គំនិតអាជីវកម្ម | September 28, 2016

រឿង ១០ យ៉ាង​ដែល​មនុស្ស​ជោគជ័យ​មិន​ធ្វើ​ឡើង​វិញ

មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​បង្កើតកំហុស​។​ ប៉ុន្តែ​មនុស្ស​ដែល​ចេះ​រៀន​ពីកំហុស​គឺជាមនុស្ស​ជោគជ័យ។​ ទោះ​បីជីវិត​នេះពោពេញ​ដោយ​មេរៀន​យ៉ាង​ច្រើន​ ក៏​អ្នក​ជំនាញ​សង្កេតឃើញ​ថា មាន​រឿង​១០​យ៉ាង​ដែល​មនុស្ស​ជោគជ័យ​ជួប​ប្រទះ​ហើយ​មិន​ធ្វើ​ឡើង​វិញ​៖

 

 

១/ ត្រឡប់ទៅធ្វើកិច្ចការដែលមិនផ្តល់ផ្លែផ្កា

ទោះ​បីជាការងារ​ ឬទំនាក់ទំនង​ក្នុងជីវិត​ក៏ដោយ ​មនុស្សយើង​មិនគួរ​ត្រឡប់​ទៅធ្វើ​រឿងដដែលៗ​ហើយ​រំពឹង​ចង់​បានលទ្ធផល​ផ្សេង​នោះ​ទេ​។

 

២/ ធ្វើរឿងដែលតម្រូវឱ្យខ្លួនគេត្រូវក្លាយជាមនុស្សដែលគេមិនចង់បាន

អ្វីៗ​ទាំង​អស់ដែល​យើងធ្វើ ​យើងត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​ហេតុ​អ្វីបាន​ជាខ្ញុំកំពុង​តែធ្វើ​រឿងនេះ​?​ តើ​វាសម​នឹងខ្ញុំ​ទេ?​ តើ​វា​មាននិរន្តរភាព​ទេ?​ ប្រសិន​ចម្លើយ​អវិជ្ជមាន​ចំពោះ​សំណួរ​ទាំងនេះ​ លោកអ្នក​មិនចាំបាច់​បន្ត​ធ្វើទៀត​ទេ។

 

៣/ ព្យាយាមកែប្រែនរណាម្នាក់

នៅ​ពេលលោក​អ្នកដឹងថា លោកអ្នក​មិនអាច​បង្ខំ​នរណា​ម្នាក់ឱ្យ​ធ្វើ​អ្វីម្យ៉ាង​បាន​ លោក​អ្នក​គួរ​ផ្តល់​សេរីភាព និង​បណ្តោយឱ្យគេ​ទទួល​យកលទ្ធផល​នៃ​ទង្វើ​របស់​គេចុះ​។ បើ​ធ្វើ​បែប​នេះបាន ​លោក​អ្នកក៏​ផ្តល់​សេរីភាព​ឱ្យខ្លួន​ឯងដែរ​។

 

៤/ ជឿថាគេអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នា

នៅ​ពេលលោក​អ្នក​ដឹងច្បាស់​ថា គ្មាន​នរណា​ម្នាក់​អាច​ផ្គាប់ចិត្ត​មនុស្សគ្រប់​គ្នា​បាន​ លោក​អ្នក​ចាប់ផ្តើម​រស់​នៅ​មានគោល​ដៅច្បាស់លាស់​ ដោយ​ព្យាយាម​ផ្គាប់​ចិត្ត​តែ​មនុស្សដែល​ត្រូវផ្គាប់​ចិត្តប៉ុន​ណោះ។ 

 

៥/ ជ្រើសរើសភាពសុខស្រួលរយៈពេលខ្លីជាជាងប្រយោជន៍យូរអង្វែង

នៅ​ពេលមនុស្សជោគជ័យ​ដឹងថា គេចង់​បានអ្វី​មួយ​ដែល​ត្រូវ​​ភាព​អំណត់​អត់ធ្មត់​ គេមិន​ខ្វល់​នឹង​ភាព​លំបាក​ដែលត្រូវ​វិនិយោគ​នោះ​ទេ​ ព្រោះ​វា​នឹងផ្តល់​មក​វិញ​នូវ​ផលប្រយោជន៍​យូរអង្វែង​។

 

៦/ ជឿជាក់នរណាម្នាក់ ឬអ្វីម្យ៉ាងដែលហាក់ដូចជាត្រឹមត្រូវឥតខ្ចោះ

ជា​រឿង​ធម្មតា​ទេ​ មនុស្ស​យើង​មាន​ទំនោ​ទៅ​រក​អ្វីម្យ៉ាង​ឬ​នរណា​ម្នាក់​ដែល​មើល​ទៅ​អស្ចារ​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ ពិភពលោក​នេះគ្មាន​អ្វីល្អ​ឥតខ្ចោះ​នោះទេ។ ​គ្មាន​នរណា​ម្នាក់ ហើយ​ក៏គ្មាន​អ្វីមួយ​ដែលមិន​ចេះខុស​នោះទេ។​ ហើយប្រសិន​បើ​នរណាម្នាក់ ឬអ្វីម្យ៉ាង​មើល​ទៅដូច​ជា​ឥតខ្ចោះ​ពេក​ ត្រូវគិត​ឡើង​វិញ​មុន​នឹង​ទុក​ចិត្ត។

 

៧/ ដកចិត្តចេញពីគោលដៅធំ

មនុស្ស​យើង​ធ្វើ​ការ​បាន​ប្រសើរ​ក្នុងជីវិត​នៅ​ពេល​យើង​អាចមើល​ឃើញ​គោល​ដៅធំ។​ សម្រាប់​មនុស្ស​ជោគជ័យ​ គ្មាន​ព្រឹត្តិការណ៍​ណាមួយ​ត្រូវចាត់​ទុកថា ជាសាច់​រឿង​ទាំង​មូលនោះ​ទេ។​ អ្នកឈ្នះ​តែងតែ​ចង​ចាំ​ចំណុច​នេះ។

 

៨/ ព្រងើយកន្តើយ​មិនប្រឹងប្រែង

មិនខ្វល់​ថា សំបក​ក្រៅ​មើល​ទៅល្អក​ម្រិត​ណា​នោះ​ទេ​ លុះត្រា​តែមើល​ឱ្យ​ជ្រៅ ​និងប្រឹងប្រែង​ឱ្យ​ពិតប្រាកដ​ទើប​យើង​រកឃើញ​អ្វីដែល​យើង​ពិត​ជាត្រូវការ​ដឹង​ ពោល​គឺ​សច្ចភាព​ដែលយើង​ជំពាក់​ខ្លួន​យើង។

 

៩/ ខកខានសួរខ្លួនឯងថាហេតុអ្វីបានជាមកដល់ចំណុចនេះ

ចំណុច​ខុសគ្នា​ដ៏​ធំបំផុត​មួយ​រវាង​មនុស្ស​ជោគជ័យ​និង​មនុស្ស​ទូទៅ​គឺ មនុស្ស​ជោគជ័យ​តែងតែ​សួរ​ខ្លួន​ឯង​ថា​តើ​ខ្លួនខ្ញុំ​កំពុងតែ​ដើរ​តួជាអ្វី​ក្នុង​ស្ថានភាព​នេះ?​ បើ​និយាយ​មួយ​បែបទៀត​ គឺ​មនុស្ស​ជោគជ័យ​មិន​យល់ថា ខ្លួន​គេ​ត្រឹម​តែ​ជា​ជន​រងគ្រោះ​ទេ​ បើ​ទោះ​ជា​ការ​ពិត​គេ​ជា​ជន​រងគ្រោះ​មែន​ក៏​ដោយ។

 

១០/ ភ្លេចថាជីវិតខាងក្នុងជាកត្តាសម្រេចជោគជ័យខាងក្រៅ

ពេលខ្លះ​ជីវិត​រស់​នៅ​ល្អមិ​នសូវ​មានអ្វី​ពាក់ព័ន្ធ​នឹង​ស្ថានភាពខាងក្រៅ​ប៉ុន្មានទេ​។​ យើង​អាចរីករាយ​បា​ន​ និង​សម្រេច​ក្តីប្រាថ្នា​ភាគច្រើន​តាមរយៈ​អត្តចរិត​ និង​ផ្នត់គំនិត​ដែល​បង្កប់នៅ​ក្នុងខ្លួន​។ ហើយ​ជាង​នេះ​ទៅ​ទៀត​ ជីវិត​ខាង​ក្នុង​ចូល​រួមវិភាគទាន​យ៉ាង​ច្រើន​ក្នុង​ការ​បង្កើត​ស្ថានភាព​ខាង​ក្រៅ៕

 

ប្រែសម្រួល ៖វេហា

ប្រភព ៖ Success Magazine

 

មតិយោបល់