អភិវឌ្ឍចំណេះដឹង | February 22, 2021 | 1,281

ដើម្បីធ្វើ​ឲ្យជិវិត​ត្រចះត្រចង់ អ្នក​អាចសាកល្បង​ហាត់យកទម្លាប់​ទាំងនេះដាក់ខ្លួន

ប្រសិន​បើចង់បានសុភមង្គល​និងជោគជ័យ គួរតែខិតខំ​បង្កើតទម្លាប់​ទាំងនេះឱ្យបាន​រាល់ថ្ងៃព្រោះមនុស្ស​យើងនេះជាសត្វដែល​រស់តាម​ទម្លាប់។ អ្វីៗដែលយើង​គិត និយាយ និងធ្វើ​ ជាលទ្ធផលនៃ​ទម្លាប់ដែលកប់​យ៉ាងជ្រៅក្នុង​សណ្តាន​ចិត្តរាប់ឆ្នាំមក​ហើយ។ ទម្លាប់អាចជួយ ឬរារាំងយើងក្នុងផ្លូវ​រីកចម្រើននៃជីវិត​។ តាមពិតទៅ គុណភាព​និងស្ថានភាព​ជីវិតយើងក្នុងពេល​បច្ចុប្បន្ននេះ​ជាការឆ្លុះបញ្ចាំង​ដោយត្រង់នៃ​ទម្លាប់ប្រចាំថ្ងៃ​របស់យើង។ ដូច្នេះ​​ តើទម្លាប់​ល្អអ្វីខ្លះដែល​យើងគួរបង្កើត​ឱ្យមាន ឬរើសយក​មកដាក់ក្នុង​ខ្លួន?

 

 

 

១/ ឆាប់ក្រោកពីព្រឹក

ពេលព្រឹក​គឺជាពេលសម្រាប់​ការគិតពិចារណា​យ៉ាងស្ងប់អារម្មណ៍​និងជាពេលដែលពោពេញ​ទៅដោយផលិតភាព ព្រោះ​មនុស្សភាគច្រើន​កំពុងតែ​លង់លក់យ៉ាង​ស្កប់ស្កល់ ដោយទុក​បរិយាកាសគ្មាន​ការរំខានដល់អ្នកផ្ចង់​អារម្មណ៍បានពេញលេញ​លើគោលដៅ​វែងឆ្ងាយនៃជីវិត​។ មនុស្សដែល​ចង់សម្រេចជោគជ័យ​ក្នុងកម្រិតណា​ដ៏ដោយ តែងតែស្គា​ល់នូវសារៈសំខាន់​នៃការក្រោកពីព្រឹកព្រលឹម​។ បើអ្នកធ្លាប់តែ​ចូលគេងយឺត ហើយ​ក្រោកយឺត​ដែរនោះ អ្នកគួរតែចាប់​ផ្តើមប្តូរទម្លាប់​ដោយប្រើប្រាស់​នាឡិការោទិ៍​ជួយដាស ធ្វើយ៉ាង​ណាក្រោកឱ្យ​បានពីរម៉ោងមុន​ទម្លាប់បច្ចុប្បន្ន​របស់អ្នក។

 

២/ ការដឹងគុណ

ពីមួយថ្ងៃ​ទៅមួយថ្ងៃ មនុស្សយើង​ចំណាយពេលច្រើនណាស់រស់ល​ង់ជ្រៅទៅក្នុងបញ្ហា​។ ប៉ុន្តែបញ្ហាគ្រាន់​តែជាសញ្ញាមួយ​នៃជីវិតទេ។ ពេលដែល​មនុស្សលែងមាន​បញ្ហាគឺជាពេល​ដែលមនុស្សលែង​រស់នៅដែរ។ ហើយប្រសិន​បើអ្នកចង់ប្តូរការ​ផ្តោតចេញពី​បញ្ហា អ្នកត្រូវតែមាន​ការដឹងគុណចំពោះអ្វីៗ​ដែលអ្នកមាន។ ការដឹងគុណ​គឺជាមាគ៌ាទៅ​រកសុខភាព សុភមង្គល​ និងជោគជ័យ​ ព្រោះវាទាញចំណាប់​អារម្មណ៍របស់​យើងឱ្យបាញ់ឆ្ពោះ​ទៅរកអ្វីៗដែល​យើងមានជាជាងផ្តោត​គិតតែលើអ្វីៗ​ដែលយើង​មិនមាន។

 

៣/ ញញឹម

ការសិក្សា​ជាច្រើនបង្ហាញថា​មនុស្សដែលញញឹមចេញ​ពីក្នុងចិត្តជាមនុស្សដែលមាន​ជីវិតរីករាយច្រើន​។ នេះជាទម្លាប់ល្អបំផុត​មួយដែលអនុញ្ញាត​ឱ្យអ្នកស្វែងរកនូវ​មនោសញ្ចេតនា និងការ​សុខស្ងប់ផ្លូវចិត្តដោយ​គ្រាន់តែយក​ការញញឹមមក​ដាក់លើមុខ។ ពេលខ្លះ​សកម្មភាពជាអ្នកដាស​ចិត្តឱ្យក្រោក​ពីដំណេក។ នៅពេលដែល​យើងធ្វើមុខមិន​រីករាយ ឬធ្វើកិច្ចការ​ណាដែលពាំនាំអារម្មណ៍​ធុញថប់ និងមិន​រីករាយ ចិត្តរបស់យើង​ក៏មិនគិតអ្វីផ្សេង​ក្រៅពីនេះ រួចបន្តនឹក​រកទាញអារម្មណ៍​ស្រដៀងគ្នានេះ​មកជាប់មិនដាច់​។ ប៉ុន្តែ នៅពេលយើងប្តូរ​ទឹកមុខ ចិត្តខាង​ក្នុងក៏ធ្វើ​តាមដូចគ្នា​ដែរ។

 

៤/ ទទួលទានអាហារពេលព្រឹកដើម្បីសុខភាព

អាហារពេល​ព្រឹកជាផ្នែកសំខាន់​មួយនៃជីវិត ហើយតាម​ពិតអាហារពេល​ព្រឹកជាអាហារ​ដែលសំខាន់បំផុត​នៃអាហារពេញ​មួយថ្ងៃ។ ប្រសិនបើអ្នក​ពិតជាចង់បានជោគជ័យ​ក្នុងជីវិតមែន គួរតែទទួលទាន​អាហារពេលព្រឹក​ណាដែលនាំមកនូវសុខភាព​ឱ្យបានរាល់ព្រឹក។ ទម្លាប់មួយនេះ​មិនចាំបាច់ត្រូវ​ការព្យាយាមច្រើនទេ​។ ប្រសិនបើអ្នកចង់​រៀបចំទទួលទាន​ឱ្យបានត្រឹមត្រូវ អ្នក​ត្រូវឆាប់ក្រោកពីព្រឹក ដែល​ជាទម្លាប់មួយខាង​ដើមនេះរួច​ទៅហើយ។

 

៥/ ហាត់ប្រាណ

ទម្លាប់ដែលល្អ​បំផុតគ្មានពីរក្នុងជីវិតនេះ​គឺការហាត់ប្រាណរាល់​ថ្ងៃដោយមិនឱ្យខកខាន​។ ការហាត់ប្រាណ​ដើម្បីជីវិតមិនមែន​ចាំបាច់ត្រូវតែលើក​ដុំដែក ឬរត់ប្រណាំងគ្នាទេ។ ទម្លាប់ហាត់ប្រាណ​រាល់ថ្ងៃគួរតែជាការបញ្ចេញសកម្មភាពពលកម្មល្មមៗ​ដែលធ្វើឱ្យអុក​ស៊ីសែនជួយសម្រួល​ឈាមបានល្អ។ អ្នកនឹង​មិនត្រឹមតែ​មានរាងកាយល្អប៉ុណ្ណោះ​ទេនៅពេលចាប់ផ្តើម​ទម្លាប់នេះ តែអ្នក​ថែមទាំងមានភាព​ស្វាហាប់ និងមានចិត្ត​​ជ្រះថ្លាជាងមុន​ទៀតផង។​ 

 

៦/ ផឹកទឹកលាយជាមួយក្រូចឆ្មា

ទម្លាប់ល្អមួយ​ទៀតដើម្បីមាន​ប្រយោជន៍ដល់សុខភាព​គឺការផឹកទឹក​ឱ្យបានច្រើនដោយលាយ​ជាមួយនឹងក្រូចឆ្មា​ឱ្យបានរាល់ថ្ងៃ។ ក្រូចឆ្មា​គឺជាប្រភពធម្មជាតិនៃវីតាមីន​សេ ប៉ុន្តែវាក៏មានផ្ទុកសារធាតុ​ផ្សេងទៀតដែល​មានប្រយោជន៍ចំពោះសុខភាព​ដែរ ដូចជាវាជួយរំ​លាយអាហារ និងបង្កើនប្រព័ន្ធ​ភាពស៊ាំ។ ចំណែកឯទឹកវិញ​ក៏មានសារៈសំខាន់​ដែរព្រោះវាជួយលាង​ជម្រះជាតិពុលក្នុងខ្លួនបាន​ញឹកញាប់ ហើយវាក៏ជួយ​សម្រកទម្ងន់ និងកាត់​បន្ថយបញ្ហារលាក​ខាងក្នុង រួចបង្កើន​ថាមពល។

 

៧/ ដើរឱ្យបាន១០ ០០០ជំហាន

មនុស្សភាគច្រើន​ធ្លាប់ឮប្រយោជន៍​នៃការដើរយ៉ាងហោច​ណាស់១០ ០០០ជំហានក្នុង​មួយថ្ងៃ។ ប៉ុន្តែជីវិតក្នុង​ការិយាល័យទំនើប​ដូចសព្វថ្ងៃនេះ ធ្វើឱ្យមនុស្សភាគ​ច្រើនជួបបញ្ហាលំបាក​ក្នុងការដើរឱ្យបានគ្រប់គ្រាន់​ដើម្បីជីវិត។ ទម្លាប់នៃការ​ដើរឱ្យបានយ៉ាង​ហោចណាស់១០ ០០០ជំហាន​ក្នុងមួយថ្ងៃ​អាចជួយដោះស្រាយ​បញ្ហានៃរបៀប​ធ្វើការអង្គុយ​ជាប់នឹងកៅអីច្រើន​ម៉ោងបាន។ ដើម្បីបង្កើ​តទម្លាប់នេះ អ្នកគួរតែ​យានជំនិះឱ្យឆ្ងាយ​ពីការិយាល័យ ហើយ​ប្រើជណ្តើរ​ថ្មើជើងជំនួស​ជណ្តើរយន្ត។

 

៨/ ទទួលទានវីតាមីន និងសារធាតុរ៉ែ

សព្វថ្ងៃមនុស្ស​ខ្វះវីតាមីននិង​សារធាតុរ៉ែចាំបាច់​ព្រោះតែរបៀបបរិភោគ​អាហារ​។ ប្រភេទអាហារទំនើប​មួយចំនួន អាហារដែល​ឆ្លងកាត់ការចម្រាញ់​នៅរោងចក្រ និងអាហារ​បន្ថែមសារធាតុរក្សាគុណភាព​ភាគច្រើនបានបំផ្លាញ​វីតាមីននិង​សារធាតុរ៉ែល្អៗ។ ជាលទ្ធផល មនុស្សយើង​កាន់តែទទួលបាន​អាហារូបត្ថម្ភតិចទៅៗ​រាល់ថ្ងៃបើទោះជាអាហារកាន់​តែសម្បូរបែបយ៉ាង​ណាក៏ដោយ។ ដូច្នេះអ្នកគួរ​តែស្វែងរកអាហារ​ដែលមានផ្ទុកសារធាតុចាំបាច់​សម្រាប់ជីវិត​តាមរយៈការទទួលទាន​បន្លែនិងផ្លែឈើស្រស់​ឱ្យបានរាល់ថ្ងៃ។

 

៩/ គ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព

ទម្លាប់សំខាន់មួយ​ដើម្បីជោគជ័យក្នុង​កិច្ចការអ្វីៗទាំងអស់​ក្នុងជីវិតនេះ​គឺការគ្រប់គ្រងពេល​វេលាឱ្យមានប្រសិទ្ធភាព​បំផុត។ មនុស្សគ្រប់​គ្នាមានពេល២៤ម៉ោងដូច​គ្នាក្នុងមួយថ្ងៃៗ ប៉ុន្តែហេតុអ្វី​បានជាអ្នកខ្លះសម្រេច​បានការងារច្រើន ហើយអ្នកខ្លះ​ទៀតបែរជាគ្មាន​សម្រេចបានកិច្ចការ​អ្វីសោះ? សូមរកប្រព័ន្ធ​ដ៏ល្អមួយដើម្បីគ្រប់គ្រង​ពេលវេលារបស់អ្នក​រួចអនុវត្តឱ្យបានជាប្រចាំ​។ កិច្ចការនេះមិនស្មុគស្មាញ​ពិបាកធ្វើទេ ប៉ុន្តែវា​តម្រូវឱ្យមានការយក​ចិត្តទុកដាក់ និងការព្យាយាម​។ បើអ្នកមានទម្លាប់នេះ​ក្នុងខ្លួន កិច្ចការស្ទើរ​តែគ្រប់យ៉ាងទាំង​អស់សុទ្ធតែអាច​ទៅរួច ហើយគ្មានគោលដៅណា​ដែលធំពេកសម្រាប់​អ្នកទេ។

 

១០/ កំណត់គោលដៅប្រចាំថ្ងៃ

មនុស្សភាគ​ច្រើនមានគោលដៅ​ក្នុងជីវិត។ ទោះជាគោលដៅ​ក្នុងពាណិជ្ជកម្ម ឬគោលដៅក្នុង​ជីវិតក៏ដោយ មនុស្សយើង​តែងតែធ្វើដំណើរឆ្ពោះ​ទៅរកទិសដៅដែលបាន​កំណត់ទុកបើទោះ​ជាដឹងខ្លួនក្តី មិនដឹង​ខ្លួនក្តី។ ទោះជាយ៉ាង​ណាក៏ដោយ ក្នុងពេល​ដែលគោលដៅវែងឆ្ងាយ​ជួយតម្រង់ទិសដៅ​យើង គោលដៅប្រចាំថ្ងៃ​អនុញ្ញាតឱ្យយើង​បង្កើតដំណាក់កាលខ្លីៗ​ដែលជាស្នូល​នៃជោគជ័យរបស់យើង​។ ពេលខ្លះគោលដៅ​វែងឆ្ងាយហាក់ដូច​ជាលើសលប់​ពេក ប៉ុន្តែយុទ្ធសាស្រ្ត​នៃការកំណត់គោលដៅ​ប្រចាំថ្ងៃអាចកាប់​បំបែកគោលដៅ​ធំរួចសម្រេចបាន​ជោគជ័យបន្តិចម្តងៗ​រហូតដល់យើង​អាចដើរដល់គោលដៅ​ធំនៅពេលសរុប​ជោគជ័យរាល់ថ្ងៃ។

 

១១/ លើកទឹកចិត្តខ្លួនឯង

ជាញឹកញាប់​មនុស្សយើងពិបាករក្សា​ទឹកចិត្តខ្លួនឯងឱ្យ​ស្វាហាប់នឹងកិច្ចការអ្វីមួយបាន​យូរណាស់។ ពេលខ្លះយើងបាក់​ទឹកចិត្ត និងលែងចង់តាមសម្រេចគោលដៅរបស់​យើងនៅពេលជួប​ឧបសគ្គ ឬបញ្ហាដែល​រុញច្រានយើងឱ្យរេធ្លាក់ផ្លូវ។ ប៉ុន្តែមធ្យោបាយ​ល្អបំផុតដែលអ្នកអាច​នៅតែរក្សាទឹកចិត្ត​​ឱ្យមានភាពហ្វាហាប់បាន​ក្នុងជីវិតគឺត្រូវចេះ​លើកទឹកចិត្តខ្លួនឯង​ឱ្យបានរាល់ថ្ងៃ​តាមរយៈ​ការអានសៀវភៅ ឬស្តាប់រឿងរ៉ាវ​ជោគជ័យរបស់​អ្នកដទៃ។ ការលើក​ទឹកចិត្តជាមាគ៌ា​ទៅរកជោគជ័យ ព្រោះថា​បើចិត្តមនុស្សអាចនឹក​ឃើញអ្វីមួយ វាក៏អាច​សម្រេចជារូបរាង​បានដែរ។

 

១២/ សន្សំលុយនិងវិនិយោគ

ក្នុងចំណោមទម្លាប់​ល្អទាំងអស់ មានទម្លាប់មួយ​ដែលមិនអាចខ្វះ​បានគឺការសន្សំ និង​ការវិនិយោគ។ មនុស្សភាគច្រើនតែងតែមើល​រំលងសារៈសំខាន់​ក្នុងការសន្សំ​ដើម្បីអនាគតដោយសារ​យើងរវល់ខ្លាំង​ពេកក្នុងពេល​បច្ចុប្បន្ននេះ។ ប៉ុន្តែការសន្សំ​តែម្យ៉ាងមិនគ្រប់គ្រាន់​ទេ អ្នកត្រូវតែវិនិយោគ​លុយដែលអ្នកបានសន្សំ ហើយ​ត្រូវិនិយោគក្នុង​របៀបដែល​ឆ្លាតវៃ។

 

១៣/ រៀបចំថវិកានិងតាមដានការចំណាយ

លោក Benjamin Franklin ធ្លាប់​និយាយថា សូមប្រយ័ត្ន​លើការចំណាយ​បន្តិចបន្តួច​របស់អ្នក ការលេចធ្លាយ​តែបន្តិចបន្តួចនឹង​អាចធ្វើនាវាដ៏ធំមួយ​លិចបាន​។ ជារឿងងាយណាស់​ដែលមនុស្សយើងមើល​រំលងការចំណាយ​បន្តិចបន្តួច ប៉ុន្តែយូរៗ​ទៅវានឹងមានចំនួន​កាន់តែច្រើន។ នៅពេលនិយាយ​ដល់រឿងទម្លាប់នៃការគ្រប់គ្រង​ហិរញ្ញវត្ថុឱ្យ​បានល្អ យើងត្រូវគិតគូរ​ពីរឿងបន្តិចបន្តួច ព្រោះវាជា​គន្លឹះនៃជោគជ័យ​ធំដុំក្នុងអនាគត។

 

១៤/ រៀនសូត្រអ្វីៗដែលថ្មី

អប់រំខ្លួនឯង ហើយរៀនសូត្រ​​ស្វែងយល់អ្វីៗដែលថ្មីឱ្យ​បានរាល់ថ្ងៃ។ ប្តេជ្ញាចិត្តចំពោះ​ការរៀនសូត្រ និងអភិវឌ្ឍ​ជីវិតរបស់អ្នក ទោះជារឿង​ស្វែងរកជំនាញថ្មីៗ ឬសំលៀងជំនាញ​ដែលមានស្រាប់​ហើយក៏ដោយ។ មធ្យោបាយ​នៃការរៀនជំនាញនិងចំណេះដឹង​ថ្មីៗមានច្រើន​ដូចជាតាមរយៈ​អ៊ីនថឺណិត សៀវភៅ និងការស្តាប់​ពីអ្នកដទៃ ក៏ប៉ុន្តែអ្វី​ដែលសំខាន់គឺត្រូវ​រក្សាទម្លាប់រៀន​រាល់ថ្ងៃ។

 

១៥/ រៀបចំខ្លួនឱ្យមានសណ្តាប់ធ្នាប់

ភាពរញេរញ៉ាយ​នៃឥរិយាបថជះឥទ្ធិពលលើការផ្តោតចិត្ត​និងអារម្មណ៍។ នៅពេលសកម្មភាព​ជីវិតប្រចាំថ្ងៃរបស់យើងខ្វះ​សណ្តាប់ធ្នាប់ យើងពិតជា​ពិបាកតាំងចិត្តផ្តោត​លើគោលដៅណាស់​។ ប្រើពេលខ្លះ​ដើម្បីរៀបចំផ្ទះ​សម្បែង និងការិយាល័យ ហើយ​ត្រូវធ្វើបន្តិចម្តងៗ​រាល់ថ្ងៃដើម្បីរក្សា​ទម្លាប់ល្អមួយនេះ។ ការសិក្សាស្រាវជ្រាវ​បញ្ជាក់យ៉ាងច្បាស់ថា​អ្វីៗដែលយើងមើល​ឃើញជុំវិញខ្លួនជាកត្តាជំរុញ​ទឹកចិត្តឱ្យជ្រះថ្លា ឬអាប់អ៊ូ។

 

១៦/ ចូលរួមវិភាគទានជាមួយអ្នកដទៃ

ក្នុងដំណើរនៃការ​សម្រេចគោលដៅ យើងតែងតែ​ភ្លេចអ្នកដទៃ។ យើងភ្លេចចូលរួមវិភាគទាន​អ្វីដែលមានតម្លៃទៅឱ្យ​មនុស្សជុំវិញខ្លួន​។ រឿងនេះមិនមែនសំដៅលើការ​ឧបត្ថម្ភលុយកាក់ទេ ប៉ុន្តែវា​ជារឿងពេលវេលា​ដែលមានតម្លៃច្រើនជាងលុយ​កាក់ទៅទៀត។ មនុស្សយើង​ហាក់ដូចជាចំណាយ​ពេលច្រើនជ្រុលក្នុងក្តីបារម្ភ​និងភាពអន្ទះសា។ ប៉ុន្តែនៅពេលអ្នក​បង្កើតទម្លាប់គិត​គូដល់អ្នកដទៃ អ្នកអាចនឹង​​ដោះស្រាយរឿងផ្ទាល់ខ្លួនបាន​យ៉ាងងាយ តាមរយៈការយល់ដឹង​នូវសារៈសំខាន់​នៃការជួយអ្នកដទៃ។

 

១៧/ បង្កើតបណ្តាញទំនាក់ទំនង

ច្បាស់ណាស់ថា​ដើម្បីជោគជ័យ ចេះដឹងតែឯង​មិនគ្រប់គ្រាន់ទេ យើង​ត្រូវការប្រាស្រាយទាក់ទង​ជាមួយអ្នកដទៃ​។ ប៉ុន្តែត្រូវចាំ​ថា ការបង្កើតបណ្តាញ​ទំនាក់ទំនងមិនមែន​ត្រឹមតែជាការចែក​នាមបណ្ណគ្នាទេ តែវាជាការ​ស្វែងរកមធ្យោបាយ​ដែលអ្នកអាចជួយនិង​តបន្ថែមតម្លៃទៅក្នុង​ជីវិតរបស់អ្នកដទៃ។ មនុស្សពូកែ​បង្កើតបណ្តាញទាក់ទងគ្នា​ក្នុងលោកនេះ ក៏គឺជា​មនុស្សដែលជោគជ័យ​បំផុតដែរ។ ប៉ុន្តែគេមិនមែន​ផ្តោតតែលើខ្លួនឯងតាំង​ពីចាប់ផ្តើមមកទេ គឺគេតែងតែ​សំឡឹងរកច្រកដែល​គេអាចជួយអ្នកដទៃ​ដោយមិនគិតដល់ការតបស្នង ក្នុងរបៀបហុត​ទឹកសំឡឹងកាក​ឡើយ។

 

១៨/ ជម្នះភាពភ័យខ្លាច

មនុស្សចំណាយ​ពេលច្រើនណាស់​ក្នុងការភ័យខ្លាច។ មួយថ្ងៃៗ​ ក្នុងគំនិត​របស់យើងច្រើនតែចាក់​សាចុះឡើងនូវ​ស្ថានភាពអាក្រក់ៗ​ដែលអាចនឹង​កើតមានចំពោះផែន​ការជីវិត។ យើងបារម្ភ​និងភ័យខ្លាចជ្រុល​អំពីអនាគត រហូតដល់ភ្លេចរស់ក្នុង​ពេលបច្ចុប្បន្ន។ អារម្មណ៍​ភ័យខ្លាចនេះបាន​ចាក់ស្រេះយ៉ាងជ្រៅនៅក្នុង​ចិត្តរបស់យើង។ ដើម្បីបំបាក់​ទម្លាប់អាក្រក់នេះ អ្នកគួរតែ​រកកិច្ចការណាដែលអ្នក​មានអារម្មណ៍ស្ទាក់ស្ទើរ​ក្នុងការធ្វើឱ្យ​បានរាល់ថ្ងៃ។

 

១៩/ ចាប់ផ្តើមសកម្មភាព

ពាក្យថាចាប់ផ្តើម​សកម្មភាព គឺជាឃ្លាមួយដែល​មនុស្សយើងភាគច្រើននិយាយតែមិនព្រម​អនុវត្ត។ តាមពិតមនុស្ស​យើងមានទំនោធ្វើ​ផ្ទុយពីការចាប់ផ្តើម​សកម្មភាពគឺយើង​អូសបន្លាយពេលវេលា​។ យើងមិនព្រម​ចាប់ផ្តើម​សកម្មភាព​ដោយសារហេតុផល​ជាច្រើន ដែលរារាំងការរីកចម្រើន​និងសមត្ថភាពរបស់យើង​ក្នុងការសម្រេចគោលដៅធំ​ដុំដែលយើងបាន​កំណត់។ វិធីល្អបំផុតដើម្បី​ជម្នះការបង្អែបង្អង់គឺការតាំង​ចិត្តប្រើពេល១៥នាទីផ្តាច់​ខ្លួនចេញពីកិច្ចការប្រចាំថ្ងៃហើយ​ផ្តោតធ្វើតែរឿងដែលអ្នកបាន​ទុកចោលមិនព្រមបង្ហើយជាយូរណាស់​មកហើយនោះ។

 

២០/ ធ្វើតាមផែនការ

ការមានផែនការគឺ​ជាចំណុចសំខាន់សម្រាប់​សហគ្រិនជោគជ័យ​គ្រប់រូប និងមនុស្សគ្រប់​រូប​ក្នុងប្រវត្តិសាស្រ្ត​មនុស្សជាតិនេះ។ អ្វីៗទាំងអស់​ដែលអ្នកចង់បានក្នុងជីវិត​នេះ អ្នកមិនមែនគ្រាន់​តែបង្កើតគោលដៅ​យូរអង្វែង និងគោលដៅប្រចាំថ្ងៃហើយវា​អាចសម្រេចបាននោះទេ តែអ្នកត្រូវ​ធ្វើតាមផែនការ​លម្អិតដែលអ្នកបាន​បង្កើតឡើង។ បើគ្មាន​ផែនការទេ មនុស្សយើង​បរាជ័យមិនសម្រេចគោលដៅ​ឡើយ។ បើមិនយល់ថា​តើអ្នកអាចចេញពីចំណុច​មួយទៅចំណុចមួយ​ទៀតដោយរបៀបណា​ទេ អ្នកពិតជាពិបាកចាកចេញ​ឱ្យផុតពីព្រៃណាស់​។

 

២១/ រីករាយនឹងពេលវេលាផ្ទាល់ខ្លួន

ទម្លាប់មួយដែលមនុស្សភាគ​ច្រើនមិនព្រមធ្វើគឺការ​បែងចែកពេល​ជាក់លាក់សម្រាប់ខ្លួនឯង​។ ពេលខ្លះអ្នកមិនចាំបាច់តែ​ខិតខំដើម្បីទៅឱ្យដល់​គោលដៅ ឬដើម្បីសម្រេច​ជោគជ័យអ្វីទាំងអស់​។ អ្នកគ្រាន់តែបង្កើ​តពេលផ្ទាល់ខ្លួនធ្វើអ្វីដែលអ្នកចង់ធ្វើរាល់​ថ្ងៃសម្រាប់បំពេញអារម្មណ៍​ខ្លួនឯង។ តាមរយៈការ​ធ្វើកិច្ចការតូចតាច​ដែលអ្នកស្រឡាញ់ អ្នកនឹង​មានភាពស្ងប់អារម្មណ៍ ហើយ​ចិត្តរបស់អ្នកអាចផ្តោត​លើអ្វីដែលសំខាន់​បានយ៉ាងងាយ។

 

២២/ អនុវត្តការគិតវិជ្ជមាន

បើអ្នកឆ្លុះកញ្ចក់​រួចញញឹម អ្នកនឹងឃើញភ្លាម​នូវស្នាមញញឹមតប ហើយ​សង្គមមនុស្សប្រៀប​ដូចជាកញ្ចក់ដែរ។ នៅពេលអ្នក​គិតអវិជ្ជមាន គំនិតស្រដៀង​គ្នានេះនឹងអូសទាញ​ប្រមូលផ្តុំគ្នាមកបំពេញ​ក្នុងជីវិតរបស់អ្នក។ នៅពេល​មនុស្សយើងគិត​វិជ្ជមាន រឿងវិជ្ជមាននឹង​កើតឡើង។ ប៉ុន្តែមនុស្ស​យើងពិបាកគិតវិជ្ជមានគ្រប់​ពេលណាស់ ព្រោះយើងច្រើ​នតែមានទំនោរទៅ​គិតរឿងអវិជ្ជមាន។ ទោះជា​យ៉ាងណា ការគិតវិជ្ជមានជាផ្លូវ​ទៅរកការសម្រេចគោលដៅ​ក្នុងជីវិត​។

 

២៣/ អាន

ទោះបីជាអ្នកអាន​ពត៌មាន ប្រលោមលោក​ ប្រវត្តិសាស្រ្ត ឬអ្វីៗ​ក៏ដោយ ក៏វាជាទម្លាប់​មួយសំខាន់សម្រាប់​ការអភិវឌ្ឍជីវិតដែរ​។ ការអានអាចជួយ​អ្នកឱ្យរកឃើញពិភពថ្មីៗ គំនិត​ថ្មីៗ ឬមធ្យោបាយថ្មីៗ​ដើម្បីធ្វើការងារ​។​ វាក៏ជាវិធី​អស្ចារ្យមួយក្នុងការអប់រំ​ខ្លួនឯង ឬដើម្បីកែ​កម្សាន្តអារម្មណ៍​នៅគ្រប់ពេល​ទាំងអស់ដែលអ្នកចង់​សម្រាកពីការងារ ឬចេញឱ្យឆ្ងាយ​ពីបរិយាកាសអាប់អ៊ួ​នៃសង្គម។

 

២៤/ សម្រាកឱ្យបានពេញលេញ

ទោះបីការក្រោកពី​ព្រឹករាល់ថ្ងៃជារឿង​សំខាន់ ក៏អ្នកត្រូវលៃ​​យ៉ាងណាគេងឱ្យបានគ្រប់គ្រាន់​តាមតម្រូវការរាងកាយរបស់​អ្នកដែរ។ បើអ្នកមាន​ការងារច្រើន មានកូន​ចៅរំខាន និងមានកាពត្វកិច្ច​ផ្សេងទៀតត្រូវបំពេញ អ្នកអាច​នឹងពិបាករកបានតុល្យ​ភាពសម្រាប់ខ្លួនឯង ប៉ុន្តែប្រសិន​បើអ្នកគិតគូសុខភាពខ្លួន​ឯង និងជោគជ័យអនាគត អ្នកនឹង​អាចរកឃើញពេលវេលា​សមស្របដើម្បីសម្រាក​ឱ្យបានគ្រប់គ្រាន់។ បើអ្នក​មានបញ្ហាពិបាកគេង ត្រូវជៀស​វាងឱ្យឆ្ងាយពី​ភេសជ្ជៈដែលមានសារជាតិ​កាហ្វេអ៊ីន និងសារធាតុ​ស្រវឹងពេលមុនចូល​គេង។

 

២៥/​ កត់ត្រាដំណើរផ្លូវចិត្តរបស់អ្នក

ការកត់ត្រាដំណើរ​ផ្លូវចិត្តរបស់អ្នកជាវិធី​អស្ចារ្យមួយដើម្បីឆ្លុះ​បញ្ចាំងឱ្យឃើញថាអ្នក​ជានរណា ហើយអ្នកកំពុង​តែធ្វើអ្វីនៅក្នុងជីវិត​នេះ។ ពេលវេលាអាចកន្លងទៅយ៉ាង​ឆាប់រហ័សដែល​យើងច្រើនតែភ្លេចរឿងរ៉ាវ​លម្អិតនៃកិច្ចការដែលយើង​​បានធ្វើសូម្បីតែក្នុង​ពេលប៉ុន្មានខែ​មុននេះ។​ ភាពលម្អិត​នៃការងារក្នុងជីវិតរបស់​យើងគឺជាសាច់​រឿងដែលបន្ថែម​ភាពច្បាស់លាស់​និងគោលបំណងដល់​ជីវិតរបស់យើង រំលឹកយើង​នូវមេរៀនជីវិត ទាំងផ្អែមល្ហែម​និងជូរចត់ដែល​បានឆ្លងកាត់៕

 

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់