អភិវឌ្ឍចំណេះដឹង | March 02, 2021 | 1,283

ទម្លាប់​ទាំង ​១៦​ របស់​សេដ្ឋី​ ដែល​អ្នក​អាច​លួច​រៀន​បាន

អារម្មណ៍​ស្វ័យប្រវត្តិ​របស់លោក​អ្នក ដែលជា​ទូទៅត្រូវ​គេស្គាល់ថា ជា​​ទម្លាប់ អាច​ធ្វើឱ្យលោកអ្នក​មាន ​ឬក្របាន​។ ភាព​វៃឆ្លាត​ ទេពកោសល្យ ​និង​ភាព​ទាក់ទាញ​សុទ្ធតែ​ជាគុណ​សម្បត្តិល្អសម្រាប់​មនុស្ស ​ប៉ុន្តែទាំង​អស់នេះមិនមែន​ជាកត្តាបែង​ចែក​អ្នកមាន និងអ្នកក្រ​ទេ។​ អ្វីដែលធ្វើ​ឱ្យខុស​គ្នានោះគឺ​ទម្លាប់​ប្រចាំថ្ងៃ​របស់យើង​។ ខាង​ក្រោមនេះជា​ទម្លាប់​សំខាន់​បំផុត​ដែល​លោក​អ្នក​អាច​យកដាក់​ខ្លួន​ដើម្បីក្លាយ​ជាអ្នក​មាន​៖

 

 

១/​ ចំណាយ​មិន​លើស​ចំណូល

អ្នក​មាន​ជៀសវាង​ការចំណាយ​មិនឱ្យលើស​ចំណូល​តាមរយៈការ​វិនិយោគចំពោះ​អនាគត​ជាមុន​។ គេសន្សំទុក​២០%​នៃប្រាក់​ចំណូល​ និង​រស់​នៅដោយ​ប្រើប្រាស់​ប្រាក់​ចំណូល​៨០%​ដែល​សល់​ពីសន្សំ​។

 

២/ មិនលេងល្បែង

ភាគច្រើននៃមនុស្ស​ដែល​មិនសូវ​មានលុយ​កាក់ចូល​ចិត្តលេង​ល្បែង​ផ្សងសំណាង​ដូចជា​ចាក់លេខ​ឆ្នោតជា​ដើម ​ចំណែក​អ្នកមាន​វិញ​កម្រ​លេង​ល្បែងស៊ីសង​ណាស់​។ អ្នកមាន​មិនពឹង​ផ្អែក​លើព្រេង​សំណាង​ទេ ​គេបង្កើត​សំណាងដោយ​ខ្លួនឯង​។

 

៣/ អានរាល់ថ្ងៃ

ការអានព័ត៌មាន​ដែលបង្កើន​ចំណេះដឹង​ខាងពាណិជ្ជកម្ម និង​ការងារ​នឹង​ធ្វើឱ្យ​លោកអ្នកកាន់​តែមាន​តម្លៃចំពោះ​មិត្តរួម​ការងារ​ និង​អតិថិជន​។ ក្នុង​ចំណោមអ្នក​មាន​ ៨៨%​ចំណាយពេល​៣០នាទី ឬច្រើន​ជាងនេះដើម្បី​អាន​រាល់ថ្ងៃ​។ មូល​ហេតុ​ដែល​មនុស្ស​ជោគជ័យ​អានគឺ​ដើម្បី​អភិវឌ្ឍ​ខ្លួនគេ។​ តាម​រយៈការ​បង្កើន​ចំណេះដឹង​ គេអាច​មើលឃើញ​ឱកាស​កាន់​តែច្រើន​។

 

៤/ ចំណាយពេលតិចលេងអ៊ីនថឺណិត

តើលោក​អ្នកបាន​ខាតបង់​ពេលវេលាដ៏​មានតម្លៃ​ប៉ុណ្ណាក្នុង​ការអង្គុយ​នៅ​មុខកញ្ចក់​កុំព្យូទ័រ​? ២ភាគ​៣នៃអ្នក​មានមើល​ទូរទស្សន៍តិច​ជាង​មួយម៉ោង​ក្នុង​មួយថ្ងៃ​ ហើយ​ជាង​៦០%​ចំណាយ​ពេល​មិនដល់​មួយម៉ោង​ទេដើម្បីប្រើ​ប្រាស់​អ៊ីនថឺណិត​ លើក​លែង​តែពេល​ចាំបាច់​ត្រូវទាក់ទង​នឹងការងារ​។

 

៥/ គ្រប់គ្រងអារម្មណ៍

មិនមែន​​គ្រប់គំនិត​ទាំងអស់សុទ្ធតែ​ត្រូវស្តែងចេញ​មកតាមពាក្យសម្តី ​ឬសកម្មភាព​ទេ។ នៅពេល​លោកអ្នកនិយាយអ្វីដែល​នៅក្នុងចិត្ត​ លោកអ្នកប្រថុយ​នឹងការប៉ះ​ពាល់អារម្មណ៍អ្នកដទៃ​។ ​បបូរមាត់​ឥតគម្របជា​ទម្លាប់​របស់មនុស្សជិត​៧០%​ដែលមិនសូវ​មានលុយកាក់គ្រប់គ្រាន់​។ ផ្ទុយទៅ​​វិញ ​អ្នក​មានស្ទើរតែទាំង​អស់សម្រិតសម្រាំង​អារម្មណ៍​របស់​គេណាស់​។

 

៦/ បង្កើតបណ្តាញទាក់ទងនិងធ្វើការស្ម័គ្រចិត្តញឹកញាប់

លោកអ្នក​នឹងបង្កើតទំនាក់ទំនង​ដ៏មានតម្លៃដែល​អាចផ្តល់ផ្លែផ្កា​កាន់តែច្រើនសម្រាប់​​អតិថិជន​ ឬជួយខ្លួនឯង​ឱ្យទទួលបានការងារ​កាន់តែប្រសើរ​ប្រសិន​​បើលោកអ្នក​ចំណាយ​ពេលជូនសង្គម​វិញ។ ស្ទើរ​តែ៣ភាគ៤​នៃអ្នកមាន​បង្កើត​បណ្តាញ​ទំនាក់ទំនង​ និងធ្វើការស្ម័គ្រ​ចិត្តយ៉ាងហោច​ណាស់៥ម៉ោង​ក្នុងមួយខែ​។

 

៧/ គិតនិងធ្វើឱ្យហួសពីការងារនិងពាណិជ្ជកម្ម

មនុស្សមិន​​ជោគជ័យច្រើន​ប្រតិកម្មទៅ​នឹងការងារ​ច្រើនដោយ​រអ៊ូរថា​ការងារនេះឬកិច្ចការ​នោះមិនស្ថិតនៅ​ក្នុងតួនាទី​របស់ខ្លួនទេ​។ ជាលទ្ធផល​ គេមិនដែល​​ធ្វើអ្វីឱ្យលើស​ពីទំនួលខុស​ត្រូវរបស់គេ​ ហើយប្រាក់​ខែក៏មិនសូវ​កើនឡើង​ដូចគ្នាដែរ​។ ផ្ទុយទៅវិញអ្នក​មានធ្វើខ្លួនគេឱ្យមាន​តម្លៃចំពោះ​និយោជក​ឬអតិថិជន​របស់គេក្នុង​របៀបផ្សេងៗ​។

 

៧/ កំណត់គោលដៅ មិនមែនអង្គុយប្រាថ្នាទេ

លោកអ្នកមិន​អាចគ្រប់គ្រង​លទ្ធផលនៃការ​ប្រាថ្នាបាន​ទេ ប៉ុន្តែ​លោកអ្នក​អាចគ្រប់គ្រង​លទ្ធផល​នៃគោលដៅបាន​។ រៀងរាល់ឆ្នាំ​ ៧០%នៃអ្នក​មានព្យាយាមសម្រេច​យ៉ាងហោចណាស់​​គោលដៅធំមួយ​។ ផ្ទុយទៅវិញ​ ក្នុងចំណោម​អ្នកក្រ មានតែ​មនុស្ស៣%​ប៉ុណ្ណោះ​ដែលធ្វើ​បែបនេះ​។

 

៩/ ជៀសវាងការតម្អែរតម្អង់មិនព្រមចាប់ផ្តើម

មនុស្សជោគជ័យ​យល់ច្បាស់ថាការតម្អែរតម្អង់​ធ្វើឱ្យខូចខាត​​គុណភាព​ ធ្វើឱ្យ​និយោជក​ និងអតិថិជន​មិនពេញចិត្ត​ ហើយនិងបំផ្លាញ​ដល់ទំនាក់ទំនង​ក្រៅពាណិជ្ជកម្ម​ថែមទៀត​។ មានវិធីជាច្រើន​ដើម្បីជៀស​វាងការតម្អែរតម្អង់​ ដូចជាបង្កើត​បញ្ជីការងារ​ត្រូវធ្វើប្រចាំថ្ងៃ​ កំណត់ពេល​វេលា​ដែលត្រូវធ្វើ​ មានដៃ​គូរការងារ​ដែលទទួល​​ខុសត្រូវ ​និងតាំងចិត្ត​ធ្វើឥឡូវ​នេះជាដើម​។

 

១០/ និយាយតិច ស្តាប់ច្រើន

លោកអ្នកគួរ​​តែស្តាប់គេឱ្យបាន៥​នាទីសម្រាប់ការ​និយាយ១នាទី​របស់លោកអ្នក​។ អ្នកមានជា​មនុស្សចេះទាក់ទង​បានល្អព្រោះ​គេជាមនុស្សពូកែ​ស្តាប់។​ គេយល់ថា​មនុស្សយើងអាចរៀន​និងអប់រំខ្លួនឯង​បានតាមរយៈ​ការស្តាប់​អ្វីដែលអ្នក​ដទៃនិយាយ​។

 

១១/ ជៀសវាងមនុស្សធ្វើឱ្យពុល

យើងអាចជោគជ័យ​​បានត្រឹមតែដូច​មនុស្សដែលយើង​សេពគប់និង​ចំណាយពេលវេលា​ជាមួយច្រើនតែ​​ប៉ុណ្ណោះ​។ ប្រសិន​បើលោកអ្នកចង់​បញ្ចប់កង្វះ​ខាតខាងហិរញ្ញវត្ថុ​ លោកអ្នកត្រូវ​ការវាយតម្លៃ​គ្រប់ទំនាក់ទំនង​របស់លោក​អ្នកទាំងអស់​ និងសម្រេចចិត្ត​ថាត្រូវនៅ​ជាមួយក្រុម​ណា។

 

១២/ មិន​បោះបង់ចោល

មនុស្សដែល​ជោគជ័យក្នុង​ជីវិតមានចំណុច​៣យ៉ាងដូចគ្នា​​ គឺការផ្តោត​ចិត្ត​ ការពុះពារ​ និងការ​អត់ធ្មត់​។ អ្នកទាំង​អស់នោះ​មិនព្រមចុះចាញ់និង​ឈប់ដេញតាមគោល​ដៅធំក្នុង​ជីវិតរបស់​គេទេ។​ មនុស្ស​មិនសូវ​មានលុយ​កាក​ចាយវាយ លះបង់​ងាយណាស់​។

 

១៣/ បោះបង់ជំនឿមិនឱ្យតម្លៃខ្លួនចោល

ជំនឿមិន​​ឱ្យតម្លៃខ្លួន​ឯងធ្វើឱ្យខូច​ឥរិយាបថ​ក្នុងផ្លូវអវិជ្ជមាន​។ ស្ទើរតែ​៤នាក់ក្នុងចំណោម​អ្នកមាន​៥នាក់​យល់ថា​ជោគជ័យក្នុង​ជីវិតផ្តើមចេញ​ពីជំនឿលើខ្លួនឯង​។ ផ្លាស់ប្តូរ​ជំនឿអវិជ្ជមាន​របស់លោកអ្នក​ឱ្យទៅជាការ​តាំងចិត្ត​វិជ្ជមានតាមរយៈការ​អានមេរៀនពី​សៀវភៅល្អៗ​របស់អ្នក​និពន្ធល្បីៗ​ដូចជា​លោកNapoleon ​Hill ​លោក​ Dale​ Carnegie ​និងលោក ​Jim Rohn ​ជាដើម​។

 

១៤/ ស្វែងរកគ្រូបង្ហាញផ្លូវ

ក្នុងចំណោមអ្នក​មានទ្រព្យស្តុកស្តម្ភ ​៩៣%ដែល​មានគ្រូបង្ហាញ​ផ្លូវចាត់​ទុកថាជោគជ័យ​របស់គេ​បានមកពីគ្រូ​បង្ហាញផ្លូវ​។ គ្រូបង្ហា​ញ​ផ្លូវចូល​រួមយ៉ាង​សកម្មនិង​ទៀងទាត់ក្នុង​ការរីកចម្រើន​របស់លោក​អ្នកតាមរយៈ​ការបង្រៀន​នូវអ្វី​ដែលត្រូវធ្វើនិង​​អ្វីដែលមិនត្រូវ​ធ្វើ។  

 

១៥/ ឈប់និយាយពាក្យថាសំណាងអាក្រក់

មនុស្សដែល​មិនសូវសម្បូរ​លុយកាក់ចាយ​​វាយក្នុងជីវិតមាន​វិធីបង្កើត​សំណាងអាក្រក់​សម្រាប់​ខ្លួនឯង​។ តាម​ពិតសំណាង​អាក្រក់​កើតចេញ​ពីទម្លាប់​របស់គេ​។ ទម្លាប់ក្រ​ បើធ្វើដដែលៗ​វានឹងរីកធំឡើងៗ​រារាំងដល់មាគ៌ា​ជោគជ័យ​។ ផ្ទុយទៅវិញ​ មនុស្សជោគជ័យ​បង្កើតសំណាង​ដោយខ្លួនឯង​ តាមរយៈ​ទម្លាប់វិជ្ជមាន ​ដែលនាំទៅ​រកឱកាស​ជាច្រើន​។

 

 

១៦/ ស្គាល់គោលបំណងធំរបស់ខ្លួនឯង

នេះជាទម្លាប់​​ចុងក្រោយ​របស់អ្នកមាន​ ប៉ុន្តែវាជា​ទម្លាប់ដែល​សំខាន់បំផុត។​ មនុស្ស​ដែលតាម​សម្រេចក្តីសុបិន​ ឬបំណងធំ​ក្នុងជីវិត​ជាមនុស្ស​ដែលមានទ្រព្យស្តុកស្តម្ភ និងមានសុភមង្គល​ជាងមនុស្ស​ទូទៅ។​ ដោយសារ​តែគេស្រឡាញ់​កិច្ចការដែល​ធ្វើដើម្បីរស់នៅ​ គេរីករាយ​ក្នុងការចំណាយ​ពេលច្រើនម៉ោង​រាល់ថ្ងៃដើម្បី​ទៅឱ្យដល់​គោលដៅ​៕

 

 

ប្រែសម្រួល ៖ វេហា

ប្រភព ៖ Success Magazine

 

 

មតិយោបល់