អភិវឌ្ឍចំណេះដឹង | March 03, 2021 | 1,177

គំនិត៦សម្រាប់អ្នកចង់ក្លាយជាសហគ្រិន

មានអ្វីដែលត្រូវរៀនជាច្រើនប្រសិនបើយើងចង់បង្កើតមុខជំនួញថ្មី។ អ្នកដែលហ៊ានពុះ​ពាបង្កើត​មុខជំនួញបានដោយជោគជ័យទទួលបានការគាប់ចិត្តចំពោះដំណើររបស់គេហើយបានចែករំលែកគំនិតខ្លះសម្រាប់អ្នកដែលចង់ផ្សងព្រេងក្នុងជីវិតសហគ្រិនដែរ។ ខាងក្រោមនេះជាយោបល់​ចំនួន​៦ដែលមនុស្សគ្រប់គ្នាអាចអនុវត្តដើម្បីក្លាយជាសហគ្រិនបាន៖

 

 

១/ ធ្វើពិសោធន៍ឱ្យច្រើន

ប្រសិនលោកអ្នកមិនទាន់ធ្វើគម្រោងអ្វីទេ សូមចាប់ផ្តើមបង្កើតមួយភ្លាមទៅ។ ទោះបីវាស្មុគស្មាញ​និង​ធ្វើឱ្យជីវិតរវល់ខ្លាំងក៏ដោយ ក៏វាជាគន្លឹះដើម្បីឈានទៅរកការសម្រេច​បានសមិទ្ធផលធំធេង​ក្នុង​ជីវិតនៅពេលអនាគត។ ស្ថាបនិកគេហទំព័រ Buffer បានព្យាយាមសាកល្បងពិសោធគំនិតរាប់​មិន​អស់ក្នុងពេលធ្វើការពេញម៉ោងឱ្យគេ មុននឹងសម្រេចបានគម្រោងផ្ទាល់ខ្លួនមួយនេះ។

 

២/ កុំបាក់ទឹកចិត្ត

អ្នកជំនាញខាងទ្រឹះស្តីទីផ្សារនិងជោគជ័យ លោក Zig Ziglar ធ្លាប់និយាយ​ថាមនុស្សជាច្រើន​និយាយថាការលើកទឹកចិត្តមិនអាចនៅបានយូរទេ...ហេតុដូច្នេះហើយបានជាយើងត្រូវការលើកទឹកចិត្តរាល់ថ្ងៃ។ ពិតណាស់ហើយថា នៅពេលខ្លះយើងមិនសូវមានកម្លាំងចិត្តចង់ធ្វើការ​ប៉ុន្មាន​ទេ។ ប៉ុន្តែការរៀនសូត្រពីភាពជោគជ័យរបស់អ្នកដទៃអាចជាវិធីលើកទឹកចិត្តមួយ​ដ៏មាន​ប្រសិទ្ធភាព។

 

៣/ ធ្វើដំណើរទៅកន្លែងផ្សេងៗ

អ្នកនិពន្ធអាមេរិកល្បីឈ្មោះមួយរូបគឺលោក Mark Twain ធ្លាប់និយាយថាការធ្វើ​ដំណើរអាច​លុប​បំបាត់នូវគំនិតរើសអើង ការប្រកាន់ខុស និងគំនិតចង្អៀតចង្អល់។ អ្នកខ្លះស្រឡាញ់ស្រុក​កំណើត​មិនចង់ចេញទៅធ្វើការនៅកន្លែងឆ្ងាយទេ ប៉ុន្តែគេប្រហែលជាអាចជួយបាន​ច្រើនប្រសិន​បើគេ​សម្រេច​ចិត្តចាកចេញពីស្រុកកំណើតនោះ។ 

 

៤/ ជ្រើសរើសមិត្ត

លោក Jim Rohn ដែលជាសហគ្រិននិងអ្នកនិពន្ធល្បីជាតិអាមេរិកនិយាយថា មនុស្សយើងម្នាក់ៗ​ជា​ការសំយោគចូលគ្នានៃមនុស្ស៥នាក់ដែលយើងប្រាស្រាយទាក់ទងញឹកញាប់បំផុត។ តាមពិត​អត្ថ​ប្រយោជន៍នៃការទាក់ទងរបស់មនុស្សគឺការផ្លាស់ប្តូរបទពិសោធន៍និងការរៀនសូត្រពីគ្នាទៅ​វិញទៅមក។

 

៥/ ផ្តោតលើការបង្កើតសមិទ្ធផលដែលមនុស្សទូទៅចង់បាន

មនុស្សយើងងាយនឹងរងការរំខានណាស់នៅពេលចាប់ផ្តើមបង្កើតសមិទ្ធផលអ្វីមួយ។ ដើម្បី​សម្រេចគោលដៅ យើងត្រូវគិតឱ្យគ្រប់ជ្រុងជ្រោយ សហការគ្នា ប្រមូលធនធាន និងការងារ​រាប់ជំពូកទៀត។ ប្រសិនបើអ្វីដែលយើងកំពុងតែធ្វើនោះមិនអាចទៅមុខបានទេ សូមបន្ត​ពិសោធ​ដោយប្រើគំនិតថ្មីៗទៀតរហូតទទួលបានលទ្ធផល។

 

៦/ បើកចិត្តទូលាយ

លោក George Bernard Shaw កវីល្បីឈ្មោះទាំងក្នុង​ពិភពលោក​សិល្បៈនិងនយោ​បាយ​បាន​និយាយថា ប្រសិនបើអ្នកមានផ្លែប៉ោមមួយ ខ្ញុំមានផ្លែប៉ោមមួយ ហើយបើយើងប្តូរគ្នា យើងនឹង​មានផ្លែប៉ោមម្នាក់មួយដដែល។ ប៉ុន្តែបើអ្នកមានគំនិតមួយ ខ្ញុំមានគំនិតមួយ ហើយយើងប្តូរ​គ្នា​នោះយើងម្នាក់ៗនឹងមានគំនិតពីរ៕

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់