News in English | November 30, 2018 | 404

បដិវត្ដបង្គន់​នៅប្រទេសចិន បង្កើនអនាម័យ​នៅតាមទីជនបទ

 

ជាង៨០ភាគរយ​នៃទីជនបទ ទូទាំងប្រទេសចិន ចាប់ផ្ដើមមាន​បង្គន់អនាម័យប្រើ​ហើយ​ នាពេល​បច្ចុប្បន្ន ដោយសារតែរដ្ឋាភិបាល​ចិនបានធ្វើបដិវត្ដបង្គន់​អនាម័យ​ ដើម្បីការពារ​និងគ្រប់គ្រងជំងឺ លើកកម្ពស់​ការយល់ដឹងរបស់ប្រជាពល​រដ្ឋអំពីសុខភាព​ និងការគ្រប់គ្រង​បរិស្ថានតាមទីជនបទ​។

នៅភូមិ នាវវ៉ាងមាវ នៅកណ្ដាល​ទីក្រុង ប៉េកាំង បង្គន់សាធារណៈ​មួយ មានបំពាក់ប្រព័ន្ធ​បញ្ចេញចោលបែបសុញ្ញា​កាស ដើម្បីបង្កើន​អនាម័យនិងកាត់បន្ថយការប្រើប្រាស់​ទឹកដែលលើសលុប​។ បង្គន់នេះ ក៏មានបំពាក់​ទៅដោយបច្ចេកវិទ្យា ដែលគេប្រើនៅតាមបង្គន់​ក្នុងរថភ្លើងល្បឿនលឿន​ នៅប្រទេសចិនដែរ​។

 

 

 

លោក សុង ហុងសៀង បុគ្គលិកអង្គភាពកាក​សំណល់រឹង នៃគណៈកម្មការគ្រប់គ្រង​ទីប្រជុំជន ខ័ណ្ឌឆាវយ៉ាង អោយ​ដឹង​ថា “បង្គន់សុញ្ញាកាស គឺសាកសមនឹង​តំបន់ខាងជើង​ ជាពិសេស​គឺក្រុងប៉េកាំងតែម្ដង​ ពីព្រោះវាសន្សំសំចៃ​ទឹកបានច្រើនជាងបង្គន់​ដែលកាច់ទឹកធម្មតា​។”

 

 

 

បង្គន់សុញ្ញាកាសនេះ ប្រើទឹកត្រឹមតែកន្លះ​លីត្រប៉ុណ្ណោះ ពេលលាងសម្អាត​ម្ដង​។ ឯបង្គន់កាច់ទឹក​ធម្មតាវិញ ប្រើទឹកអស់៦លីត្រ​ឯណោះ ក្នុងមួយលើក​។

លោក ចាវ ជិនពីង មន្ត្រី មណ្ឌលសេវាសុខភាព​បរិស្ថាន ខ័ណ្ឌឆាវយ៉ាង លើក​ឡើង​ថា “បច្ចេកវិទ្យានេះ ជួយកាត់បន្ថយបញ្ហា​ស្ទះបង្គន់ ហើយសន្សំទឹក​ទៀតផង​។”

 

 

គិតត្រឹមដំណាច់ឆ្នាំ២០១៨ មានបង្គន់សាធារណៈសរុប​ចំនួន៥០កន្លែង នៅក្នុងភូមិនេះ ​នឹងសាងសង់ឡើងដោយបំពាក់​បច្ចេកវិទ្យាបញ្ចេញចោលបែបសុញ្ញាកាស​។

 

 

ស្រ្តី​ជា​អ្នកភូមិ នាវវ៉ាងមាវ ម្នាក់ បាន​និយាយថា “បង្គន់សាធារណៈ​នៅកន្លែងនេះ ជួយសម្រួលដល់អ្នកភូមិ​ដូចជាពួកយើងបានច្រើនមែន​។ វាមិនធំក្លិន ហើយមាន​អនាម័យល្អ​។”

 

 

លោក ចាវ ម៉ា គឺជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ​និង​វប្បធម៌សម័យចិន នៅសាកលវិទ្យាល័យ វ៉ាស៊ីនតោន​។ លោកកត់សម្គាល់ឃើញថា បើទោះជាបដិវត្ដបង្គន់​នៅប្រទេសចិន​ ត្រូវបានធ្វើឡើង​ពីដំបូងៗ ដើម្បីគ្រាន់តែជួយ​បំពេញតម្រូវការរបស់អ្នក​ទេសចរក៏ដោយ​ ក៏វាបានបន្ថែម​តម្លៃនិងបង្កើនគុណភាពនៃការរស់​នៅរបស់ប្រជាជន នៅតាមទីជនបទដែរ​។

 

 

 

 

 

លោក ចាវ ម៉ា លើក​ឡើង​ថា “វាមានកត្តា​ច្រើនដែរ ដែលជំរុញ​អោយរដ្ឋាភិបាលចិន ធ្វើបដិវត្ដ​បង្គន់នេះ​។ វិស័យ​បង្គន់​ គឺពិតជាកម្លាំង​រុញច្រានដ៏ធំមួយ​ ប៉ុន្តែវាក៏ជួយ​បង្កើនគុណភាពនៃការ​រស់នៅរបស់ប្រជាជន​នៅតាមទីជនបទដែរ​។ វាក៏បានជួយ​អោយទីក្រុងនានា​នៅប្រទេសចិន អាចអភិវឌ្ឍបាន​យ៉ាងរហ័សទៀតផង​។ ដូច្នេះ ​វាគឺជាផ្នែកមួយ​ដ៏សំខាន់ណាស់ នៃប្រព័ន្ធសាធារណៈការ​។ វាបានជំរុញអោយរដ្ឋាភិបាលថ្នាក់​តំបន់និងរដ្ឋាភិបាលកណ្ដាល​របស់ចិន​ វិនិយោគប្រាក់​មួយភាគធំ ដើម្បីអភិវឌ្ឍប្រព័ន្ធ​នេះទាំងមូលតែម្ដង​។”

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់