គំនិតអាជីវកម្ម | January 10, 2017

មិនថាអ្នកស្រលាញ់ការងារ ឬមុខវិជ្ជាអ្វីនោះទេ ជំនាញទាំង១៣នេះអ្នកគួរតែរៀននៅក្នុងវ័យ២០ឆ្នាំ

ក្នុងវ័យ២០ឆ្នាំ អាចជាពេលវេលាដ៏ច្របូកច្របល់មួយសម្រាប់យុវវ័យ។ វាគឺជាពេលវេលាដែលអ្នកចាប់ផ្តើមមានទំនួលខុស ត្រូវចំពោះខ្លួនឯង​ ក្រុមគ្រួសារ និង សង្គមទាំងមូល។ នៅក្នុងវ័យនេះ អ្នកអាចនឹងជួបប្រទះនូវរឿងរ៉ាវថ្មីៗជាច្រើន ហើយអ្នក ប្រហែលជាមិនទាន់ដឹងថា តើអ្នកគួរត្រៀមខ្លួនបែបណាដើម្បីប្រឈមមុខនឹងរឿងទាំងអស់នោះ។

 

 

ខាងក្រោមនេះ គឺជាសម្រង់គំនិតល្អៗស្តីពីជំនាញជីវិត ផ្តល់ដោយអ្នកប្រើប្រាស់គេហទំព័រ Quora (គេហទំព័រ សំនួរ-ចំលើយ) ដែលអ្នកគួរតែរៀនអោយចេះ ដើម្បីក្លាយខ្លួនជាមនុស្សពេញវ័យដ៏រឹងមាំ និងឆ្លាតវ័យម្នាក់៖

 

១. រៀនចេះស្មោះត្រង់

នៅពេលដែលអ្នកមកយឺត ក្នុងការណាត់ជួបមួយ អ្នកអាចនឹងបន្ទោសលើបញ្ហាស្ទះចរាចរណ៍ ឬយានយន្តខូចជាដើម។ តែលោក Michael Hoffman បានណែនាំថា “គ្រាន់តែនិយាយសូមទោសមួយម៉ាត  អ្នកមិនចាំបាច់រៀបរាប់មូលហេតុ ក្បោះក្បាយនោះទេ។ និយាយថា”ខ្ញុំត្រៀមខ្លួនមិនបានល្អ” ស្តាប់ទៅ វាល្អជាងការដែលអ្នកយកភាពស្មោះត្រង់របស់អ្នកទៅ ប្រថុយប្រថាននឹងការទម្លាក់កំហុសទៅលើចរាចរណ៍ដែលមិនដឹងអី រាប់រយដង។”

 

២. រៀនទទួលយកពាក្យរិះគន់

គ្មាននរណាម្នាក់ចូលចិត្តអោយគេថាខ្លួនធ្វើខុស ឬត្រូវធ្វើនេះធ្វើនោះទើបល្អប្រសើរនោះទេ។ ប៉ុន្តែ “ដើម្បីជោគជ័យក្នុងជីវិត អ្នកគួរតែទទួលយកការរិះគន់ និងចេះឆ្លើយតបទៅវិញដោយសន្តិវិធី និងមិនត្រូវគិតស្អប់មនុស្សដែលសម្លឹងឃើញកំហុស របស់អ្នកឡើយ” នេះបើតាមលោក Abhinav Gupta។

 

៣. រៀនពីរបៀបចាប់ផ្តើមការសន្ទនាដែលគួរអោយចាប់អារម្មណ៍

លោក Deepak Mehta បានសរសេរថា “ការបង្កើតការសន្ទនា គឺជាជំនាញដ៏សំខាន់បំផុត”។ ចំពោះបុគ្គលណាដែល ទទួលស្គាល់ខ្លួនឯងថាជាប្រភេទមនុស្សខ្មាសអៀនច្រើន តែងតែមានការពិបាកខ្លាំងក្នុងការរៀនជំនាញនេះ។ ប៉ុន្តែបទ ពិសោធន៍ជីវិត បានបង្រៀនលោកថាប្រសិនបើអ្នកហ៊ានចាប់ផ្តើមការពិភាក្សាជាមួយមនុស្សណាម្នាក់ដែលអង្គុយក្បែរអ្នក ចុងក្រោយអ្នកអាចមានឪកាសស្គាល់ មិត្តភ័ក្តថ្មី ឬបណ្តាញមុខជំនួញថ្មីៗជាដើម។ អ្នកអាចចាប់ផ្តើមដោយប្រើប្រយោគ ខ្លីៗ សាមញ្ញៗ ឬប្រភេទសំនួរបើក-បិទ ។ល។

 

៤. រៀនសុំអ្វីដែលអ្នកចង់បាន

“ការហ៊ានសុំគឺជាជំនាញដែលងាយស្រួលជាងគេបំផុត ក្នុងការចាប់ផ្តើមមុខរបររបស់អ្នក។” បើអ្នកមិនក្លាហានគ្រប់គ្រាន់ ក្នុងការស្នើសុំតំឡើងប្រាក់ខែ តំឡើងតួនាទី ឬចរចារផលចំណេញនៃការលក់ផ្សេងៗ អ្នកនឹងមិនមានឪកាសទទួលបាន របស់អស់ទាំងនោះទេ។ ប្រសិនជាការស្នើសុំរបស់អ្វីដែលអ្នកចង់បាន ធ្វើអោយអ្នកមានអារម្មណ៍ភិតភ័យ ចូរសាកល្បង អនុវត្តទៅលើរឿងផ្សេងដែលងាយៗ ដូចជាការសុំអោយអ្នកលក់បញ្ចុះតំលៃទំនិញជាដើម។ នៅពេលដែលអ្នកដាក់ខ្លួន ឯងក្នុងស្ថានភាពតានតឹង កាន់តែញឹកញាប់ប៉ុណ្ណា អ្នកនឹងកាន់តែឆាប់គិតឃើញថា វាមិនពិបាកខ្លាំងពេកនោះទេ។

 

៥. រៀនរក្សាពាក្យសន្យារបស់អ្នក

ប្រហែលជាអ្នកធ្លាប់ប្រាប់មិត្តភ័ក្តថា អ្នកនឹងទៅចូលរួមជប់លៀងខួបកំណើតរបស់គេ ឬក៏អ្នកបាន សន្យាជាមួយប្រធាន របស់អ្នក ថានឹងបញ្ចប់កិច្ចការដែលគាត់ដាក់អោយធ្វើបន្ថែម។ មិនថាក្នុងស្ថានភាពបែបណា អ្នកគួរតែគោរពពាក្យសម្តី របស់អ្នក។ “ការក្បត់សន្យា ធ្វើអោយមនុស្សបាត់បង់ ទំនុកចិត្ត និងលែងជឿជាក់លើអ្នក មិនថាពេលវេលាកន្លងផុតទៅយូរ ប៉ុណ្ណា ក៏ពិបាកនឹងស្តារទំនុកចិត្តនេះឡើងវិញដែរ។” – Hoffman

 

. រៀនពីរបៀបទំនាក់ទំនងដែលមានប្រសិទ្ធិភាព

មិនថាអ្នកមានវិជ្ជាជីវៈក្នុងផ្នែកណាទេ អ្នកតែងតែអាចរៀនពីវីធីសាស្ត្រកែលំអការនិយាយ និង ការសរសេររបស់អ្នកអោយ កាន់តែប្រសើរឡើង។ អ្នកអាចគិតស្វែងរកវីធីជំរុញខ្លួនឯង ពីរបៀបសរសេរអ៊ីម៉ែល ឬរបៀបរៀបចំអាក្បកិរិយានៅក្នុងអង្គ ប្រជុំ។ ឧទាហរណ៍៖ ពេលកំពុងប្រជុំ កុំព្យាយាមរក្សាភាពស្ងៀមស្ងាត់ ត្រូវហ៊ានបញ្ចេញយោបល់ ប្រសិនបើអ្នកមានគំនិត អ្វីដែលអាចចែករំលែកបាន។

 

៧. រៀនរស់នៅតាមលទ្ធភាពដែលអ្នកមាន

លោក Cho បានផ្តល់ដំបូន្នានដល់យុវជនវ័យក្មេងទាំងឡាយ អោយប្រយ័ត្នប្រយែងចំពោះការចាយវាយរបស់ពួកគេ។ “ភាពស្តុកស្តម្ភ ចាត់ទុកថាជារបស់អស្ចារ្យ ក្នុងករណីដែលអ្នកមាន លទ្ធភាពគ្រប់គ្រាន់តែប៉ុណ្ណោះ សូមកុំធ្វើជាទាសករ ស្វែងរកប្រាក់ ដើម្បីជីវភាពហ៊ឺហាមួយឆាវ នេះអោយសោះ។ រៀនរស់នៅបែបសាមញ្ញ ហើយសន្សំប្រាក់ទុក បន្ទាប់មកអ្នក នឹងមានសិទ្ធគ្រប់គ្រាន់ក្នុងការទិញរបស់លើកទឹកចិត្តខ្លួនឯង។”

 

៨. រៀនពីរបៀបប្រឈមមុខនឹងការបដិសេធ

មនុស្សជាច្រើនបានប្រើវ័យ២០ឆ្នាំរបស់ពួកគេ សាកល្បងបទពិសោធន៍ថ្មីៗ ទាំងការងារ និងដៃគូ ស្នេហា។ ពេលខ្លះការ សាកល្បងក៏បានជោគជ័យ ហើយពេលខ្លះក៏បរាជ័យ។ បើតាម Joe Choi នេះជាឪកាសល្អមួយ ដើម្បីរៀនពីរបៀប ប្រឈមមុខនឹងការបដិសេធ។ គាត់និយាយថា “វាគឺជាថ្នាំល្វីងដែលពិបាកលេប ប៉ុន្តែអ្នកត្រូវគិតថាការត្រូវគេបដិសេធ គឺជារឿងធម្មតា។ វាពិតជាពិបាកធ្វើចិត្ត តែអ្វីដែលសំខាន់ គឺវាមិនមែនជាទីបញ្ចប់នៃពិភពលោកនោះទេ។ ដូចនេះ សូមកុំ បាក់ទឹកចិត្ត ត្រូវងើបមុខឡើង ហើយបន្តដំណើរទៅមុខទៀត។”

 

៩. រៀនទទួលយកការផ្លាស់ប្តូរដែលអាចនឹងកើតឡើងដោយចៃដន្យ

យោងតាមការស្រាវជ្រាវរបស់អ្នកចិត្តសាស្ត្រ Dan Gilbert បានលើកឡើងថា មនុស្សយើងមានការពិបាក នៅពេលគិតពី ការផ្លាស់ប្តូររបស់ខ្លួននៅពេលអនាគត។ ពុំមាននរណាម្នាក់អាចដឹងច្បាស់ថានឹងមានអ្វីកើតឡើងនាពេលខាងមុខឡើយ បើទោះជាអ្នកខ្លះបានរៀបចំគម្រោងសំរាប់ជីវិតរួចហើយក៏ដោយ។ ត្រូវត្រៀមខ្លួនជាស្រេច សំរាប់រឿងភ្ញាក់ផ្អើល ដែលអាច នឹងកើតមានក្នុងជីវិតរបស់អ្នក។

 

១០. រៀនធ្វើការសម្រេចចិត្ត

ការសម្រេចចិត្តធ្វើអ្វីមួយ ឬជ្រើសយកអ្វីមួយ មិនមែនជារឿងងាយស្រួលនោះទេ។ អ្នកអាចនឹងសម្រេចចិត្តខុស ប្រសិនបើ អ្នកមិនចេះវិភាគលើពត៌មានដែលអ្នកទទួលបាន។ អ្នកគួរស្វែងរកប្រភពពត៌មានអោយបានច្រើនតាមដែរអាច ទៅរួចមុន នឹងធ្វើការសម្រេចចិត្តអ្វីមួយ។

 

១១. រៀនលក់ខ្លួនឯង

ជំនាញលក់ មិនមែនសម្រាប់តែអ្នកជំនាញផ្នែកលក់នោះទេ។

ការលក់ខ្លួនឯងនៅទីនេះ គឺសំដៅទៅលើការចេះទាក់ទាញ និងបង្ហាញពីភាពលេចធ្លោ គួរជាទីចង់បានពីបុគ្គលគោល- ដៅ។ “សមត្ថភាពក្នុងការលក់ខ្លួនឯងទៅអោយអ្នកដទៃ គឺជាជំនាញដ៏ពិសេសមួយក្នុងជីវិត។ នៅក្នុងកិច្ចការ ជំនួញនានា  អ្នកត្រូវលក់ខ្លួនឯងអោយទៅអតិថិជន និងនិយោជកដែលមានសក្តានុពល។ ដូចគ្នានឹងការស្វែងរកដៃគូជីវិតដែរ អ្នកត្រូវ ចេះលក់ខ្លួនឯងអោយទៅមនុស្សម្នាក់ និងបង្ហាញពីផលប្រយោជន៍នៃវត្តមានដ៏សំខាន់របស់អ្នកនៅក្នុងជីវិតរបស់គេ។” –Lukas Schwekendiek.

 

១២. រៀនធ្វើជាអ្នកស្តាប់

លោក M. Malhan បានសរសេរថា៖ “បណ្តុះបណ្តាលខ្លួនឯងអោយក្លាយជាអ្នកស្តាប់ដ៏ល្អ​ម្នាក់ នោះអ្នកនឹងអាចធ្វើការ ប្រស្រ័យទាក់ទងជាមួយអ្នកដទៃកាន់តែមានប្រសិទ្ធិភាព ហើយអ្នកក៏ អាចនឹងទំនាក់ទំនងស្នេហាល្អប្រសើរក្នុងជីវិត។”

 

១៣. រៀនចេះអត់ធ្មត់

មានកិច្ចការមួយចំនួន មិនអាចធ្វើទាំងតក់ក្រហល់នោះទេ អ្នកត្រូវរៀនចេះអត់ធ្មត់សង្កត់ចិត្ត។ Steve Kobrin បាន សរសេរថា “ធម្មតា របស់ល្អមិនកើតមានឡើងទាំងយប់នោះទេ វាត្រូវចំណាយពេលយូរបន្តិច ព្រោះវាត្រូវឆ្លងកាត់ការងារ ជាច្រើន ការគិតជាច្រើន ការសាកល្បង និងកំហុសច្រើនលើកច្រើនសារ ហើយនេះជាពេលវេលាដែលអ្នកអាច រៀនសូត្រ ពីកំហុសរបស់អ្នកផងដែរ។

អានទៅ ហាក់បីដូចជាមុខជំនាញងាយៗ ដែលអ្នកអាចធ្វើបានដោយមិនបាច់ខំប្រឹង ប៉ុន្តែជំនាញទាំងនេះ ត្រូវការពេល វេលា និងការអនុវត្តផ្ទាល់ច្រើនលើកច្រើនសារ ទៅតាមស្ថានភាពជីវិតរបស់មនុស្សម្នាក់ៗ។

សង្ឃឹមថាអ្នកទាំងអស់គ្នា សុទ្ធតែអាចក្លាយទៅជាអ្នកជំនាញជីវិតដ៏ប៉ិនប្រសប់ទៅចុះ៕

 

កែសម្រួល៖ បងកាហ្វេ

ប្រភព៖ businessinsider

 

មតិយោបល់

អត្ថបទពេញនិយម