ជីវិត&អាជីវកម្ម | November 07, 2018

សាកពិនិត្យមើល​ដំបូន្មាន​ទាំង​៥​របស់​សេដ្ឋី​ដែល​ចូល​ចិត្ត​គេង​ច្រើន​ ជាង​​អ្នក​មាន​ដទៃ

មិនចាំបាច់ក្រោកម៉ោង៥រាល់ព្រឹកក៏រកលុយបានរាប់លានដែរ។ យើងច្រើនតែឮមកថាសហគ្រិនជោគជ័យសុទ្ធតែមានទម្លាប់ក្រោកមុនថ្ងៃរះ ហើយមានអ្នកខ្លះទៀតធ្វើការបានយ៉ាងច្រើនមុនដល់ម៉ោង៥ព្រឹក។ ប៉ុន្តែនេះជាដំបូន្មានរបស់សេដ្ឋីគេងយូរ​៖

១/ ដឹងថាអ្វីល្អសម្រាប់អ្នក

ការគេងបានគ្រប់គ្រាន់ជារឿងសំខាន់ជាងការក្រោកតាមម៉ោងកំណត់ណាមួយ។ ហើយបើអ្នកអាចធ្វើការបានច្រើនបន្ទាប់ពីគេងបានស្កប់ស្កល់ នេះជាអាទិភាពរបស់អ្នកហើយ។ សហគ្រិន Bryan Clayton ដែលសព្វថ្ងៃនេះជានាយកប្រតិបត្តិក្រុមហ៊ុន GreenPalក្រោកពីដំណេកនៅចន្លោះម៉ោង៨និង៩ព្រឹក។ លោករំលឹកថាកាលពីបង្កើតក្រុមហ៊ុនដំបូង លោកព្យាយាមក្រោកនៅម៉ោង៤ ឬ៥ព្រឹក។ ក្រោយពីបង្ខំខ្លួនឯងអស់ជាង៦ខែ លោកយល់ថាការងាររបស់លោកមានប្រសិទ្ធភាពតែពាក់កណ្តាលនៃការគេងរហូតដល់ម៉ោង៨ឬ៩ព្រឹក។

 

advise from rich people about sleep

 

២/ ត្រៀមខ្លួនធ្វើការក្រោយពីក្រោករួច

លោក Craig Wolfe ជាសេដ្ឋីមួយរូបនិងជាប្រធានក្រុមហ៊ុនCelebriDucks និងក្រុមហ៊ុនCocoa Canard និយាយថា ខ្ញុំក្រោកពីដំណេកនៅចន្លោះម៉ោង៨និង៩ព្រឹក ប៉ុន្តែដោយសារខ្ញុំមានរោងចក្រនៅក្នុងតំបន់ដែលមានពេលវេលាខុសគ្នា ខ្ញុំមានទម្លាប់ធ្វើការរហូតដល់យប់ជ្រៅ។ ដើម្បីជោគជ័យ មិនខ្វល់ថាអ្នកមានពេលច្រើនប៉ុនណា ចាប់ផ្តើមធ្វើការនៅម៉ោងណា ឬបញ្ចប់ការងារនៅម៉ោងណាទេ តែអ្នកត្រូវតែត្រៀមខ្លួនធ្វើការឱ្យបាន១០០% នៅពេលប្តេជ្ញាធ្វើការ។

 

៣/ រៀបចំពេលធ្វើការឱ្យបានច្បាស់លាស់

ក្រោកពីដំណេកនៅម៉ោងណាមិនសំខាន់ទេ គន្លឹះដើម្បីជោគជ័យគឺការបែងចែក និងគ្រប់គ្រងពេលវេលាធ្វើការឱ្យបានច្បាស់លាស់។ ការធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់មានអាទិភាពជាងការក្រោកពីព្រឹកតែធ្វើការមិនបានល្អ។ លោកស្រី Natasha Nelson ជាសហគ្រិនជោគជ័យមួយរូបដែលទើបតែលក់ពាណិជ្ជកម្មមួយចេញ និងពេលនេះជាម្ចាស់ក្រុមហ៊ុនKauzbotsមានទម្លាប់ក្រោកនៅចន្លោះម៉ោង៨និង៩ព្រឹក។

 

៤/ បង្កើតប្រព័ន្ធរឹងមាំ

ដើម្បីទទួលបានជោគជ័យ អ្នកត្រូវមានប្រព័ន្ធដែលត្រូវដើម្បីប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍បំផុត ដោយមិនខ្វល់ថាអ្នកក្រោកពីដំណេកនៅម៉ោងប៉ុន្មានទេ។ លោកស្រី Michele Scism ជាទីប្រឹក្សាពាណិជ្ជកម្មនៅក្រុមហ៊ុន Decisive Minds ហើយមានទម្លាប់ក្រោកពីដំណេកនៅចន្លោះម៉ោង៨និង៩ព្រឹក។ លោកស្រីអះអាងថាពេលមានប្រព័ន្ធត្រឹមត្រូវនិងក្រុមការងារអស្ចារ្យ អ្នកអាចគេងដល់ម៉ោងណាក៏បានដែរ ព្រោះដឹងថាការងារទាំងអស់មានមនុស្សធ្វើបានល្អហើយ។

 

៥/ យកចិត្តទុកដាក់លើខ្លួនឯង

ការងារច្រើនអាចធ្វើឱ្យអ្នកពិបាករក្សាតុល្យភាពរឿងថែទាំសុខភាព គ្រួសារ និងរឿងផ្សេងទៀត។ ប៉ុន្តែរឿងទាំងអស់នេះចាំបាច់ណាស់ចំពោះជោគជ័យរបស់អ្នក។ ការហាត់ប្រាណ៤ទៅ៥ដងក្នុងមួយសប្តាហ៍មិនត្រឹមតែជួយរក្សាសុខភាពអ្នកបានល្អប៉ុណ្ណោះទេ តែថែមទាំងជួយផ្លូវចិត្តអ្នកឱ្យស្រស់ថ្លានិងធ្វើការបានល្អទៀតផង។ មានវិធីជាច្រើនដើម្បីថែរក្សាសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តដែលអ្នកអាចជ្រើសរើសយកមកអនុវត្តឱ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក។ ប្រការដែលត្រូវចងចាំគឺរក្សាឱ្យបានតុល្យភាព។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Success Magazine

មតិយោបល់

អត្ថបទពេញនិយម