លោក​ខាង​កើត | November 02, 2018

ចិនបង្កើត​ផ្ទៃដីដាំដុះ​ជិត ៤០លានហិចតា ចាប់តាំងពីឆ្នាំ​២០១១ ដល់ឆ្នាំ ២០១៧

 

ចិនបាន​បង្កើតផ្ទៃដីដាំដុះ​ជាង៣៧លានហិចតា ចាប់តាំងពីឆ្នាំ​២០១១ ដល់ ២០១៧​ បានជាង​ពាក់កណ្ដាលនៃគោលការណ៍​សម្រាប់ឆ្នាំ​២០២២​ ដែលមាន​គោលដៅបង្កើត​ដីស្រែចំការ​ប្រមាណ​៦៧លានហិចតា​ត្រឹមឆ្នាំ​២០២២​។ នេះបើយោង​តាមការលើក​ឡើងរបស់ក្រសួង​កសិកម្ម​និង​កិច្ចការជនបទ​ចិន​ កាល​ពីសប្ដាហ៍មុន​។

 

 

 

លូ គុយមីន មន្ត្រីមួយរូប​មកពីក្រសួង បានថ្លែងថា ដីស្រែ​ចំការប្រកប​ដោយគុណភាពខ្ពស់​ កំពុងជួយ​បង្កើនទិន្នផលផលិត​កម្មបានយ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅពាសពេញ​ផ្ទៃប្រទេស​។ លោក លូ គុយមីន ប្រធាន​នាយកដ្ឋានសំណង់​ដីស្រែចំការ​ នៃក្រសួង​កសិកម្មនិងកិច្ចការ​ជនបទចិន លើក​ឡើង​ថា “គុណភាព​ផ្ទៃដីដាំដុះកំពុងតែ​មានភាពប្រសើរឡើងហើយ​។ អត្ថប្រយោជន៍ទីមួយ​នៃកត្តានេះ​គឺ ​ការបង្កើន​ផលិតកម្ម​។ សម្រាប់ស្រែចំការ​ដែលមានផ្ទៃដី​៦រយ​៦៧​ម៉ែត្រការេ ផលិតកម្ម​កើនឡើងដល់ជាង១០០​គីឡូ​។ អត្ថប្រយោជន៍ទីពីរនោះ​គឺការសន្សំសំចៃទឹកនិងថាមពល​។”

 

 

 

 

 

លោក លូ បានមានប្រសាសន៍ថា ការប្រើប្រាស់ផ្ទៃដី​ដាំដុះយ៉ាងកាន់តែមាន​ប្រសិទ្ធភាព អាច​ជួយសន្សំទឹកបាន​២៤ក្បៀស​៣​ភាគរយ និងថាមពល​៣០​ក្បៀស​៨​ភាគរយ​។ ស្រប​ពេលជាមួយគ្នានេះ​ផងដែរ ការប្រើប្រាស់ជី​និងថ្នាំសម្លាប់សត្វល្អិត​ ក៏ត្រូវបាន​កាត់បន្ថយត្រឹម​១៣​ក្បៀស​៨​ភាគរយនិង​១៩​ក្បៀស​១​ភាគរយ​រៀងគ្នា​។

លោក លូ គុយមីន ប្រធាននាយកដ្ឋាន​សំណង់ដីស្រែចំការ នៃក្រសួងកសិកម្ម​និងកិច្ចការជនបទចិន លើក​ឡើង​ថា “ដីស្រែចំការ​ដូចនេះពិតជាល្អ​ណាស់ សម្រាប់ឧស្សា​ហូបនីយកម្ម​កសិកម្ម​ និងប្រតិបត្តិការ​កសិកម្មខ្នាតធំល្មម​។ ការបង្កើតផ្ទៃដី​ដាំដុះប្រកបដោយ​គុណភាព​ខ្ពស់​ ដើរតួនាទីយ៉ាង​សំខាន់ នៅក្នុងការរក្សា​ផលិតកម្មដំណាំ​របស់ចិន​ឱ្យនៅថេរ​ជាង​ ៦សែន​លានគីឡូ​។”

លោក លូ ក៏បានលើកឡើង​ផងដែរថា នៅត្រឹមចុងឆ្នាំនេះ​ ដីស្រែចំការ​ដែលមានគុណភាពខ្ពស់​ប្រហែល​៤២​ក្បៀស​៧​លានហិចតា នឹងមាននៅ​ពាសពេញប្រទេសចិន​។ លោក លូ គុយមីន បន្ត​អោយ​ដឹង​ទៀត​ថា ផ្ទៃដីជាមធ្យម​ប្រមាណ៦ ទៅ ៦ក្បៀស៧ លាន​ហិចតា គួរតែត្រូវបង្កើត​ឱ្យមានឡើងជារៀងរាល់ឆ្នាំ​។ យើងមានស្រុកស្រែ​ចំការជាង​ ២ពាន់ ឯណោះ ដូច្នេះស្រុក​នីមួយៗគួរបង្កើតឱ្យ​បានប្រហែល ២ពាន់៧រយហិចតា​។

 

 

 

 

 

 

បើគិតអំពីស្ថានភាព​ទូទៅរបស់ប្រទេសចិន ដីកសិកម្មមិនទាន់​មានគ្រប់គ្រាន់នៅឡើយទេ ​សម្រាប់មនុស្សម្នាក់ៗ ហើយដីស្រែចំការ​ទៀតសោតមិនសូវមាន​គុណភាព​។ បើទោះបីជា​គោលការណ៍ត្រូវបានបញ្ចប់​នាឆ្នាំ ២០២២ ក៏ដោយ លោក លូ សារភាពថា ត្រឹមតែពាក់កណ្ដាល​ប៉ុណ្ណោះនៃផ្ទៃដីដាំដុះដែល​មាននៅក្នុងប្រទេសចិន​ នឹងទទួលបាន​ផលប្រយោជន៍ពីកំណែលម្អ​ទាំងនេះ​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម