អភិវឌ្ឍចំណេះដឹង | March 04, 2021 | 746

មេរៀន​ជីវិត​ជោគជ័យ​ពី Larry King

មាន​ទេពកោសល្ល មានសមិទ្ធផល មាន​ជោគជ័យ​ទាំងអស់​នេះ​ជា​ភាព​លេចធ្លោ​របស់​ពិធីករ​វិទ្យុ​និងទូរទស្សន៍​ល្បីឈ្មោះ​ឈ្នះ​ពានរង្វាន់​ច្រើនលើក។ ដំណើរ​ជីវិត​របស់​លោក Larry King ​ផ្តើមចេញ​ពី​ក្មេង​ដែល​គ្មាន​គេ​ស្គាល់​នៅក្នុង​តំបន់ Brooklyn ធ្វើ​ការ​ជាអ្នកជូតសម្អាត​ឥដ្ឋ​ការ៉ូ​នៅ​ស្ថានីយ៍​វិទ្យុមួយ។ លោក​បាន​ឱកាស​និយាយ​ក្នុង​វិទ្យុ​ម្តងម្កាល​នៅពេល DJ ​ណា​ម្នាក់​ទូរសព្ទ​មក​ប្រាប់​ថា​គេឈឺ​មិន​អាច​មក​បាន។

 

តាមរយៈ​ឱកាស​បែបនេះ​លោក​បាន​បន្ត​ទៅ​ធ្វើ​កិច្ច​សម្ភាសន៍​ជាង​៦០,០០០​ដង​និង​ទទួល​បាន​ពាន់​រង្វាន់​រាប់មិនអស់។​​ លោក King ចែករំលែក​មេរៀន​ខ្លះ​ដើម្បី​សម្រេច​សុបិន​និង​ក្លាយ​ជា​មនុស្សល្បី​៖

 

 

 

 

១/ ស្វែងរក​ច្រកចូល

នៅពេល​លោក​​ King មានឱកាសបាន​ជួប​​បុគ្គលិក​ធ្វើការ​នៅវិទ្យុ​របស់​ក្រុមហ៊ុន​CBS​លោកបាន​​បង្ហាញ​ឆន្ទៈ​និង​សុំ​សួរ​រក​ដំបូន្មាន​ពី​គេភ្លាម។ គេ​បាន​ប្រាប់​លោក​ឱ្យ​ទៅ​រកកន្លែង​ដែលមាន​វិទ្យុ​ថ្មី​ ហើយក្រោយ​មក​លោក​ King ក៏បានធ្វើ​ជា​ជំនួយការ​គេ​នៅ​ក្នុង​ស្ថានីយ៍វិទ្យុ​តូចមួយដែល​ការងារ​ភាគច្រើន​របស់​លោក​គឺ​ការជួតសម្អាត​និង​ធ្វើកិច្ចការ​កំប៉ិកកំប៉ុក។

 

២/ ត្រូវនិយាយ​ថា​បាន​គ្រប់​ពេល

លោក​ King ព្រម​ទទួល​យក​គ្រប់​ឱកាស​ទាំងអស់​ដែល​លោកជួប។ កិច្ច​ការ​បន្ទាប់​ដែលលោកទទួល​បាន​គឺធ្វើ​ជា DJ ហើយក៏​ចាប់ផ្តើម​បង្កើត​កម្មវិធី​វិទ្យុដោយ​ខ្លួនឯង​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ ធ្វើការ​នៅទូរទស្សន៍​ក្នុងពេលចុងសប្តាហ៍​ សរសេរ​អត្ថបទ​ឱ្យកាសែត និងកិច្ចការជាច្រើនទៀត។ មិនយូរ​ប៉ុន្មាន​ទូរទស្សន៍​ CNN ក៏អញ្ជើញលោក​ឱ្យធ្វើការ​ ហើយលោក King នៅតែ​បន្ត​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​និង​វិទ្យុ​ជាច្រើនទៀត។

 

៣/ ប៉ុន្តែ​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​ចេះ​ច្បាស់

លោក King ​និយាយថា​ លោក​តែងតែ​ប្រកាន់​ជាប់​នូវ​កិច្ចការ​ដែលលោកចេះច្បាស់ និងជាកិច្ចការ​ដែលរុញច្រានឱ្យរូបលោក​ឈាន​ឡើង​ជាលំដាប់។ ចំពោះ​កិច្ចការ​ណា​ដែលលោក​មិន​ចេះ​លោក​ចាត់ចែង​ឱ្យ​អ្នកដទៃ​ធ្វើ​ ហើយ​លោក​តែងតែ​ពឹង​អាស្រ័យ​មនុស្ស​ជុំវិញ​ខ្លួន​ដូច​ជា​អ្នក​បច្ចេកទេស ផលិតករ និង​អ្នកផ្សេងទៀត។

 

៤/ តែងតែ​រស់​ក្នុង​បច្ចុប្បន្ន​

អ្នក​ធ្វើការ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​ត្រូវតែ​ធ្វើការ​ក្រោម​សម្តាធ​ ហើយនេះ​ជាជំនាញ​ដែលមនុស្សគ្រប់គ្នា​អាច​រៀន​បាន។ ឈប់គិត​រឿង​សម្ភាសន៍​កាលពីម្សិលមិញ​ព្រោះវា​កន្លង​ផុតទៅហើយ។ កុំខ្វល់​នឹង​កិច្ចសម្ភាសន៍​នៅថ្ងៃស្អែក​ព្រោះវា​មិនទាន់​មកដល់ទេ។ ប្រសិនបើ​ខ្ញុំ​សម្ភាសន៍​កម្មករ​ធ្វើកូដកម្មនៅថ្ងៃនេះ​ ហើយមានកម្មវិធី​ត្រូវសម្ភាសន៍​ប្រធានាធិបតី​នៅថ្ងៃស្អែក ខ្ញុំនឹង​មិនគិត​ដល់​រឿង​ប្រធានាធិបតី​ឡើយ។

 

៥/ បែងចែក​អាទិភាព​ជីវិត​ផ្ទាល់ខ្លួន

រៀន​ពីកំហុស​របស់​លោក King។ ភាពងប់ងុល​នឹងការងារ​និង​ការជក់បារី​បាន​បណ្តាល​ឱ្យ​លោក​មាន​បញ្ហា​បេះដូង​និង​ត្រូវ​វះកាត់​ជាច្រើន​ដងកាលពីឆ្នាំ​១៩៨៧។ លោកKingបានរៀប​ការ​៨ដង​ដែរ ហើយ​លោកបាន​សារភាព​ជាសាធារណៈ​ថា​លោក​សោកស្តាយ​ដែលបណ្តោយ​ឱ្យ​ការងារ​គ្របសង្កត់​លើ​ជីវិត។ ​

 

៦/ ជឿជាក់​លើអារម្មណ៍ខ្លួនឯង

ទោះបី​ជា​លោក​ King ចូលចិត្ត​កីឡា ហើយ​បាន​រៀប​ផែនការក្លាយ​ជា​ពិធីករ​កីឡា​ តែ​អារម្មណ៍របស់​លោក​បាន​តម្រង់​ទិសដៅ​ឡើងវិញនៅក្នុង​ពេល​សម្ភាសន៍​តារាមួយរូប។ លោក King ក៏ធ្លាប់​បដិសេធ​ការផ្តល់​ជូន​ដ៏ល្អ​មួយ​ដែល​ខុសពីជំនាញរបស់លោក​ដោយ​បញ្ជាក់​ថា​ទោះជា​ស្ថិតនៅក្នុងវិស័យ​អ្វីក៏ដោយ បើអ្នក​រីករាយ​ហើយ​កុំឈប់​ពីការងារ​នោះ។​ កុំធ្វើ​អ្វី​ៗដើម្បីតែលុយ ហើយត្រូវ​ជឿជាក់​លើ​អារម្មណ៍​ខ្លួនឯង។

 

៧/ បន្តក្រោកឈរជានិច្ចក្រោយពេលដួល

លោក King ក៏ធ្លាប់​ឆ្លងកាត់ពេលឡើងចុះក្នុង​ជីវិតដែរ។ ប៉ុន្តែ​លោកប្រកាន់​ជាប់​ថា​ដើម្បី​ជោគជ័យ​អ្នក​ត្រូវតែ​បន្តសំឡឹងមើលឱ្យខ្ពស់​ជានិច្ច ព្រោះ​ថាបើទោះជាស្ថិតនៅក្នុង​វ័យ​ជាង៨០ឆ្នាំ​ហើយក្តី​ ក៏លោក​នៅតែ​ឆ្ងល់​ថា​តើ​លោក​អាច​ធ្វើ​អ្វីបានទៀតទេ? អ្នក​អាចនឹង​ដួល អ្នកអាចនឹងត្រូវគេបដិសេធ អ្នកអាចនឹងត្រូវគេបញ្ឈប់ពីការងារ ប៉ុន្តែអ្នកមិនត្រូវ​បោះបង់ខ្លួនឯង​ចោលទេ។

 

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Success Magazine

មតិយោបល់