បច្ចេកវិទ្យា | November 08, 2018

​LG ​ចុះ​ប៉ាតង់​ឌីហ្សាញ​ថ្មី​សម្រាប់​ស្មាតហ្វូន​ ដោយ​បង្កប់​កាមេរ៉ា Selfie ​ក្រោម​អេក្រង់ (under-display) ដើម្បី​ឱ្យ​សាច់​អេក្រង់​លាត​ពេញ​គែម​តែម្ដង

 

​ច្បាស់​ណាស់ នេះ​ជា​សម័យកាល​ប្រកួតប្រជែង​ទីផ្សារ​ស្មាតហ្វូន​ទំនើប ហើយ​មិន​មែន​មាន​តែ​ក្រុមហ៊ុន​មួយ ឬ​ពីរ​ទេ​ដែល​អាច​បង្កើត​អ្វី​ថ្មី​ប្លែក តែ​ក៏​នៅ​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ច្រើន​ទៀត​ដែល​អាច​ធ្វើ​បាន គ្រាន់តែ​មុន និង​ក្រោយ​ប៉ុណ្ណោះ។ មិនមែន​មាន​តែ Samsung ទេ​ដែល​មាន​គម្រោង​ផលិត​ចេញ​ស្មាតហ្វូន​អេក្រង់​ពេញ​គែម ដោយ​ប្ដូរ​ទីតាំង​កាមេរ៉ា​មុខ​លាក់​ក្រោម​អេក្រង់​នោះ ចំណែក​ប៉ាតង់​ថ្មី​របស់ LG ​នេះ​វិញ ល្មម​អាច​បញ្ជាក់​ជំហរ​ក្រុមហ៊ុន​ក្នុង​ការ​អភិវឌ្ឍ in-display front-facing camera ផង​ដែរ។

 

 

គេ​រំពឹង​ថា LG ​នឹង​ផលិត​ស្មាតហ្វូន​អេក្រង់​លាត​ពេញ​ផ្ទៃ​មុខ ដោយ​លែង​ប្រើ​ថ្ងាស​ឆក​សម្រាប់​កាមេរ៉ា​មុខ​ទៀត​ហើយ តែ​នឹង​ប្ដូរ​ទីតាំង selfie camera ​មក​នៅ​ក្រោម​អេក្រង់​វិញ។ ក្រុមហ៊ុន​ទូរស័ព្ទ​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​គេ​រំពឹង​ទៀត​ថា អាច​ប្រើ​រចនាបថ​ឌីហ្សាញ​ពីរ​ទម្រង់ មួយ​ជា​ស្មាតហ្វូណ​អេក្រង់​កោង​ឃុប​នៅ​ផ្នែក​គែម curved edge ​ហើយ​មួយ​ទៀត​ជា​អេក្រង់​រាប​ស្មើ។

 

​ប៉ុន្តែ​យើង​មិន​សង្ឃឹម​នោះ​ទេ​ថា រាល់​ប៉ាតង់​ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​នានា មិន​ថា LG សុទ្ធតែ​នឹង​សម្រេច​អាច​រុញ​ចូល​ចង្វាក់​ផលិត​ពេញលេញ​ទាំង​អស់​ឡើយ។ ជាក់ស្ដែង​យើង​បាន​ឃើញ​ប៉ាតង់​បច្ចេកវិទ្យា​ខ្លះ​បាន​ចុះ​បញ្ជី​ច្រើន​ឆ្នាំ​ហើយ មាន​ខ្លះ​ក៏​ទើប​ចាប់ផ្ដើម​លេច​វត្តមាន​សមិទ្ធផល​ពិត តែ​ខ្លះ​មក​ដល់​ពេល​នេះ នៅ​ស្ងាត់​ដំណឹង​សូន្យ មិន​ឃើញ​​សមិទ្ធផល​ជា​រូបរាង​នៅ​ឡើយ។ អីចឹង​មាន​តែ​រង់ចាំ​អ៊ុត​មើល LG ម្ដង ថា​តើ​ក្រុមហ៊ុន​កូរ៉េ​នេះ នឹង​មាន​អ្វី​ថ្មី​ប្លែក​សម្រាប់​អ្នក​គាំទ្រ​នោះ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ letsgodigital

មតិយោបល់

អត្ថបទពេញនិយម