ជីវិត |

នរណាក៏មានទម្លាប់មិនល្អដែរ ប៉ុន្តែសំខាន់យើងដឹងពីវិធីលុបបំបាត់ទម្លាប់មិនល្អចេញពីខ្លួនឬទេ

មនុស្សយើងទាំងអស់គ្នាបង្កើតទម្លាប់អាក្រក់បន្តិចម្តងៗដោយមិនដឹងខ្លួន។ ពេលនេះអ្នកគួរតែបំបាក់ទម្លាប់មិនល្អចេញ និងព្យាយាមបង្កើតទម្លាប់ល្អៗ​មកជំនួសវិញដើម្បីជួយអ្នកឱ្យដើរទៅរក​ជោគជ័យកាន់តែច្រើន​ក្នុងជីវិត។ វិធីទាំង​៦ខាងក្រោមនេះជាមធ្យោបាយដែល​អ្នកជំនាញណែនាំ​៖

 

 

១/ ឈប់នៅតែឯង

បើអ្នក​មានទម្លាប់​មិនល្អដែល​ធ្វើឱ្យប៉ះពាល់ដល់​ផលិតភាពនៃការងារឬជីវិតខ្លួន​ឯង អ្នកគួរតែប្រាប់មនុស្សណាម្នាក់ដែលអាចទុកចិត្តបាន។ បន្ទាប់មកអ្នកត្រូវរាយការណ៍គ្រប់ដំណាក់កាលនៃការរីកចម្រើនរបស់អ្នក។ ជោគជ័យបន្តិចម្តងៗ​អាចបង្កើតបានជាជោគជ័យធំនៅក្នុងពេលខាងមុខ។

 

២/ បាត់បង់សមត្ថភាពកំណត់អាទិភាពការងារ

បើអ្នកកំពុងតែជួបបញ្ហានេះ អ្នកនឹងយល់ថាខ្លួនឯងរែកពុនបន្ទុកការងារ​ដ៏ច្រើនមិនដឹងថាត្រូវធ្វើការងារ​ណាមួយមុន។ អ្នកគួរតែព្យាយាម​ធ្វើកិច្ចការធំៗនិងលំបាកៗនៅពេលព្រឹក ជាពេលដែលអ្នកមាន​កម្លាំងនិងភាពស្វាហាប់​ច្រើន ហើយទុកកិច្ចការតូចៗបង្ហើយតាមក្រោយ​។ ដើម្បី​ជៀសវាងពីបញ្ហាមិនដឹងថាត្រូវធ្វើកិច្ចការមុន អ្នកគួរចំណាយពេល១០នាទីមុនពេលសម្រាកពីការងារដើម្បីគិតទុកជាមុនសម្រាប់ថ្ងៃបន្ទាប់។

 

៣/ ឈប់ប្រើប្រាស់ការភ័យខ្លាចជាកត្តាជំរុញចិត្ត

មនុស្សភាគច្រើនយល់​ឃើញថាការភ័យខ្លាចជាកត្តាជំរុញចិត្តគេឱ្យធ្វើការ គឺខ្លាចធ្វើការងារមិនល្អ ខ្លាចបរាជ័យ និងខ្លាចចូលជំនុំគេមិនចុះជាដើម។ ប៉ុន្តែតាមពិត​ការភ័យខ្លាចនឹងធ្វើឱ្យអ្នកបាត់បង់​ទំនុកចិត្តនិងភាពស្វាហាប់ក្នុងការងារទៅវិញទេ។ ថ្នាំកែរោគភ័យខ្លាចគឺការរៀបចំផែនការណ៍ឱ្យច្បាស់លាស់។ អ្នកគួរតែចាប់ផ្តើមកត់ត្រា​កិច្ចការណាខ្លះដែលត្រូវធ្វើ និងកិច្ចការណាខ្លះដែលចង់ធ្វើ ព្រមទាំងជំហានមួយៗដើម្បីធ្វើកិច្ចការទាំងអស់នោះ។ មធ្យោបាយល្អបំផុតដើម្បីធ្វើកិច្ចការធំៗឱ្យបានជោគជ័យគឺត្រូវបំបែកវាទៅជាការងារតូចៗហើយធ្វើម្តងមួយផ្នែកៗ។

 

៤/ ឈប់​អូសបន្លាយពេលវេលា

បើអ្នកមិនដឹងថាអ្នកមានទម្លាប់ធ្វើការមិនល្អដូចម្តេចខ្លះ អ្នកគួរតែពិនិត្យនិងវាយតម្លៃស្នាដៃដែលបានធ្វើមកក្នុងពេលកន្លងមក។ បន្ទាប់មក អ្នកគួរតែសួរមិត្តរួមការងារណាម្នាក់ដែលអាចទុកចិត្តបានអំពីទម្លាប់មិនល្អដូចម្តេចខ្លះដែលអ្នកមាន។ ក្រោយពេលរកឃើញ​ទម្លាប់ការងារមិនល្អហើយ អ្នកត្រូវស្វែងរក​មនុស្ស​ដែល​ធ្លាប់ឆ្លងកាត់និងទទួលបានជោគជ័យក្នុងការបំបាក់ទម្លាប់អាក្រក់​ដើម្បីជួយ។

 

៥​/ ស្វែងរកតុល្យភាពរវាង​ទំនុកចិត្តនិងអំនួត

ពេលខ្លះ​គេច្រឡំទំនុកចិត្ត​ជាភាពក្រអើតក្រទម។ ចំណុចទាំងពីរ​មានមើល​តាមសម្បកក្រៅស្រដៀងគ្នា ប៉ុន្តែវាជាធាតុពីរផ្ទុយគ្នាដាច់។ គន្លឹះបែងចែកចំណុចទាំងពីរនេះគឺមូលដ្ឋានរបស់វា។ ទំនុកចិត្តមានមូលដ្ឋានលើបទពិសោធន៍​និងជំនាញ ចំណែក​អំនួតវិញ​គ្មានមូលដ្ឋានលើអ្វីទាំងអស់ក្រៅតែពីការព្យាយាម​បង្ហាញថាខ្លួនឯងអស្ចារ្យ។ ដើម្បី​ដឹងច្បាស់​ អ្នកត្រូ​វសរសេររៀបរាប់​អារម្មណ៍ខ្លួនឯងថាមានចំណុចមួយណាច្រើនជាង និងបញ្ជាក់មូលហេតុផង ហើយត្រូវរកមធ្យោបាយបង្កើតតុល្យភាពចំណុចពីរនេះឱ្យបាន។

 

៦/ ជឿជាក់លើខ្លួនឯង

អ្នកមិនត្រូវស្តាប់​នរណាម្នាក់ដែលនិយាយប្រាប់ថាអ្នកមិនអាចធ្វើកិច្ចការនេះ​ឬកិច្ចការនោះកើតទេ។ អ្នកត្រូវតែតាំងចិត្តសាកល្បងធ្វើកិច្ចការទាំងអស់ដែលអ្នកចង់ធ្វើ បើខ្វះខាត​ជំនាញត្រូវទៅរករៀនបន្ថែម។ ប៉ុន្តែត្រូវចងចាំថាមិនត្រូវបណ្តោយខ្លួន​ឱ្យជឿតាមការអូសទាញរបស់នរណាម្នាក់ដែលនិយាយថាកិច្ចការនេះពិបាកពេកមិនអាចធ្វើបាន ឬទៅមិនរួចនោះទេ។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Success Magazine

 

មតិយោបល់