៥/ ប្រែក្លាយជាមនុស្សដែលអ្នកចង់បាន

គ្រប់​សកម្មភាព ការគិត​ និង​ជំនឿចិត្ត​ នឹងដឹកនាំ​រូបអ្នក​ទៅដល់​គោលដៅ​ដែល​អ្នកបាន​គិតទុក​និង​ចង់បាន​តាំង​ពីដើម​រៀងមក។ ដូច្នេះពេលអ្នក​ទៅដល់ចំណុច​ដែលចង់បាន​ហើយ អ្នកគ្មាន​អ្វីត្រូវស្ទាក់ស្ទើរ​ទេ តែត្រូវ​រស់នៅក្នុង​ជីវិតដែលចង់​បាននោះដោយ​ភាពសុខសាន្ត។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Success Magazine

មតិយោបល់