News in English | April 23, 2018 | 437

សេវា​ធ្វើដំណើរ​តាមអនឡាញ​របស់ចិន ស៊ីទ្រីប (Ctrip) បានសម្រេចបញ្ចូល​សេវាហៅ​រថយន្ត​ជិះ

ក្រុមហ៊ុន​ផ្តល់សេវា​ធ្វើដំណើរ​តាមអនឡាញ​ដ៏ធំបំផុត​របស់ចិន ស៊ីទ្រីប (Ctrip) បាន​ប្រកាស កាល​ពីថ្ងៃថ្មី​ៗនេះ​ថា ខ្លួន​បានទទួល​អាជ្ញាប័ណ្ណ ក្នុង​ការផ្ដល់សេវា​ហៅរថយន្ត​នៅក្នុង​ប្រទេស ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នេះក្លាយ​ជាអ្នក​ចូលរួម​ថ្មីបង្អស់​នៅក្នុងទីផ្សារ​ដែលកំពុង​មានការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​នេះ​។

 

 

ក្រុមហ៊ុន​ដែលមូលដ្ឋាន​នៅទីក្រុង សៀងហៃ មួយនេះ គ្រោងនឹង​ចាប់ផ្ដើម​ផ្ដល់សេវាកម្ម​នៅក្នុងខែ​នេះ​តែម្ដង។ ស៊ីទ្រីប (Ctrip) បាន​បង្ហាញនូវលក្ខណៈ​ពិសេសមួយ ដែលជួយ​ឱ្យអ្នក​ដំណើរ អាច​ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ តាមរយៈ​កម្មវិធី​របស់ខ្លួន នៅក្នុងឆ្នាំ ២០១៥។ តាមរយៈ​ការដាក់ឱ្យ​ប្រើប្រាស់សេវាកម្មថ្មី​នេះ ក្រុមហ៊ុនបាន​លើកឡើង​ថា ខ្លួនចង់​ផ្តល់ជម្រើស​កាន់តែច្រើន​ជូនដល់​អតិថិជន​។

 

 

សេចក្តីប្រកាស​នេះ បានធ្វើឡើង​មិនយូរប៉ុន្មាន បន្ទាប់ពីក្រុមហ៊ុន ម៉ីទាន់ ដត ខម (Meituan.com) ដែលផ្តល់​សេវាកុម្ម៉ង់​ម្ហូបអាហារ ទិញ​សំបុត្រកុន និង​កក់​ភោជនីយដ្ឋាន តាម​អនឡាញ បាន​សម្ពោធកម្មវិធី​ហៅរថយន្ត​តាម​ទូរស័ព្ទ​មួយ​នៅក្នុងទីក្រុង សៀងហៃ ក្នុង​គោល​បំណង​ប្រជែង​ជាមួយ​នឹងក្រុមហ៊ុន​តាក់ស៊ី ទីទី ជូស៊ីង (Didi Chuxing) ដែល​ឈាន​មុខ​គេ​និងមាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​។

ក្រុមអ្នក​វិភាគនានា​និយាយថា ការបោះជំហាន​ចូលក្នុងទីផ្សារ​របស់ក្រុមហ៊ុន​ទាំងនេះ ត្រូវបានកំណត់​ដើម្បីបង្កើន​ការប្រកួតប្រជែង នៅ​ក្នុងវិស័យ​ហៅរថយន្ត​សម្រាប់​ជិះ​នេះ ជា​ជំនួញ​ដែល​កំពុង​តែរីកដុះដាល​នៅក្នុងប្រទេសចិន​។ ហើយបើយោង​ទៅតាមទិន្នន័យ​ផ្លូវការ សេវានេះ​មានអ្នកប្រើប្រាស់​រហូតដល់​ទៅ ២២៥លាននាក់ នៅដើមឆ្នាំ ២០១៧។

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់