អភិវឌ្ឍចំណេះដឹង | March 04, 2021 | 1,941

ទម្លាប់​ប្លែកៗ​៦​យ៉ាង​របស់​សហគ្រិន​ជោគជ័យ​វ័យ​ក្មេង

ជីវិតជាសហគ្រិនមិនមែនសម្រាប់មនុស្សដែលមានកម្លាំងចិត្តទន់ខ្សោយទេ។ ស្ថាបនិកក្រុមហ៊ុន​ត្រូវតែបង្កើតផ្លូវដោយខ្លួនឯង ប្រមូលធនធាន និងហ៊ានប្រឈមហានីភ័យខាងហិរញ្ញវត្ថុ។ ដើម្បី​យល់ដឹងទម្លាប់នាំទៅរកភាពជោគជ័យ យើងទៅមើល​គំរូរបស់សហគ្រិនជោគជ័យ​វ័យ​ក្មេងមួយ​ចំនួនដូចតទៅ៖

 

 

១/ បង្កើតកាលវិភាគការងារ

លោក Rameet Chawla ស្ថាបនិកក្រុមហ៊ុន Fueled បានរៀបរាប់កាលវិភាគការងាររបស់លោកថា អាហារពេលល្ងាចរបស់ខ្ញុំចប់នៅម៉ោង១១យប់ ហើយចាប់ពីពេលនេះទៅខ្ញុំយក​ចិត្តទុកដាក់ធ្វើ​រហូតដល់ម៉ោង៣កន្លះទៀបភ្លឺ។ ការកំណត់ពេលធ្វើការមិនឱ្យមានអ្នករំខានមានសារៈសំខាន់​ណាស់ចំពោះលំហូរការងាររបស់ខ្ញុំ។

 

២/ សួរខ្លួនឯងសំណួរនេះមុនពេលចូលគេង

លោក Jesse Lear សហស្ថាបនិកក្រុមហ៊ុន V.I.P. Waste Services មានទម្លាប់សួរសំណួរ​មួយមុន​ពេលទទួលទានដំណេកថា ប្រសិនបើខ្ញុំរស់នៅរាល់ថ្ងៃក្នុងរបៀបដដែលៗដូចខ្ញុំធ្វើនៅថ្ងៃនេះ តើ​អនាគតបែបណាដែលខ្ញុំនឹងទទួលបាន? សំណួរនេះជំរុញឱ្យយើងចេះវាយតម្លៃថា​សកម្មភាព​របស់​យើងស្រប​គ្នានឹងអាទិភាពដែលយើងបានកំណត់ឬទេ។

 

៣/ ដើរផ្សងព្រេងនៅរាល់ពេលចុងសប្តាហ៍ដើម្បីរកគំនិត

រៀងរាល់ចុងសប្តាហ៍លោក Ryan Kania ដែលជាស្ថាបនិកក្រុមហ៊ុន Advocates for World Health ​ដើរលេងតាមកន្លែងប្លែកៗមិនធ្លាប់បានទៅពីមុនមកដោយយកសៀវភៅមួយក្បាលតាមខ្លួននិងសរសេរទុករាល់គំនិតដែលកើតឡើងនៅក្នុងដំណើរផ្សងព្រេងនោះ។

 

៤/ ងូតទឹកក្តៅនិងត្រជាក់រៀងរាល់ព្រឹក

លោក Phil Dumontet ជាស្ថាបនិកក្រុមហ៊ុន Dashed មានទម្លាប់ងូតទឹកត្រជាក់ប្រហែល៣០វិនាទី រួចបើកទឹកក្តៅប្រហែល៣០វិនាទី។ បន្ទាប់មកធ្វើរបៀបនេះទៀតដោយកំណត់យកទឹកត្រជាក់​ខ្លាំង​និងក្តៅខ្លាំង។ តាមរបៀបនេះ លោក Phil Dumontet អះអាងថាវា​ផ្តល់នូវថាមពល​និងភាព​ថ្លា​គំនិត ព្រមទាំងអារម្មណ៍ស្រស់ស្រាយដើម្បីចាប់ផ្តើមធ្វើការ។

 

៥/ កំណត់គោលដៅជាក់លាក់ រាល់សប្តាហ៍និងរាល់ខែ

មានរបៀបរាប់លានដែលគេអាចធ្វើដើម្បីពង្រីកពាណិជ្ជកម្ម។ បញ្ហានៅត្រង់ថា បើយើងព្យាយាម​ដោះស្រាយបញ្ហាទាំងអស់ក្នុងពេលតែមួយ យើងនឹងមិនអាចទៅមុខរួចទេ។ សហស្ថាបនិក​ក្រុម​ហ៊ុន​ BrandYourself លោក Patrick Ambron បានកំណត់គោលដៅ៣ប្រចាំ​សប្តាហ៍និង​ប្រចាំ​ខែ ហើយ​យ៉ាងហោចណាស់សួរខ្លួនឯងមួយថ្ងៃម្តងថា តើអ្វីដែលខ្ញុំកំពុងតែធ្វើនេះ​ជួយឱ្យ​សម្រេច​បាន​គោលដៅខ្ញុំទេ?

 

៦/ បង្កើតបញ្ជីការងារឱ្យបានច្រើនពេលទៅដល់ការិយាល័យ

ស្ថាបនិកក្រុមហ៊ុន ivee គឺលោក Jonathon Nostrant តែងតែចំណាយពេលមួយម៉ោងសរសេរ​អ្វីៗ​ដែល​ត្រូវធ្វើព្រោះវាជារបៀបដែលអាចបង្ខំឱ្យលោកគិតដល់ការងារប្រចាំថ្ងៃនិងប្រចាំសប្តាហ៍​មុនពេលអនុវត្ត។ ទម្លាប់នេះជួយឱ្យស្ថាប័នការងាររីកចម្រើននិងមានភាពច្បាស់លាស់។

 

ប្រែសម្រួល វេហា

ប្រភព Entrepreneur

មតិយោបល់