គំនិតអាជីវកម្ម | January 09, 2017

រៀនតែទ្រឹស្ដីពិបាកសម្រេចការងារ ដូច្នេះរៀនពីគន្លឹះបំព្រួញគម្លាតនៃទ្រឹស្តីនិងទង្វើទៀត

ពេលអ្នកនិយាយថានឹងធ្វើអ្វីមួយ អ្នកត្រូវធ្វើឱ្យដូចអ្វីដែលអ្នកនិយាយ។ តើមានអ្វីនៅចន្លោះនៃការនិយាយនិងការអនុវត្ត? ក្នុងនាមជាមេដឹកនាំល្អ បើអ្នកធ្វើបានកាន់តែច្រើនដូចអ្វីដែលអ្នកប្តេជ្ញា មនុស្សក្រោមបង្គាប់នឹងកាន់តែគោរពស្រឡាញ់ ហើយពេញចិត្តនិងយកគំរូតាមជាក់ជាមិនខាន។

 

 

គម្លាតនៃទ្រឹស្តីនិងទង្វើមានអ្វីអាក្រក់?

អ្នកគ្រប់គ្រងមិនល្អជាច្រើននាក់បានត្រឹមតែនិយាយនិងបញ្ជាគេទេ ដោយអះអាងក្នុងអង្គប្រជុំថាគេនឹងធ្វើកិច្ចការនេះ ឬកិច្ចការនោះ ប៉ុន្តែមិនដែលបានបង្ហាញលទ្ធផលជាក់ស្តែងឡើយ។ បើបុគ្គលិកក្រោមបង្គាប់អ្នកមិនអាចទុកចិត្ត​អ្នកហើយ គេនឹងមិនមានភាពស្មោះត្រង់​ចំពោះអ្នកឡើយ។ ក្រុមហ៊ុនណាដែលមានចន្លោះកាន់តែធំនៃទ្រឹស្តីនិងទង្វើ ក្រុមហ៊ុននោះមិនសូវមានបរិស្ថានការងារល្អទេ ហើយការងារក៏មិនសូវសម្រេចបាន​ធំដុំអ្វីដែរ។

 

អ្នកដឹកនាំមួយចំនួនដែលជួបបញ្ហាតែងតែរត់រកជំនួយប្រឹក្សាពីក្រុមមនុស្សដែលគេទុកចិត្ត ឬពីអ្នកជំនាញ។ ប៉ុន្តែក្រោយពេលបានស្តាប់យោបល់និងការណែនាំរួចហើយ គេមិនដែលអនុវត្តតាមដើម្បីដោះស្រាយបញ្ហាឡើយ។ ហើយអ្វីដែលកាន់តែអាក្រក់​ជាងនេះទៅទៀតនោះ គឺគេនិយាយថាគេកំពុងតែធ្វើតាមការណែនាំទាំងនោះហើយ ប៉ុន្តែជាក់ស្តែងគេគ្មានបំណងអនុវត្តទាល់តែសោះ។ អាចមានហេតុផលជាច្រើនដូចជាបញ្ហាហិរញ្ញវត្ថុ បញ្ហាតំណែង បញ្ហាអំណាច ដែលធ្វើឱ្យមានភាពស្ទាក់ស្ទើរក្នុងការអនុវត្តតាមការណែនាំរបស់អ្នកជំនាញ។ ប៉ុន្តែទោះជាមានហេតុផលអ្វីក៏ដោយ បើគ្មានសកម្មភាពដើម្បីរុញច្រានក្បាលម៉ាស៊ីនក្រុមហ៊ុនឱ្យទៅមុខទេ ក្រុមការងារទាំងអស់​នឹង​ខកចិត្ត ហើយមានតែការខាតបង់កាន់តែធំនៅរង់ចាំក្នុងពេលខាងមុខ។

 

តើអ្នកអាចធ្វើអ្វីបានដើម្បីចេញពីភាពទាល់ច្រក?

អ្នកត្រូវវិភាគនិងពិនិត្យវាយតម្លៃខ្លួនឯងដោយភាពស្មោះត្រង់។ គិតរកមើលថាតើអ្នកបានសន្យាប៉ុន្មានដងថានឹងធ្វើអ្វីមួយ? ហើយប្រៀបធៀបចំនួននៃការសន្យាទាំងនោះនិងការអនុវត្តជាក់ស្តែង។ ប្រសិនបើអ្នករកឃើញថាខ្លួនឯងធ្វើតាមការសន្យាបានជិត១០០% មានន័យថាអ្នកជាមេដឹកនាំល្អម្នាក់ ប៉ុន្តែបើអ្នកធ្វើបានត្រឹមតែ៨០ ឬ៥០%ទេ អ្នកកំពុងតែបំផ្លាញកេរ្តិ៍និងទំនុកចិត្តក្នុងភាពជាអ្នកដឹកនាំ។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

 

មតិយោបល់

អត្ថបទពេញនិយម