លោក​ខាង​កើត | November 08, 2018

ក្រុមហ៊ុននៅប៉ែកខាងត្បូង​ប្រទេសចិន បត់បែន​ខ្លួនទៅតាម​កាលៈទេសៈ​ ក្នុងពេល​ដែលអាមេរិក​និង​ចិនមានជម្លោះ​ពាណិជ្ជកម្ម

 

ជម្លោះពាណិជ្ជកម្ម​រវាងចិន​និង​អាមេរិក ដែលកំពុងកើត​មាននាពេលសព្វថ្ងៃ​នេះ បានប៉ះពាល់យ៉ាង​ខ្លាំងដល់ក្រុមហ៊ុនចិន​ជាច្រើន​។ ប៉ុន្តែក្រុមហ៊ុន​ចិនមួយចំនួនដែលប្រកបអាជីកម្ម​ផ្នែកផលិត​សម្ភារៈ​ កំពុងបត់បែន​ទៅតាមកាលៈទេសៈនេះ​ហើយ​។

 

 

 

ដើម្បីបន្តឈរ​ជើងក្នុងទីផ្សារ ក្រុមហ៊ុនចិនផលិត​អំពូលមួយឈ្មោះថា អិលធីអេស ហ្គ្រុប (LTS Group) កំពុងកែសម្រួល​អាជីវកម្មទាំងស្រុង​របស់ខ្លួនតែម្តង​ ដោយពិនិត្យមើល​ចំនួនប្រភេទផលិតផលដែល​ផលិត កាត់បន្ថយថ្លៃ​ផលិត និងអភិវឌ្ឍគុណភាព​ផលិតផលដែលផលិតបាន​។ ត្រឹមដំណាច់ឆ្នាំ២០១៨នេះ ក្រុមហ៊ុននឹងនៅសល់​បុគ្គលិកតិចជាង១០០នាក់ សម្រាប់​ធ្វើការ ខណៈ​ដែលឆ្នាំមុន គេមានបុគ្គលិកប្រហែល១ពាន់​នាក់។ មូលហេតុដែល​ចំនួនបុគ្គលិកចុះថយ​ គឺដោយសារតែផ្នែក​ផលិតកម្មរបស់ក្រុមហ៊ុន ត្រូវផ្លាស់ប្តូរ​ទីតាំង ទៅកាន់ប្រទេស​ផ្សេងវិញ​ ដូចជាទៅកាន់ប្រទេស​វៀតណាមជាដើម​។

 

 

លោក ម៉ៃខល លូ អនុប្រធាន​គ្រប់គ្រងទូទៅ ក្រុមហ៊ុន LTS Group លើក​ឡើង​ថា “អញ្ជឹង អ្វីដែលយើង​ឃើញនេះ គឺគ្រាន់តែជាការ​ផ្លាស់ប្តូរប៉ុណ្ណោះ​។ ត្រឹមដំណាច់ឆ្នាំនេះ យើងគ្រោងថា​នឹងផ្លាស់ប្តូរគ្រប់​យ៉ាង ដោយ​ងាកទៅប្រើប្រព័ន្ធផលិត​ស្វ័យប្រវត្តិវិញ​។”

 

 

ក្រុមហ៊ុននឹងរក្សាស្នាក់​ការធំឱ្យនៅទីក្រុង សិនជិន ដដែល ដែលជា​ទីក្រុងប្រមូលផ្តុំក្រុមហ៊ុន​បច្ចេកវិទ្យាប្រចាំប្រទេសចិន​។ ការសម្រេចថា​ប្តូររោងចក្រផលិតទៅបរទេសវិញនេះ បានធ្វើឡើងកាលពី៦​ខែមុន នៅគ្រាដែល​ជម្លោះពាណិជ្ជកម្មរវាងចិន​និង​អាមេរិក បានចាប់ផ្តើម​។

លោក ម៉ៃខល លូ បន្ត​លើក​ឡើង​ថា​ “យើងត្រូវតែ​ធ្វើបែបនេះ ដើម្បីឱ្យក្រុមហ៊ុន​របស់យើង អាចបន្តឈរជើង​ក្នុងទីផ្សារបាន​។ សម្រាប់ពួកយើង កិច្ចការដំបូងដែល​យើងបានសម្រេចថានឹងធ្វើ គឺត្រូវ​ផ្លាស់ប្តូរ ត្រូវពន្លឿន​ការផ្លាស់ប្តូររបស់យើង​ ពីការផលិត​សម្ភារៈដោយផ្អែកលើបុគ្គលិក​ដោយផ្តល់ប្រាក់ខែទាប​ មកជាការ​ផលិតដែលផ្អែកលើ​រចនាបទ គុណតម្លៃខ្ពស់ និងផ្តោតសកម្មភាពវិញ​។ ខ្ញុំគិតថា បើយើងមើល​ជារួមទៅ វាគឺជារឿងល្អសម្រាប់ប្រទេស​ចិនទៅវិញទេ ពីព្រោះនៅពេលដែល​យើងធ្វើបែបនេះ យើងកំពុងបោះជំហាន​ឡើងលើ មួយកម្រិត​ទៀត​ នៅក្នុងប្រព័ន្ធបន្ថែម​តម្លៃ។ កត្តានេះនឹងបង្ខំឱ្យ​យើងកាន់តែខំប្រឹង​។ ក្រុមហ៊ុនទាំង​ឡាយដែលអាចស៊ូនឹងស្ថានភាព​នេះរួច​ នឹងមានសមត្ថភាព​ពូកែស្មើនឹងក្រុមហ៊ុននៅ​លោកខាងលិចដែរ​។”

 

 

 

អស់រយៈពេលជាច្រើនឆ្នាំ​មកហើយដែលតំបន់ជ្រោយ​ទន្លេគុជ បានក្លាយជា​បណ្តុំក្រុមហ៊ុនផលិតសម្ភារៈ​។ ហើយឥឡូវ ​តំបន់នេះកំពុងស្វែងរកវិធី​ដើម្បីបោះជំហានឡើងលើ​មួយកម្រិតទៀត​ នៅក្នុងប្រព័ន្ធ​បន្ថែមតម្លៃ​។

 

 

 

 

លោក ហួរ ជាំងគ័រ អតីតប្រធាន​បណ្ឌិតសភា​សហប្រតិបត្តិការពាណិជ្ជកម្ម​និង​សេដ្ឋកិច្ចអន្តរជាតិ​ចិន​ មាន​ប្រសាសន៍​ថា “នៅពេល​ប្រឈមនឹងសំពាធពី​ខាងក្រៅ​ យើងត្រូវ​តែរក្សាភាព​រឹងមាំនៅលើទីផ្សារ​របស់ក្រុមហ៊ុន​ចិន​ ពីព្រោះ​ទំហំប្រាក់ចំណេញ​នៃអាជីវកម្មនីមួយៗ មានកម្រិត​ខុសគ្នា​ ទៅតាម​ប្រភេទទំនិញ​និងសេវាកម្មដែល​គេផ្តល់ជូន​។ វិស័យព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យាទំនើបៗ មានកម្រិតប្រាក់​ចំណេញខ្ពស់​ ហើយអាចស៊ូ​នឹងហានិភ័យបានល្អ​។ ប៉ុន្តែក្រុមហ៊ុនទាំងនេះ ក៏ត្រូវ​ត្រៀមខ្លួនទុកជាមុន​ ដើម្បីទប់ទល់​នឹងឥទ្ធិពលមិនល្អ ដែលអូស​បន្លាយពេលយូរ​។”

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម