កម្សាន្ត | November 02, 2018

ក្រុមហ៊ុន CBL កសាងក្លោងទ្វារថ្មី និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក

 

រាជធានីភ្នំពេញ៖ កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា (CBL) ដែល​មាន​ផលិត​ស្រាបៀរ​ដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានរៀបចំ​ពិធី​សម្ពោធ​ក្លោងទ្វារ និង​របង​ថ្មីជូន​សាលា​បឋម​សិក្សា​ចុងព្រែក ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចុងព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពី លោក នេត សារ៉ែន ចៅ​សង្កាត់​ព្រែកឯង ​​​​លោក ហ៊ុយ វុទ្ធី​ នាយក​ផ្នែកទំនាក់​ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុន CBL លោក រាម ភឿន នាយក​សាលា​បឋម​សិក្សា​ចុង​ព្រែក ព្រមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន CBL ឳពុក​ម្តាយ​អាណាព្យាបាល លោកគ្រូ​​​អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​នៃសាលា​បឋម​សិក្សា​ចុង​ព្រែក ចំនួន​ ៣១៩នាក់ ។

 

 

ក្នុងឱកាស​នោះ លោក រាម ភឿន នាយក​សាលា​បឋម​សិក្សា​ចុងព្រែក បាន​លើក​ឡើងថា កន្លង​មក​សាលារៀន​បាន​ជួប​ប្រទះ​ផល​លំបាក​មួយ​ចំនួន ដូចជា ក្លោងទ្វារ​នេះ​មានសភាព​ទ្រុឌទ្រោម​គួរឲ្យព្រួយ​បារម្មណ៏ និង របង​មាន​កំពស់​ទាប​ងាយស្រួល​ឲ្យអ្នក​ទទៃ​ផ្លោះរបង​ចូល​បរិវេណ​សាលា ធ្វើ​ឲ្យពិបាក​ក្នុង​ការគ្រប់គ្រង​សំភារៈ​ផ្សេងៗ​ក្នុង​សាលា​និង​ថ្នាក់រៀន។

 

លោកនាយក​សាលា​ក៏បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​CBL ព្រមទាំង​បុគ្គលិក​ទាំងអស់ ដែល​បាន​ចំណាយ​ថវិកា រួមទាំង​កម្លាំង​កាយ​ចិត្ត ជួយ​កសាង​ក្លោងទ្វារថ្មី និង​របង​ថ្មីប្រវែង​៦៧​ម៉ែត្រ ជូន​សាលា​បឋម​សិក្សា​ចុង​ព្រែក ហើយ​លោក​ក៏ប្តេជ្ញា​ចិត្ត​នឹង​ការពារ​ថែរក្សា សម្មិទ្ធិផល​ទាំងនេះ​ឲ្យបាន​គង់​រង្ស ដើម្បី​បាន​ជាប្រយោជន៏​បន្ត​ដល់ក្មេងៗ​ជំនាន់​ក្រោយ​ទៀត។

 

 

ជាមួយគ្នា​នោះ​ដែរ​ លោក ហ៊ុយ វុទ្ធី នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុន CBL បាន​មាន​ប្រសាស​ន៍​ថា នេះជា​សាលារៀន​ទី៣ ដែល​ក្រុមហ៊ុន CBL និងបុគ្គលិក បាន​ជួយកែលំ​អរ​សោភ័ណ្ឌ និង​សុវត្ថិភាព​ឲ្យកាន់​ប្រសើរ ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​ផល​ពិបាក នានារបស់​សិស្សា​នុសិស្ស និង​ជម្រុញ​ទឹក​ចិត្ត​ពួក​គាត់ឲ្យផ្តោត​លើការ​សិក្សារបស់​ខ្លួន។

 

លោកបន្ថែម​ទៀត​ថា សិស្សា​នុសិស្ស​ក្នុង​ពេល​បច្ចុប្បន្ន នឹង​ក្លាយជា​អ្នកដឹក​នាំ​នាពេល​អនាគត ដូច្នេះ​ការអប់រំល្អ​នឹង​បណ្តុះបណ្តាល​បាន​ធនធាន​មនុស្ស​ដ៏ល្អ​ ហើយ​ធន​ធានមនុស្ស​ដ៏ល្អ​ នឹង​ជួញអភិវឌ្ឍ​សហគមន៏​របស់​យើង​ឲ្យកាន់​តែរីក​ចំរើន។

 

លោកក៏​សង្ឃឹមថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​និង​បុគ្គលិក នឹងជួយ​បង្កើន​សោភ័ណ្ឌភាព​ដល់​សាលា​រៀន ក៏​ដូចជា ផ្តល់​នូវភាព​កក់ក្តៅ និង​អារម្មណ៏​សុវត្ថិភាព​បន្ថែមទៀត ដល់ ឳពុក​ម្តាយ​អាណាព្យាបាល លោក​គ្រូ​អ្នកគ្រូ ជាពិសេស​សិស្សានុ​សិស្ស​ទាំង​អស់​ ហើយ​សង្ឃឹម​ប្អូនៗ​នឹង​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយ​ជាធន​ធាន​មនុស្ស​ដ៏ល្អ​ និង​ជួញអភិវឌ្ឍសហគមន៏​ឲ្យកាន់​តែ​ប្រសើរ​ឡើង​នាពេល​អនាគត។

 

    

គួររម្លឹក​ផងដែរថា នេះគឺ​ជាគម្រោង​កែលម្អ​សាលា​រៀន ​​ទីបី របស់ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា (CBL) បន្ទាប់​ពីបញ្ចប់​គម្រោង​កែលម្អ និង​ជួសជុល សាលា​វិទ្យាល័យ​ព្រែក​ឯង និង​សាលា​បឋម​សិក្សារ​បោះ​អង្កាញ់។  ក្រុមហ៊ុន CBL ដែល​ជាក្រុមហ៊ុន​ផលិត​ស្រាបៀរ​គុណភាព​លំដាប់​ពិភព​លោក​ដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែ​ចូលរួម​រាល់​សកម្មភាព​នានា​ក្នុង​ការអភិវឌ្ឍ​​សហគមន៍ និង​ផ្ដោត​ការ​​យក​ចិត្ដ​​ទុក​ដាក់​ជា​ពិ​សេស​​​លើ​​​ការប្រព្រឹត្ដខ្លួន​ជា​សហគ្រាស​​​​មួយ​ដែល​មាន​​ស្មារតី​​ទទួល​​ខុសត្រូវ​​ខ្ពស់​ចំពោះ​សង្គម​​​​ជាតិ។

 

មតិយោបល់

អត្ថបទពេញនិយម