បច្ចេកវិទ្យា | January 26, 2018 | 4,138

បើ​ចង់​កាត់​បន្ថយ​ផល​អាក្រក់​ពី​ចំហាយ​​​វិទ្យុសកម្ម​​​ទូរស័ព្ទ មក​លើ​ខ្លួន​អ្នក អ្នក​គួរ​តែ​អាន ៨ចំណុចនេះ

 

ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា ដំណើរ​វិវត្តន៍​សរីរាង្គ​របស់​ក្មេង គឺ​មាន​កម្រិត​ទាប​ជាង​ដង់ស៊ីតេ​ឆ្អឹង​លលាដ៍ក្បាល ទម្ងន់​ខ្លួន​ស្រាល និង​ប្រព័ន្ធ​គ្រប់គ្រង​ឈាម​ក្នុង​ខួរក្បាល​ទន់ខ្សោយ ធ្វើ​ឱ្យ​កុមារ​ងាយ​រង​គ្រោះ​ថ្នាក់​ដោយ​សារ​ឥទ្ធិពល​នៃ​វិទ្យុសកម្ម​ទូរស័ព្ទ។ ដូច្នេះ​ក្មេងៗ ងាយ​រង​ផល​ប៉ះពាល់​ជាង​មនុស្ស​ធំ តែ​ទាំង​ពីរ​វ័យ​ក៏​ត្រូវ​ទប់ស្កាត់​ដូច​គ្នា​ដែរ។

 

 

អ្នក​ជំនាញ​ផ្នែក​សុខភាព​ចាប់ផ្ដើម​ទទួល​ស្គាល់​អំពី​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៃ​វិទ្យុសកម្ម​ទូរស័ព្ទ​ដៃ​ហើយ​របាយការណ៍​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា មនុស្ស​ជាច្រើន​កំពុង​មាន​ការ​សង្ស័យ​អំពី​ផល​ប៉ះពាល់​សុខភាព​ដោយ​សារ​បច្ចេកវិទ្យា​ឥត​ខ្សែ (wireless)។ វិទ្យុសកម្ម​កំពុង​ស្ថិត​ក្នុង​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មនុស្ស រហូត​អាច​ប្រឈម​ជំងឺ​មហារីក​ខ្ពស់។

 

ដូច្នេះ​ដើម្បី​ជា​វិធានការ​បង្ការ ក៏​ដូចជា​កាត់​បន្ថយ​គ្រោះថ្នាក់​សុខភាព​ពី​វិទ្យុសកម្ម​ទូរស័ព្ទ គេ​មាន​ចំណាត់​ការ​សំខាន់ៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

 

១) ព្យាយាម​អត់​និយាយ​ទូរស័ព្ទ ប្រសិន​មិន​ចាំបាច់ ហើយ​បង្វែរ​មក​ជា​ការ​ផ្ញើ​សារ​ជា​អក្សរ​ជំនួស​វិញ៖
ក៏​ជា​ចំណុច​មួយ​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​វិទ្យុសកម្ម​ផង​ដែរ។ អ្នក​គួរ​កំណត់​ការ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ការ​ខល​ទាក់ទង​គ្នា ក្នុង​ករណី​ដែល​ចាំបាច់​បំផុត តែ​បើ​បាន​និយាយ​ក៏​ត្រូវ​មាន​ដែន​កំណត់​សន្ទនា​ត្រឹម​រយៈពេល​ខ្លី​មួយ​បាន​ហើយ ព្រោះ​ផល​អវិជ្ជមាន​ទៅ​លើ​ជីវសាស្ត្រ​នៃ​ទូរស័ព្ទ​ក៏​មាន​ការ​ទាក់ទង​នឹង​រយៈពេល​ផង​ដែរ។

 

ផ្អែក​តាម​ការ​ធ្វើតេស្ត​របស់​គណៈកម្មការ​គមនាគមន៍​សហព័ន្ធ​ឱ្យ​ដឹង​ថា កម្រិត​វិទ្យុសកម្ម​ឡើង​ខ្ពស់​លើ​ទូរស័ព្ទ​គឺ​អាស្រ័យ​លើ​ក្រុម​បញ្ជូន (transmission band) ដែល​ទូរស័ព្ទ​ខ្លះ​អាច​ប្រើ band ច្រើន​ខណៈ​ពេល​កំពុង​សន្ទនា​តាម​ទូរស័ព្ទ។ តាមរយៈ​នេះ នឹង​ធ្វើ​ឱ្យ​ទូរស័ព្ទ​មាន​វិទ្យុសកម្ម​ខ្ពស់​ជាង​ការ​ប្រើប្រាស់​ធម្មតា​ ទៅទៀត។

 

២) ពេល​និយាយ​ទូរស័ព្ទ គួរ​តែ​បើក​សំឡេង​ចេញ​ក្រៅ (Load speaker) ឬ​ប្រើ​កាស ឬ​ឧបករណ៍​បំពង​សំឡេង ពោល​គឺ​ធ្វើ​យ៉ាងណា​ពេល​សន្ទនា​ឱ្យ​នៅ​ឆ្ងាយ​ពី​ទូរស័ព្ទ ប្រសិន​ការ​សន្ទនា​នោះ​មិន​ជា​ការ​សម្ងាត់​ត្រូវ​លាក់​បាំង​នោះ​ទេ ឬ​ទោះបី​សម្ងាត់ អ្នក​ក៏​អាច​ស្វែងរក​កន្លែង​ស្ងាត់​ស្រួល​និយាយ​ក៏​បាន៖

វិទ្យុសកម្ម​សរុប​សាយភាយ​ឆ្ពោះ​ទៅ​រក​ក្បាល និង​ស្រូប​ចូល​ទៅ​ក្នុង​អឌ្ឍគោល​ខួរក្បាល (brain hemisphere) ពេញ​មួយ​ចំហៀង​នៃ​ត្រចៀក​ម្ខាង​ដែល​ប្រើ​សម្រាប់​ស្ដាប់។ ដូច្នេះ​គួរ​ណាស់ ជៀសវាង​​សន្ទនា​ទូរស័ព្ទ​ដាក់​ជាប់​ត្រចៀក​ផ្ទាល់។

 

៣) ខណៈ​កំពុង​ហៅ​ទូរស័ព្ទ​ចេញ ( Call ចេញ) អ្នក​ គួរ​កុំ​ទាន់​យក​ទូរស័ព្ទ​មក​ផ្អឹប​នឹង​ត្រចៀក គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ភាគី​ម្ខាង​ទទួល​សិន៖
រលក​នៃ​វិទ្យុសកម្ម​មាន​អំណាច​ខ្លាំង​ពេញលេញ​ក្នុង​ខណៈ​ពេល​ទូរស័ព្ទ​កំពុង​ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ​មួយ​ទៀត (ខល)។ ដូច្នេះ​គួរ កុំទាន់អាល​យក​ទូរស័ទ្ទ​ទៅ​ផ្ទប់​នឹង​ត្រចៀក​ពេល​កំពុង​ទូរស័ព្ទ​ចេញ គឺ​ត្រូវ​រង់ចាំ​ភាគី​ទទួល​សិន។ ចំណែក​ការ​ទទួល​ទូរស័ព្ទ​ចូល អ្នក​ត្រូវ​ទុក​គម្លាត​ពេល ២ ទៅ ៣នាទី​សិន​ចាំ​យក​មក​និយាយ​ជិត​ត្រចៀក។

 

៤) ជៀសវាង​ការ​យក​ទូរស័ព្ទ​ដាក់​ជាប់​នឹង​ខ្លួន គ្រប់​ពេលវេលា​ពេក ​ទេ ៖
ទោះ standby ទូរស័ព្ទ​ក៏​ដោយ តែ​ក៏​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​អង់តែន​សេវា​ទូរស័ព្ទ​ដែល​នៅ​ជិតៗ​បំផុត ដើម្បី​ធានា​បាន​នូវ​សេវា​គ្រប់គ្រាន់​ ដែល​គេ​អាច​ហៅ​ទូរស័ព្ទ​ចេញ​ចូល​បាន។ ប្រសិន​តំបន់​ដែល​អ្នក​ស្ថិតនៅ​មាន​សេវា​ខ្សោយ វា​អាច​បញ្ចូល​រលក​សញ្ញា​រាល់ ៣០វិនាទី​ម្ដង ដើម្បី​រក្សា និង​ទទួល​បាន​សេវា​ល្អ។

 

 

សូម្បី​តែ​ទូរស័ព្ទ​បិទ​ហើយ​ក៏​ដោយ តែ​វា​អាច​នៅ​តែ​បញ្ចេញ​វិទ្យុសកម្ម​មក​ក្រៅ។ ទូរស័ព្ទ​ជាច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​បំពាក់​ប្រព័ន្ធ​ស្វែងរក​ទីតាំង GPS ដែល​ជា​ទៀងទាត់​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​មើល​ទីតាំង​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ពេល​ខ្លះ​ទោះ​បិទ​មុខងារ​ហើយ​ក៏​មិន​ប្រាកដ​ថា​សេវាកម្ម​បញ្ឈប់​នោះ​ដែរ។ ចំណែក​ការ​កំណត់​ទម្រង់ Flight mode ឬ airplane គឺ​មាន​សុវត្ថិភាព​ជាង នៅ​ពេល​អ្នក​កាន់​ទូរស័ព្ទ ឬ​ដាក់​ជាប់​ខ្លួន។

 

ម្យ៉ាងទៀត បើ​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ខោ​ក្បែរ​ចង្កេះ នោះ​រលក​វិទ្យុសកម្ម​ចេញ​ពី​ទូរស័ព្ទ​នឹង​ត្រូវ​ស្រូប​ដោយ​ជាលិកា​ទន់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​បាន។

 

៥) ផ្អាក​ការ​សន្ទនា​ទូរស័ព្ទ ​ពេល​កំពុង​ធ្វើ​ដំណើរ (ម៉ូតូ រថយន្ត រថយន្ត​ក្រុង រទេះភ្លើង ...)៖
មិន​ថា​មធ្យោបាយ​ណាមួយ​នោះ​ទេ ឱ្យ​តែ​ជា​ការ​បម្លាស់ទី​ធ្វើដំណើរ​នោះ​ គឺ​នឹង​មាន​ទំនាក់ទំនង​ស្កេន​ដោយ​អង់តែន​ទូរស័ព្ទ ក្នុង​​កម្រិត​រលក​សញ្ញា​ខ្ពស់​អតិបរមា ក៏​ជា​ហេតុ​មួយ​ធ្វើ​ឱ្យ​មាន​ការ​បំភាយ​វិទ្យុសកម្ម​កើន​ឡើង​ខ្លាំង​តាម​នោះ​ដែរ។

 

៦) មិន​គួរ​ប្រើ​ទូរស័ព្ទ​នៅ​ចំណត​រថយន្ត​នោះ​ទេ ៖
ចំណត ជា​កន្លែង​សម្រាប់​រថយន្ត​ចត ហើយ​ក៏​មាន​ចំនួន​ច្រើន​រាប់​មិន​អស់​អាស្រ័យ​លើ​ទីធ្លា។ នៅ​ក្នុង​មជ្ឈដ្ឋាន​មួយ​ដែល​ហ៊ុមព័ទ្ធ​ដោយ​លោហធាតុ​នោះ វិទ្យុសកម្ម​នឹង​រឹតតែ​មាន​កម្រិត​ខ្ពស់​ឡើង។ វិទ្យុសកម្ម​ពី​ទូរស័ព្ទដៃ​របស់​អ្នក នឹង​ជះ​ត្រឡប់​មក​វិញ ដោយ​សារ​សមាសធាតុ​លោហធាតុ​នៃ​រថយន្ត នោះ​នឹង​ធ្វើ​ឱ្យ​វិទ្យុសកម្ម​រឹតតែ​ពង្រីក​កម្រិត​សាយភាយ​រឹតតែ​ខ្លាំង។

 

៧) កុំ​ទុក​ទូរស័ព្ទ​ជិត​ខ្លួន​នៅ​ពេល​គេង ​មិន​ថា​យប់ ឬ​​ពេល​ថ្ងៃ ៖
ជៀស​បាន​គួរ​តែ​ជៀស ព្រោះ​ការ​ទុក​ទូរស័ព្ទ​ក្នុង​បន្ទប់​គេ ឬ​ក្បែរ​គ្រែ​គេង ផ្ដល់​ហានិភ័យ​ខ្ពស់​មួយ​ផង​ដែរ​ព្រោះ​យប់​ឡើង​ជា​ពេលវេលា​សម្រាក​មួយ​កន្លែង​រយៈពេល​វែង ដែល​ធ្វើ​ឱ្យ​រាងកាយ​ស្រូប​វិទ្យុសកម្ម​ច្រើន។ មិន​តែ​ប៉ុណ្ណោះ​បើ​បើក​អ៊ីនធឺណិត​ជាប់​ទៀត នឹង​រឹតតែ​គ្រោះថ្នាក់។

 

ការ​សិក្សា​បង្ហាញ​ថា វិទ្យុសកម្ម​ទូរស័ព្ទដៃ​នៅ​ពេល​យប់​អាច​រំខាន​ដល់​វដ្ដ​នៃ​ការ​គេង និង​ធ្វើ​ឱ្យ​មាន​ជំងឺ​ផ្សេងៗ ដូច​ជា រលាក​ឬ​អាឡែរហ្សី អស់​កម្លាំង​នៅ​ពេល​ក្រោក​ពី​ដំណេក ញ័រ​ទ្រូង ឈឺ​សាច់​ដុំ ទន់ខ្សោយ និង​ឆាប់​ខឹង។ ការ​ប៉ះពាល់​ទាំង​នេះ អាច​រារាំង​ដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាពសុំា និង​កាត់​បន្ថយ​ការ​ផលិត melatonin និង​អ័រម៉ូន​ដទៃ​ទៀត​នៅ​ពេល​យប់។

 

៨) ជៀសវាង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​តប់ប្រមល់​ខ្លាំង ព្រោះ​វិទ្យុសកម្ម​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង ហើយ​សារពាង្គកាយ (សរីរាង្គ​ទាំងឡាយ​)ចុះ​ខ្សោយ៖

ការ​ប៉ះពាល់​ដល់​សុខភាព គឺ​​អាស្រ័យ​ទៅ​នឹង​បរិមាណ​នៃ​វិទ្យុសកម្ម ដែល​យើង​ទទួល។ អ្នក​ដែល​ទទួល​រង​ធាតុ​វិទ្យុ​សកម្ម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ ក្នុងរយៈពេល​ខ្លី (គេ​ចាត់​ទុក​ថា​ស្លាប់​ដោយ​ពុល​ធាតុ​វិទ្យុសកម្ម)។ អ្នក​ដែល​ទទួល​រង​ក្នុង​កម្រិត​ធ្ងន់​មធ្យម អាច​ត្រូវ​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៅ​ថ្ងៃ​អនាគត។



ធាតុ​វិទ្យុសកម្ម​អាច​មាន​នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង ក្នុង​បរិយាកាស គ្រាន់តែ​មាន​ក្នុង​កម្រិត​ទាប។ ជាទូទៅ មនុស្ស​ម្នាក់​ៗ​​ទទួល​ធាតុ​វិទ្យុសកម្ម ប្រមាណ​ជា ២​មីលីស៊ីវែរត៍ ក្នុង​មួយ​ឆ្នាំ។ ការ​​ថត​កាំរស្មី​អ៊ិច (X-Ray) ក៏​​បណ្ដាល​ឲ្យ​យើង​ទទួល​ធាតុ​វិទ្យុសកម្ម​ដែរ ប៉ុន្តែ ទទួល​ក្នុង​​រយៈពេល​ខ្លី និង​កម្រិត​ទាប។ 

 


អ្នក​ដែល​ទទួល​ធាតុ​វិទ្យុសកម្ម​ ចាប់ពី​កម្រិត ១​ស៊ីវែរត៍​ទៅ (ស្មើ​នឹង​១ពាន់​មីលីស៊ីវែរត៍) ត្រូវ​ចាត់ទុក​​ជា​អ្នក​ជំងឺ​វិទ្យុសកម្ម។ អ្នក​ជំងឺ​អាច​ត្រូវ​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ខ្លាំង ប៉ុន្តែ នៅ​អាច​មាន​លទ្ធភាព​ព្យាបាល​បាន។ អ្នក​ដែល​ទទួល​ធាតុវិទ្យុសកម្ម​ ចាប់​ពី ៥​ស៊ីវែរត៍ មាន​អត្រា​ស្លាប់ ៥០% បើ​សិន​ជា​បាន​ទទួល​ការព្យាបាល​ត្រឹមត្រូវ។ អត្រា​ស្លាប់​អាច​នឹង​កើនឡើង រហូតដល់ ៩០% ឬ ១០០% ប្រសិន​បើ​គ្មាន​ការ​ព្យាបាល។ អ្នក​ដែល​ទទួល​ធាតុវិទ្យុសកម្ម​ចាប់ពី ៨​ស៊ីវែរត៍​ទៅ មាន​អត្រាស្លាប់ ១០០% មានន័យថា អ្នក​ជំងឺ​នឹង​ត្រូវ​ស្លាប់ បើទោះជា​មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ក៏ដោយ៕

 

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ http://www.electricsense.com/775/how-to-protect-yourself-from-cell-phone-radiation/
http://bodyecology.com/articles/5-cell-phone-radiation-tips#.U73to7EWbGo
http://inhabitat.com/the-top-5-ways-to-protect-yourself-from-cellphone-radiation/
http://bodyecology.com/articles/5-cell-phone-radiation-tips#.U73to7EWbGo
http://inhabitat.com/the-top-5-ways-to-protect-yourself-from-cellphone-radiation/

 

មតិយោបល់