ពេលនិយាយរឿងផលិតភាពការងារ កិច្ចការកំប៉ិកកំប៉ុកអាចធ្វើឱ្យមានភាពខុសគ្នាច្រើន។ ឈប់បំពុលខ្លួនឯងតាមរយៈទម្លាប់អាក្រក់ទាំងនេះ អ្នកនឹងធ្វើការមានប្រសិទ្ធភាពជាងមុន។ អ្នកគឺជាការរួមបញ្ចូលគ្នានៃទម្លាប់របស់អ្នក។ នៅពេលអ្នកបណ្តោយឱ្យទម្លាប់អាក្រក់គ្រប់គ្រងខ្លួនអ្នកបាន វានឹងអូសទាញអ្នកឱ្យចេញពីផ្លូវទៅរកជោគជ័យ។ ការបំបាក់ទម្លាប់អាក្រក់តម្រូវឱ្យមានវិន័យគ្រប់គ្រងខ្លួន។ វិន័យគ្រប់គ្រងខ្លួនត្រូវតែមានជាចាំបាច់ដើម្បីបង្កើតទម្លាប់ល្អៗ ហើយវាក៏ជាមូលដ្ឋានសម្រាប់សីលធម៌ការងារដ៏រឹងមាំ និងផលិតភាពខ្ពស់ដែរ។ ខាងក្រោមនេះជាទម្លាប់អាក្រក់ប្រចាំថ្ងៃដែលត្រូវបំបាក់ចោល៖
១/ ប្រើប្រាស់ទូរសព្ទ ឬកុំព្យូទ័រនៅពេលគេង
ទម្លាប់អាក្រក់មួយនេះកំពុងតែមានការពេញនិយមណាស់ ហើយមនុស្សភាគច្រើនមិនដឹងថាវាធ្វើឱ្យប៉ះពាល់អ្វីខ្លះផងដល់ដំណេក និងផលិតភាពការងាររបស់គេ។ ជាទូទៅ រលកខ្លីនៃពន្លឺពណ៌ខៀវដែលសាយភាយចេញពីកញ្ចក់ទូរសព្ទ និងកុំព្យូទ័រចាំងមកប៉ះនឹងភ្នែករបស់អ្នកនៅពេលយប់បង្កការរំខានដល់ភាពងងុយគេង និងគុណភាពនៃដំណេករបស់អ្នក ហើយជាលទ្ធផលធ្វើអ្នកមានអារម្មណ៍មិននឹង និងរាយមាយនៅពេលធ្វើការ។
២/ លេងអ៊ីនថឺណិតច្រើនពេក
ជាទូទៅមនុស្សយើងត្រូវការពេលប្រហែល១៥នាទីនៃការផ្តោតចិត្តនិងអារម្មណ៍លើកិច្ចការអ្វីមួយ។ នៅពេលអ្នកផ្តោតចិត្តលើការងារបានស៊ុបហើយ ផលិតភាពនៃការងារនឹងកើនឡើងយ៉ាងខ្លាំង។ ការសិក្សាស្រាវជ្រាវបង្ហាញថាមនុស្សដែលធ្វើការដោយយកចិត្តទុកដាក់ និងមិនមានអារម្មណ៍រាយមាយ ទទួលផលបាន៥ដងខ្ពស់ជាងពេលផ្សេងទៀត។ ពេលអ្នកងាកចេញពីការងារដោយសារតែមានអារម្មណ៍ចង់មើលព័ត៌មាន ឬបណ្តាញសង្គម អារម្មណ៍រាយមាយទាំងនេះរំខានយ៉ាងខ្លាំងដល់លំហូរនៃការងាររបស់អ្នក។
៣/ មើលទូរសព្ទនៅពេលនិយាយគ្នា
គ្មានអ្វីដែលរំខានអារម្មណ៍ដៃគូសន្ទនានៅពេលភាគីម្ចាងទៀតយកទូរសព្ទមកចុចសារ ឬមើលទូរសព្ទនោះទេ។ នៅពេលអ្នកជាប់រវល់សន្ទនាជាមួយនរណាម្នាក់ ត្រូវផ្តោតអារម្មណ៍ឱ្យបានពេញលេញ។ ពេលនោះអ្នកនឹងឃើញថាដំណើរនៃការសន្ទនាគ្នានោះមានភាពរីករាយ និងប្រសិទ្ធភាពកាន់តែខ្លាំងឡើង។ ហើយការយកចិត្តទុកដាក់ស្តាប់ដៃគូសន្ទនាក៏ជាកាយវិការសម្តែងការគោរពនិងសុជវធម៌ដែរ។
៤/ គិតដល់មនុស្សដែលមានរឿងអវិជ្ជមាន
គ្រប់ពេលដែលអ្នកដឹងថាខ្លួនឯងកំពុងតែគិតដល់អ្នករួមការងារ ឬមនុស្សណាដែលធ្វើឱ្យអារម្មណ៍អ្នកមួរម៉ង ត្រូវអនុវត្តការដឹងគុណដល់មនុស្សផ្សេងទៀតក្នុងជីវិតរបស់អ្នកជំនួសវិញ។ មានមនុស្សច្រើននាក់ណាស់ដែលសមនឹងទទួលបានការចាប់អារម្មណ៍ពីអ្នក ជាជាងគិតដល់មនុស្សដែលពោពេញដោយគំនិត និងទង្វើអវិជ្ជមាន។
៥/ ធ្វើការងារច្រើននៅពេលប្រជុំ
អ្នកមិនគួរផ្តោតអារម្មណ៍តែពាក់កណ្តាលលើការងារទេ ជាពិសេសនៅពេលប្រជុំ។ បើកិច្ចប្រជុំនោះមិនសមនឹងការយកចិត្តទុកដាក់របស់អ្នកឱ្យបានពេញលេញទេ អ្នកមិនគួរចូលរួមប្រជុំឡើយ។ ការបំពេញកិច្ចការចម្រុះនៅពេលកំពុងតែប្រជុំធ្វើឱ្យអ្នកដទៃមើលមកប៉ះពាល់អារម្មណ៍ដោយគេយល់ថាអ្នកគិតថាខ្លួនឯងសំខាន់ជាងអ្នកដទៃទាំងអស់។
៦/ និយាយដើមគេ
អ្នកនិយាយដើមគេទទួលបានការរីករាយពីទុកសោករបស់អ្នកដទៃ។ បើមើលរាក់ៗឃើញថា មនុស្សចូលចិត្តនិយាយដើមគេសប្បាយចិត្តណាស់ ប៉ុន្តែបើមានទម្លាប់នេះច្រើនឡើងៗ អ្នកនឹងក្លាយទៅជាមនុស្សគ្មានបានការ ហើយធ្វើឱ្យមនុស្សជុំវិញខ្លួនលែងទុកចិត្តបាន។ នៅលើលោកនេះមានអ្វីៗជាច្រើនដែលគួររៀនច្រើនជាងការចំណាយពេលនិយាយតែពីរឿងមិនល្អរបស់អ្នកដទៃ។ សុភាសិតមួយឃ្លាលើកឡើងថា មនុស្សដែលមានចិត្តកម្រិតឧត្តមពិភាក្សាគ្នារឿងគំនិត មនុស្សមានចិត្តកម្រិតមធ្យមពិភាក្សាគ្នារឿងព្រឹត្តិការ ហើយមនុស្សដែលមានចិត្តកម្រិតតូចទាបពិភាក្សាគ្នារឿងមនុស្ស។
៧/ ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
នៅពេលអារម្មណ៍សប្បាយរីករាយនិងការមិនពេញចិត្តរបស់អ្នកទទួលបានតាមរយៈការប្រៀបធៀបខ្លួនឯងជាមួយនឹងមនុស្សដទៃ អ្នកលែងជាមនុស្សដែលគ្រប់គ្រងលើក្តីសុខផ្ទាល់ទៀតហើយ។ ពេលអ្នកមានអារម្មណ៍ល្អចំពោះកិច្ចការដែលអ្នកបានធ្វើ កុំបណ្តោយឱ្យគំនិតយោបល់នរណាម្នាក់ ឬសមិទ្ធផលមនុស្សដទៃដណ្តើមយកអារម្មណ៍ល្អនោះទៅបានឱ្យសោះ។ បើទោះជាយើងមិនអាចទប់ប្រតិកម្មចំពោះអ្វីដែលមនុស្សដទៃគិតចំពោះអ្នក ក៏អ្នកមិនត្រូវប្រៀបធៀបខ្លួនឯងទៅនឹងមនុស្សដទៃទេ តែត្រូវទុកដាក់គំនិតរបស់អ្នកដទៃឱ្យនៅឆ្ងាយពីខ្លួនអ្នក។ អ្នកមិនដែលល្អ ឬអាក្រក់ដូចអ្វីដែលអ្នកដទៃនិយាយនោះទេ៕
ប្រែសម្រួល ៖ វេហា
ប្រភព ៖ Entrepreneur