អភិវឌ្ឍចំណេះដឹង | March 02, 2021 | 1,438

សៀវភៅ​ខ្លីៗ​ទាំង៧​ក្បាល​នេះ​មាន​តម្លៃ​ជាង​ MBA​ ទៅ​ទៀត

ក្នុងរយៈ​ពេលពីរបីទសវត្ស​ចុងក្រោយ​នេះតម្លៃ MBA បានធ្លាក់ចុះ​។ បញ្ហា​នេះប្រហែល​បណ្តាល​មកពីស្ថាប័ន​សិក្សាមិនអាច​ដើរទាន់ល្បឿន​នៃការ​ផ្លាស់ប្តូរ​ក្នុង​ពិភពពាណិជ្ជកម្មទេ​។ ជាក់ស្តែង​សហគ្រិន​តិចតួច​ណាស់ដែល​មាន MBA ប៉ុន្តែ​សហគ្រិន​ជោគជ័យ​ភាគច្រើន​សុទ្ធតែធ្លាប់​បានអានសៀវភៅ​ខ្លីៗ​ទាំង​៧ក្បាល​នេះ​៖

 

១/ As a Man Thinketh

 


និពន្ធដោយ៖ James Allen

សៀវភៅ​នេះបង្រៀន​ថា ៖ មនុស្សភាគ​ច្រើនចំណាយ​កម្លាំង​ដោយ​យល់​ខុសថា ជីវិត​របស់​គេគឺជាលទ្ធផល​នៃជោគវាសនា ​ឬព្រេង​សំណាង​។ តែ​តាមការពិត​ជីវិតគឺជា​អ្វីដែលខ្លួន​យើង​កែច្នៃ​ទេ​ហើយ​មធ្យោបាយ​តែមួយគត់​ដែល​ធ្វើឱ្យ​យើង​ជោគជ័យ​ក្នុងជីវិត​គឺត្រូវ​យកឈ្នះ​ចិត្តខ្លួន​ឯងជាមុន​សិន។

សម្រង់​ខ្លឹមសារ​៖ មនុស្ស​នឹងចាប់​ផ្តើមក្លាយ​ជាមនុស្ស​ពិតប្រាកដ​នៅ​ពេលដែល​គេឈប់​យំយែក​និង​ស្តីបន្ទោស​ ហើយចាប់​ផ្តើមស្វែង​រកច្បាប់​លាក់កំបាំង​ដែលកំណត់​ដំណើរជីវិត​របស់គេ​។ ហើយ​នៅពេលដែល​គេបត់បែន​ចិត្តទៅតាម​កត្តាកំណត់​ដំណើរជីវិត​នោះ ​គេនឹងលែង​ស្តីបន្ទោស​អ្នកដ​ទៃថា ជាមូលហេតុ​នៃស្ថានភាព​របស់​គេទៀត​ហើយ។

 

២/ Rich Dad Poor Dad

 


និពន្ធដោយ​៖ Robert T. Kiyosaki​ និង Sharon L. Lechter

សៀវភៅនេះ​ពន្យល់ថា ការបង្កើត​និងមានជំនួញ​ខ្លួនឯង​ជាមធ្យោបាយ​ល្អបំផុត​ដើម្បីមាន​ទ្រព្យសម្បត្តិ​។ សៀវភៅ​នេះក៏លុប​បំបាត់​ចោលនូវ​គំនិត​ខុសដែលថា ការងារ​ដើម្បីប្រាក់ខែ​ជាប្រភព​ហិរញ្ញវត្ថុ​ដែល​មានសុវត្ថិភាព​បំផុត​ និងបង្ហាញ​ថែមទៀត​នូវរបៀប​ដែលលោក​អ្នកអាច​គិតដូច​សហគ្រិន។

សម្រង់ខ្លឹមសារ​៖ មនុស្សជាតិ​ត្រូវគេ​បែងចែក​ទៅជាអ្នក​មាន និងអ្នកក្រ​ ម្ចាស់ទ្រព្យ​សម្បត្តិ និងអ្នក​ដែលត្រូវ​គេកេង​ប្រវ័ញ្ច​ ហើយអ្នកក្រ​ និងអ្នកមាន​ជីវភាពមធ្យម​ធ្វើ​ការដើម្បីលុយ​ តែអ្នក​មាន​មិនធ្វើការ​ដើម្បីលុយ​ទេ​។ ធ្វើការ​ដើម្បី​រៀន កុំធ្វើ​ការដើម្បី​លុយ។

 

៣/ Who Moved My Cheese?

 

 


និពន្ធដោយ៖ Spencer Johnson

សៀវភៅជា​ច្រើនសរសេរ​រៀបរាប់អំពី​ការច្នៃប្រឌិ​តបែបកាត់​ផ្តាច់​ចង្វាក់​ និងរៀបរាប់​អំពីរបៀប​ដែលសហគ្រិន និងក្រុមហ៊ុន​ត្រូវតែ​បត់បែន​ខ្លួនទៅ​តាមចរន្ត​នៃការផ្លាស់ប្តូរ​។ ប៉ុន្តែសៀវភៅ​មួយក្បាលនេះ​ពន្យល់​យ៉ាងច្បាស់​លាស់និងចំៗ​អំពីស្ថានភាព​ជាក់ស្តែង​និងអ្វីៗដែលត្រូវ​ធ្វើដើម្បី​ស្រាយស្ថានការ។

សម្រង់ខ្លឹមសារ​៖ អ្វីដែលលោក​អ្នកខ្លាចនោះ​មិនមែនអាក្រក់​ដោយអ្វី​ដែលលោកអ្នក​នឹកស្រមើស្រមៃទេ​។ អារម្មណ៍ភ័យ​ខ្លាចដែល​លោកអ្នក​បណ្តែត​បណ្តោយ​ឱ្យ​កើតឡើង​ក្នុងចិត្តនេះ​មានលក្ខណៈ​អាក្រក់​ជាងស្ថានភាព​ជាក់​ស្តែង​ទៅ​ទៀត។

 

៤/ The Elements of Style

 


និពន្ធដោយ៖ William​ Strunk Jr. និង E.B. White

សព្វថ្ងៃនេះ​ទំនាក់ទំនង​តាមសារ​អេឡិចត្រូនិច​ ការផ្ញើសារ​តាមទូរសព្ទ​ និង​បណ្តាញ​សង្គមគឺជាស្នូល​នៃទំនាក់ទំនង​ពាណិជ្ជកម្ម​។ ដូច្នេះសមត្ថ​ភាពក្នុងការសរសេរ​ឱ្យបានច្បាស់លាស់​កុំឱ្យភ័នច្រឡំ​កាន់តែត្រូវការ​ចាំបាច់ថែម​ទៀត។

សម្រង់ខ្លឹមសារ​៖ ការសរសេរ​ដែលល្អ​មិនចាំបាច់​វែងពេកទេ​។ ក្នុង​មួយប្រយោគ​មិនគួរមាន​ពាក្យ​ដែល​មិនសំខាន់​ ហើយ​ក្នុងមួយ​កថាខណ្ឌ​ក៏មិន​ត្រូវមាន​ប្រយោគ​ដែលមិនចាំ​បាច់ដែរ​។ ដូចគ្នានេះ​ដែរ ក្នុងផ្ទាំង​គំនូរមួយ​មិនត្រូវមា​នរូប ឬបន្ទាត់​ដែល​មិនចាំបាច់ទេ​។

 

៥/ The One Minute Manager

 

 


និពន្ធដោយ៖ Kenneth Blanchard និង Spencer Johnson

គ្មាន​និយមន័យ​ណាដែលងាយស្រួល​និងសាម័ញ្ញ​ដើម្បីពន្យល់​អំពីតួនាទី​របស់អ្នក​គ្រប់គ្រងល្អទេ​។ ប៉ុន្តែសៀវ​ភៅតូច​មួយក្បាល​នេះមានផ្ទុក​ចំណេះដឹង​ខាងពាណិជ្ជកម្ម​ច្រើន​ជាងបណ្តាល័យ​រាប់សិប​កន្លែង​ទៅទៀត​។

សម្រង់ខ្លឹមសារ​៖ ប្រសិនបើអ្នក​មិនអាចប្រាប់​ខ្ញុំបានថា​អ្នកចង់​ឱ្យអ្វីកើត​ឡើងទេ អ្នក​មិនទាន់​មានបញ្ហាទេ​។ អ្នកគ្រាន់​តែរអ៊ូរទាំ​តែប៉ុណ្ណោះ​។ បញ្ហា​កើតឡើង​តែក្នុង​ពេលដែល​មានភាពខុសគ្នា​រវាងអ្វីដែល​កំពុង​កើតឡើង​នឹង​អ្វី​ដែលអ្នក​ចង់ឱ្យវា​កើតឡើង​តែប៉ុណ្ណោះ​។

 

៦/ How to Lie With Statistics

 

 


និពន្ធដោយ៖ Darrell Huff

លក្ខណៈ​ពិសេសរបស់​ពាណិជ្ជកម្ម​ទាំងអស់​សព្វថ្ងៃនេះ​គឺចង់ឱ្យ​គេវាស់​ស្ទង់និង​ប្រៀបធៀប​។ សៀវភៅ​មួយក្បាល​នេះនឹងជួយឱ្យ​លោកអ្នក​មានភាព​វៃឆ្លាត​ក្នុងការវាស់ស្ទង់ ប្រៀបធៀប​ និងជួយឱ្យ​លោកអ្នក​មានសមត្ថភាព​បង្កើតការពិត​ក្នុងចិត្ត​មនុស្សទូទៅ​តាមរយៈ​ការប្រើប្រាស់​ព័ត៌មាន​មិនពិត។

សម្រង់ខ្លឹមសារ​៖ ភាសា​អាថ៌កំបាំង​របស់ស្ថិតិ​ត្រូវគេប្រើប្រាស់​ដើម្បី​ធ្វើឱ្យ​មនុស្ស​ភ្ញាក់ផ្អើល​ ភាន់ច្រឡំ​ និងបំប៉ោង​ការពិត​។ វិធីសាស្រ្តស្ថិតិ​មានភាពចាំបាច់​ក្នុងរបាយការ​អំពីចរន្ត​សង្គម ស្ថានភាព​សេដ្ឋកិច្ច​ និងការស្ទង់​មតិជា​ដើម​។

 

៧/ The Greatest Salesman in the World

 

 


និពន្ធដោយ៖ Og Mandino

បើលោក​អ្នកមិនអាចលក់​គំនិត ផលិតផល​ ឬសេវា​កម្មរបស់​លោកអ្នក​ទេ លោកអ្នក​នឹងមិនអាច​ជោគជ័យ​ក្នុងពាណិជ្ជកម្ម​បានទេ​។ សៀវភៅ​មួយ​ក្បាលនេះ​ជាការសង្ខេប​បញ្ជូលខ្លឹមសារ និងទ្រឹស្តី​ទាំងអស់​ពីសៀវ​រាប់សិប​ក្បាលដែល​ពន្យល់​អំពីការលក់​។ សៀវភៅ​នេះមិនត្រឹម​តែធ្វើឱ្យលោក​អ្នក​ជោគជ័យក្នុង​ពាណិជ្ជកម្ម​តែម្យ៉ាង​ទេ តែវា​នឹងជួយឱ្យ​លោកអ្នក​ជោគជ័យ​ក្នុងជីវិត​ថែមទៀត​។

សម្រង់ខ្លឹមសារ​៖ ខ្ញុំនឹង​រស់នៅឱ្យដូច​ថ្ងៃនេះ​ជាថ្ងៃ​ចុងក្រោយ​នៃជីវិត​របស់ខ្ញុំ​។ ខ្ញុំមាន​តែថ្ងៃ​មួយនេះ​ទេ ហើយ​ម៉ោង​នេះជា​ពេល​អមតៈ​របស់ខ្ញុំ​។ ខ្ញុំ​ស្វាគមន៍អរុណរះ​នៅថ្ងៃនេះ​ដោយសម្រែក​នៃអំណរ​ប្រៀបដូច​ជាអ្នក​ទោស​ប្រហារ​ជីវិតដែល​ត្រូវគេដោះ​លែង​ឱ្យរួច​ខ្លួនវិញ​។ ហេតុអ្វី​បានជាខ្ញុំ​អាចរស់​បានមួយ​ថ្ងៃទៀត ​ក្នុង​ពេលដែល​មនុស្សប្រសើរ​ជាងខ្ញុំបាន​ចាកចោល​លោកនេះ​? តើ​មានន័យ​ថា អ្នកទាំងនោះ​បានសម្រេច​គោលដៅ​របស់​គេអស់​ហើយ ចំណែក​ឯ​ខ្ញុំនៅ​មិនទាន់បាន​សម្រេច​អ្វីមែន​ទេ​?

 

ប្រែសម្រួល ៖ វេហា

ប្រភព ៖ Success Magazine

មតិយោបល់