បច្ចេកវិទ្យា | January 20, 2018 | 1,427

តិកនិក ៦យ៉ាង ជួយ​​ឱ្យ​​ការ​ផ្សព្វផ្សាយ​​អាជីវកម្ម​អនឡាញតាម Facebook មាន​សន្ទុះ​ !

 

 

​ពិភពលោក​កំពុង​ផ្លាស់ប្ដូរ និង​វិវត្ត​ទៅ​រក​ភាព​ជឿនលឿន​នៃ​វិស័យ​បច្ចេកវិទ្យា ក្នុង​នោះ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ក៏​បាន​ចូលរួម​យ៉ាង​ខ្លាំង​ផង​ដែរ។ សង្កេត​ឃើញ មិន​ថា បុគ្គល ឬ​ជា​ស្ថាប័ន ក្រុមហ៊ុន ឬ​អង្គការ នោះ​ទេ ពួក​គេ​សុទ្ធតែ​ប្រើប្រាស់​បណ្ដាញ​​ទំនាក់ទំនង​សង្គម ជាក់ស្ដែង​មាន Facebook នេះ​ជាដើម ក្នុង​ការ​ ផ្សព្វផ្សាយ​ផលិតផល សេវាកម្ម​របស់​ខ្លួន ដើម្បី​បង្កើន​ការ​លក់ និង​ពង្រីក​អាជីវកម្ម ទៅ​ដល់​មនុស្ស​រាប់​ពាន់ រាប់​ម៉ឺន​ ឬ​រហូត​រាប់​លាន​នាក់​បាន​ដឹង​ក្នុង​ពេល​ដ៏​ឆាប់​រហ័ស និង​ងាយស្រួល។

 

 

Facebook ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការ​ដើរ​ទីផ្សារ ឬ​ធ្វើ​ម៉ាឃីតធីង​តាម​បែប​អនឡាញ។ មិន​ត្រឹមតែ​សហគ្រាស​ប៉ុណ្ណោះ​ទេ តែ​ក្រុមហ៊ុន​តូចៗ ក៏​កំពុង​ទាញ​យក​អត្ថប្រយោជន៍​ពី​ឱកាស​ទីផ្សារ​ដែល​លោក Mark Zuckerberg បាន​ផ្ដល់​ដល់​ពិភពលោក តាម​រយៈ​បណ្ដាញ​សង្គម Facebook។ អាជីវកម្ម​អាច​បង្កើន​ចំនួន​អតិថិជន ឬ​អ្នក​គាំទ្រ​របស់​ពួក​គេ ដោយ​ប្រើ​ទំព័រ​អាជីវកម្ម Facebook។ អ្នក​គាំទ្រ​ទាំង​នេះ មិន​ត្រឹមតែ​ស្មោះត្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ការ​រួម​ចំណែក​យ៉ាង​សកម្ម​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម។

 

​ខាង​ក្រោម​នេះ គឺ​ជា គន្លឹះ​ Facebook ៦យ៉ាង​មាន​អត្ថប្រយោជន៍​សម្រាប់​ការ​ធ្វើ Marketing ​អនឡាញ​ទៅ​លើ​អាជីវកម្ម​របស់​អ្នក៖

 

១) បង្កើត និង​បង្ហោះ​មាតិកា ​ទាំងឡាយ​ដែល​អ្នក​ប្រើ​បណ្ដាញ Facebook កំពុង​ចង់​​ស្វែងរក - Content: All That A Facebook User Wants
មនុស្ស​ចូលរួម (join) ក្នុង​ទំព័រ​ហេ្វសប៊ុក​អាជីវកម្ម​ (Business Facebook Page) គឺ​ដោយសារ​មូលហេតុ​ផ្សេងៗ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ពួក​គេ​ចង់​ដឹង​ពី​អ្វី​ដែល​​ជា​ម៉ាក​ផលិតផល​ពិត​របស់​អ្នក​កំពុង​មាន និង​ផលិតផល​ដែល​អ្នក​មាន​សម្រាប់​លក់​ឱ្យ​អតិថិជន ហើយ​ក៏​ដើម្បី​យក​ទៅ​ប្រៀបធៀប​នឹង​ផលិតផល​ដទៃ ទាំង​គុណភាព និង​តម្លៃ។ និយាយ​ឱ្យ​ខ្លី ពួក​គេ​មាន​បំណង​ចង់​ទទួល​បាន​ព័ត៌មាន​ទាំង​អស់​អំពី​ម៉ាក​យីហោ ដោយ​ការ​រំកិល​ចុះក្រោម​នៅ​ក្នុង​ទំព័រ​អាជីវកម្ម​របស់​អ្នក។

 

 

ដូច្នេះ យុទ្ធសាស្ត្រ​ទីផ្សារ​ដំបូង​ដែល​ត្រូវ​ការ​សម្រាប់​ម៉ាឃីតធីង​អនឡាញ​តាម Facebook ​គឺ​ការ​ផ្ដល់​មាតិកា​ដល់​មនុស្ស​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​គ្នា។ ការ​ផ្ដល់​ជូន​នូវ​ការ​បង្ហោះ​វីដេអូ និង​រូបថត ស្របច្បាប់ គឺ​ជា​ការ​ចាំបាច់​មួយ ហើយ​គួរតែ​ត្រូវ​បាន​ធ្វើ​ដើម្បី​រក្សា Page ​និង​ដើម្បី​ឱ្យ​មាន​សកម្មភាព​ជាប់​របស់​អ្នក​បាន​ចុច​ Like ឬ Follower។

 

២) បណ្ដុះបណ្ដាល​បុគ្គលិក – Training Of The Staff
ក្រុមហ៊ុន​ឈ្មោះ Stella & Dot ​ផ្ដល់​វេទិកា​អាជីវកម្ម​សហគ្រិន​ (entrepreneurial business platform) ដល់​ស្ត្រី ដែល​ធ្វើ​ការ​ពី​ផ្ទះ។ ទំព័រ Facebook ​របស់​ក្រុមហ៊ុន​នេះ មាន​អ្នក​គាំទ្រ (ចំនួន Like) ​ប្រហែល 160.000 នាក់ ដែល​និយាយ​អំពី​ផលិតផល​ផ្សេងៗ​គ្នា និង​ចែករំលែក​គំនិត អំពី​ម៉ូត​ទាន់សម័យ និង​ស្ទីល​ថ្មីៗ។

​អ្វី​ដែល​ធ្វើ​ឱ្យ​វា​ខុស​គ្នា គឺ​វិធី​ដែល​គេ ហ្វឹកហាត់​ក្រុម​បុគ្គលិក​របស់​ពួក​គេ។ នៅ​ពេល​ក្រុម​ការងារ ត្រូវ​បាន​ដាក់​ពង្រាយ​ឱ្យ​បម្រើ​សេវា​ដល់​អតិថិជន​ទូទាំង​ប្រទេស ពួក​គេ​បង្កើត​វីដេអូ​បង្ហាញ អំពី​ផលិតផល​នីមួយៗ ដើម្បី​ជា​ការ​បណ្ដុះបណ្ដាល​គ្នា។ វិធី​នេះ អ្នក​ទិញ​អាច​មើល​ឃើញ​ច្បាស់ ហើយ​នឹង​ដឹង​ថា តើ​ផលិតផល​ណា​ដែល​គេ​គួរ​ប្រើប្រាស់​យ៉ាង​ដូចម្ដេច។

 

៣) ការ​ប្រើ​ពាក្យពេចន៍​ឃោសនា និយាយ​ឱ្យ​មាន​ភាព​ងាយស្រួល​យល់ - Word Of Mouth _ Makes It Easy
​មនុស្ស​ជា​ទូទៅ​ជឿ​ទុក​ចិត្ត​លើ​រឿង​ជាច្រើន នៅ​ពេល​ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់ ឬ​ត្រូវ​បាន​ចែករំលែក​ប្រាប់​ដោយ​មិត្តភ័ក្ដិ​ជុំវិញ។ នៅ​ពេល​រូបថត ឬ​វីដេអូ​ នៃ​ផលិតផល​មួយ​ត្រូវ​បាន​ចែករំលែក (share) ​ដោយ​មិត្តភ័ក្ដិ (friend) ម្នាក់​នៅ​លើ Facebook ​មនុស្ស​នឹង​កាន់​តែ​មាន​ទំនោរ​ចង់​ទិញ​ផលិតផល​នោះ។ Facebook ​ជួយ​ដល់​អាជីវកម្ម​ដើម្បី​ធ្វើ​វា​ឱ្យ​កាន់តែ​ងាយស្រួល។ មូលដ្ឋាន​អ្នក​គាំទ្រ (Fan) ​អាច​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ប្រើ Facebook សូម្បីតែ​មុន​ពេល​ចាប់ផ្ដើម​អាជីវកម្ម​ក៏​ដោយ។

 

​ពាក្យ​ល្អៗ ចេញ​ពី​មាត់ គឺ​អាច​បង្កើន​ការ​យល់​ដឹង​អំពី​ម៉ាក​យីហោ ហើយ​នៅ​ទីបំផុត ការ​លក់​របស់​ក្រុមហ៊ុន​ក៏​នឹង​រីក​លូតលាស់​ទៅ​តាម​នោះ​ដែរ។ ហាង​អៀរឡង់ Brendan's Irish ​ដែល​មាន​មូលដ្ឋាន​នៅ​ Camarillo, CA ​បាន​ទាញ​យក​អត្ថប្រយោជន៍​ពី​តិកនិក​នេះ ហើយ​បង្កើត​ទំព័រ​អ្នក​គាំទ្រ​អាជីវកម្ម (business fan page) ​វា​បង្កើត​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល គឺ​ចំនួន​អតិថិជន​បាន​កើន​ឡើង។ ពួក​គេ​ថែមទាំង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​គាំទ្រ អំពី​ការ​បើក​សម្ពោធ​ហាង​ថ្មី​ឆាប់ៗ​ខាង​មុខ ដើម្បី​ជា​ការ​បញ្ជាក់​ប្រាប់​ឱ្យ​សាធារណជន​បាន​ដឹង​ជា​មុន និង​ត្រៀម​ខ្លួន​ចូលរួម​ឱ្យ​បាន​ច្រើន។

 

៤) ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​អ្នក​និយាយ​ឆ្លងឆ្លើយ​ដាក់​គ្នា - Make Your Fans Talk To Each Other

 

 


អ្នក​អាច​ប្រាប់​អ្នក​គាំទ្រ​របស់​អ្នក អំពី​តម្លៃ​អស្ចារ្យ ដែល​ក្រុមហ៊ុន​អ្នក​មាន ឬ​ផលិតផល​សម្រាប់​ផ្ដល់​ឱ្យ​អតិថិជន ប៉ុន្តែ​ការ​ធ្វើ​ទីផ្សារ នឹង​បង្កើន​ពេលវេលា​ច្រើន នៅ​ពេល​អ្នក​គាំទ្រ​របស់​អ្នក​ចាប់ផ្ដើម​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​អាច​ចង្អុល​បង្ហាញ​អ្នក​ចូលរួម​ចម្បង ចំពោះ​ទំព័រ​អ្នក​គាំទ្រ ហើយ​អាច​ដាក់​ការ​យក​ចិត្ត​ទុកដាក់​លើ​ពួក​គេ ដោយ​គ្រាន់តែ​ចាប់ផ្ដើម​កម្មវិធី​ដូច​ជា "អ្នក​គាំទ្រ​ប្រចាំ​ខែ" (fan of the month)។ នេះ​នឹង​ជំរុញ​អ្នក​គាំទ្រ​កាន់តែ​ច្រើន​ឡើង ហើយ​ពួក​គេ​នឹង​ចូលរួម​ចំណែក​យ៉ាង​សកម្ម។

៥) ផ្ដោត​លើ​ម៉ាក​យីហោ - Focus On The Brand
ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​គួរ​តែ​មាន​ពិពណ៌នា​នូវ​ព័ត៌មាន ដែល​ចង់​ផ្ដល់​ឱ្យ Followerបាន​ដឹង​ អំពី​ម៉ាក​យីហោ​របស់​អ្នក។ វា​អាច​ដើរ​តួ​ជា​ឧបករណ៍​ផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​បង្កើត​ការ​យល់​ដឹង​អំពី​យីហោ។ ដូច្នេះ​ការ​ផ្ដោត​លើ​ម៉ាក​យីហោ ក៏​ជា​ធាតុ​សំខាន់​មួយ​ផង​ដែរ ម្យ៉ាង​ក៏​ធ្វើ​ឱ្យ​ម៉ាក​យីហោ​របស់​អ្នក​កាន់តែ​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​គំនិត​អ្នក Follow។

 

៦) ផ្ដល់​រង្វាន់​ដល់​អ្នក​គាំទ្រ​របស់​អ្នក - Reward Your Fans

 


អ្នក​អាច​ផ្ដល់​ជា​រង្វាន់​លើក​ទឹកចិត្ត​ដល់​អ្នក​ដែល​មាន​សកម្មភាព​ច្រើន​ទៅ​នឹង​ទំព័រ Facebook Page របស់​អ្នក និង​អ្នក​រួម​ចំណែក​ច្រើន​ខុស​ពី​អ្នក​ដទៃ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​កំពុង​ផ្សព្វផ្សាយ​ផលិតផល អ្នក​អាច​ផ្ញើ​គំរូ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ប្រើ​ដែល​សកម្ម​ជាង​គេ​ មុន​គេ។ លេខ​កូដ​ប័ណ្ណ​បញ្ចុះតម្លៃ​ក៏​មាន​ប្រយោជន៍​ផង​ដែរ នៅ​ក្នុង​សេណារីយ៉ូ​នេះ។ ជាក់ស្ដែង​យើង​ក៏​បាន​ឃើញ ក្នុង​រូបភាព​ផ្ដល់​កាដូ​ពី​បណ្ដា​ក្រុមហ៊ុន​អេឡិចត្រូនិក​មួយ​ចំនួន ដែល​តម្រូវ​ឱ្យ Fan ​ចុច Like , Share និង Mention ឈ្មោះ friend ចំនួន ៥នាក់ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ផ្សេងៗ៕

 

យើង​គ្រាន់តែ​លើក​យក​ ៦ចំណុច​នេះ ដើម្បី​ជា​គន្លឹះ ជួយ​ផ្សែផ្សំ​ដើម្បី​លោក​អ្នក អាច​បង្កើន​ការ​លក់​តាម​អនឡាញ​បាន​មួយ​ផ្នែក។ ប្រិយមិត្ត​ក៏​ប្រហែល​នៅ​មាន​គំនិត​ផ្សេងៗ លើស​ពី​នេះ​ក៏​ថា​បាន។ ប្រសិន​មាន​គំនិត​បន្ថែម អាច​ចូលរួម​បញ្ចេញ​មតិ​តាម​ប្រអប់ comment ខាង​ក្រោម​បាន ...

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ hotinsocialmedia

មតិយោបល់