អភិវឌ្ឍចំណេះដឹង | March 03, 2021 | 1,827

៦​យ៉ាង​បញ្ជាក់​ថា អ្នក​ជោគជ័យ​ហើយ​ ទោះ​បី​ជា​វា​ហាក់​ដូច​ជា​មិន​ទាន់​ជោគជ័យ

ប្រសិន​បើ​អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា អ្នក​ហាក់​មាន​អារម្មណ៍​ថា​ខ្លួន​​ឯង​បរាជ័យ​​មួយ​លើក​ជា​ពីរ​លើក។ គោលដៅ​ខ្ពស់​ជៀស​មិន​ផុត​ពី​ការ​នាំ​អ្នក​អោយ​ជួប​នឹង​អារម្មណ៍​បរាជ័យ​ទេ គឺ​នៅ​ពេល​ដែល​អ្នក​​មិន​ទាន់​បាន​សម្រេច​ការ​រំពឹង​ទុក​របស់​អ្នក។

 

 

ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Strayer បាន​រក​ឃើញ​ថា ៩០%​នៃ​ពលរដ្ឋ​អាមេរិក ជឿ​ថា​សុភមង្គល​គឺ​ជា​​កត្តាវាស់វែង​នៃ​ជោគជ័យ​ជាជាង​អំណាច ទ្រព្យធន ឬ​កិត្យានុភាព។ ពេល​ធ្វើ​ការ​ស្រាវជ្រាវ​កាន់​តែ​ស៊ីជម្រៅ ៦៧%​នៃ​ពល​រដ្ឋ​អាមេរិក​អោយ​និយមន័យ​ជោគជ័យ​ថា ជា​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ភ័ក្ដិ និង​គ្រួសារ ហើយ​៦០% និយាយ​ថា គឺ​ជា​ការ​ស្រលាញ់​អ្វី​ដែល​អ្នក​ធ្វើ​​ដើម្បី​ការ​រស់​នៅ។​ មាន​តែ​២០%​ប៉ុណ្ណោះ​បាន​និយាយ​ថា ទ្រព្យ​សម្បត្តិ​មាស​ប្រាក់​គឺ​ជា​ កត្តា​វាស់វែង​នៃ​ជោគជ័យ។

 

តើ​អ្នក​គួរ​វាស់វែង​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ខ្លះ ពេល​ខ្លះ​អ្នក​គ្រាន់​តែ​ងាក​ក្រោយ​​សម្លឹង និង​សញ្ជឹង​គិត​ពី​អតីតកាល​៥​ឆ្នាំ​របស់​អ្នក អ្នក​នឹង​ដឹង​ថា​អ្នក​បាន​ធ្វើ​ដំណើរ​មក​​ឆ្ងាយ​ប៉ុណ្ណា។ យើង​ពិនិត្យ​មើល​សញ្ញាណ​ទាំង៦​​ដែល​អាច​បញ្ជាក់​ថា អ្នក​ជាបុគ្គលជោគជ័យ៖

 

១. អ្នក​មាន​គំនិត​វិជ្ជមាន​ជានិច្ច

ក្ដី​សង្ឃឹម​​​ និង​​សុទិដ្ឋិនិយម​គឺ​ជា​ធាត​ផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​ដែល​មាន​សុភមង្គល។ ប្រសិន​បើ​អ្នក​​បណ្ដែត​អារម្មណ៍​តែ​លើ​រឿង​ដែល​បាន​ដើរ​ខុស អ្នក​នឹង​ទទួល​តែ​ភាព​ជូរចត់ និង​អន់​ចិត្ត។ ពេល​ដែល​រឿង​នេះ​កើត​ឡើង​អ្នក​គឺ​ជាមនុស្ស​បរាជ័យ មិន​ថា​អ្នក​បាន​ធ្វើ​អ្វី​សម្រេច​ខ្លះ​នោះ​ទេ។ ជោគជ័យ​ពិត​ប្រាកដ​គឺ​ការ​មើល​ឃើញ​ភាព​ស្រស់​ថ្លា ហើយ​ការ​ជឿ​ថា​ អ្នក​អាច​សូម្បី​តែ​ធ្វើ​រឿង​ដ៏​អាក្រក់​អោយ​ប្រសើរ​ឡើង​វិញ​បាន។

 

២. អ្នក​ដឹង​ថា​បរាជ័យ​មិន​​កើត​ឡើង​មួយ​ជីវិត​ទេ

យើង​បាន​ដឹង​ហើយ​ថា មនុស្ស​ដែល​មិន​ធ្លាប់​បរាជ័យ​គឺ​មនុស្ស​ដែល​មិន​ធ្លាប់​សាក​ល្បង។ ពេល​អ្នក​បរាជ័យ​អ្នក​មិន​បូកសរុប​ដោយ​ស្វ័យប្រវត្តិ​ថា​អ្នក​បរាជ័យ​នោះ​ទេ។ អ្នក​បែរ​ជា​អោយ​តម្លៃ​ទៅ​លើ​រាល់​បរាជ័យ​ថា​ជា​ឱកាស​ដើម្បី​រៀន​អ្វី​មួយ ហើយ​បន្ទាប់​មក​អ្នក​ធ្វើ​បន្ត​ទៀត។

 

៣. អ្នក​រក្សា​កិច្ចការ​នៅ​ក្នុង​ទស្សនវិស័យ

ពេល​ខ្លះ​រឿង​អាក្រក់​កើត​ឡើង។ វា​ជា​ផ្នែក​​នៃ​ជីវិត។ ពេលវេលា​អាក្រក់​បំផុត​របស់​មនុស្ស​ភាគ​ច្រើន អាច​គ្រាន់​តែ​ជា​វិស្សមកាល​របស់​មនុស្ស​មួយ​ចំនួន​​ដែល​ពិត​ជា​មាន​បញ្ហា​មែន​ប៉ុណ្ណោះ ដូច​ជា​មនុស្ស​ដែល​គ្មាន​អាហារ​បរិភោគ ឬ​មនុស្ស​ដែល​តស៊ូ​រស់​ក្នុង​សង្គ្រាម​ស៊ីវិល។ បរាជ័យ និង​ឧបសគ្គ​មួយ​ចំនួន​មិន​ជះ​ផល​អវិជ្ជមាន​ទេ ពេល​អ្នក​រៀន​បង្កើត​ទស្សនវិស័យ​នៃ​ជីវិត​របស់​អ្នក​ច្បាស់​លាស់ ហើយ​បន្ត​ធ្វើ​កិច្ចការ​ដែល​រុញច្រាន​អ្នក​អោយ​ដើរ​ឆ្ពោះ​ទៅ​តាម​ទស្សនវិស័យ​នោះ។

 

៤. អ្នក​ចេះ​សុំ​ជំនួយ​ពេល​អ្នក​ត្រូវ​ការ

បដិសេធ​មិន​សុំ​ជំនួយ មិន​ថា​អ្នក​តស៊ូ​យ៉ាង​ណា​នោះ​ទេ នេះ​គឺ​ជា​សញ្ញា​នៃ​ស្មារតី​ដែល​មិន​ទាន់​មាន​ភាព​ចាស់ទុំ។ សុំ​ជំនួយ​មាន​ន័យ​ថា អ្នក​មិន​មែន​ជា​មនុស្ស​ដែល​ត្រូវ​ការ​បញ្ចាក់​ថា​ខ្លួន​ឯង​ពូកែ និង​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ការ​សុំ​ជំនួយ​បង្ហាញ​ថា អ្នក​មិន​ខ្លាច​​​មនុស្ស​ផ្សេង​ដឹង​ពី​ចំណុច​ខ្សោយ​របស់​អ្នក ហើយ​អ្នក​យល់​ថា​គ្មាន​នរណា​ជោគជ័យ​តែ​ម្នាក់​ឯង​នោះ​ទេ។  

 

៥. អ្នក​មិន​​ខ្វល់​ពី​​អ្នក​ផ្សេង​គិត​យ៉ាង​ណា​ទៀត​ទេ

អ្នក​ខ្វល់​ពី​ការ​គិត​របស់​អ្នក​ផ្សេង​គឺ​នៅ​ពេល​ដែល​អ្នក​​នៅ​មាន​អារម្មណ៍​ថា អ្នក​មាន​អ្វី​ម្យ៉ាង​ត្រូវ​បញ្ជាក់។ ផ្ទុយ​ទៅ​វិញ​ អ្នក​មាន​អារម្មណ៍​ថា អ្នក​ធ្វើ​បាន​សម្រេច​ហើយ​ពេល​ដែល​អ្នក​មិន​ខ្វល់​ពី​ការ​គិត​របស់​អ្នក​ផ្សេង គឺ​នៅ​ពេល​អ្នក​ច្បាស់​លាស់​ចំពោះ​ខ្លួន​ឯង និង​គោលការណ៍​របស់​អ្នក ហើយ​ពេញ​ចិត្ត​នឹង​ជីវិត​របស់ខ្លួន។ អ្នក​ដឹង​ថា អ្នក​ធ្វើ​បាន​សម្រេច​ហើយ​នៅ​ពេលដែល​អ្នក​យល់​ថា គំនិត​របស់​អ្នក​ដទៃ​គឺ​គ្រាន់​តែ​ជា​គំនិត​ប៉ុណ្ណោះ។

 

៦. អ្នក​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​​មិន​អាច​ផ្លាស់​ប្ដូរ​បាន និង​ផ្លាស់​​ប្ដូរ​អ្វី​ដែល​អ្នក​អាច​ផ្លាស់​បាន

សុទិដ្ឋិនិយម និង​ការ​អនុវត្ត​គឺ​មាន​ភាព​ខុស​គ្នា។ ប្រសិន​បើ​ខ្យល់​ព្យុះ​​បក់​កាត់​ផ្លូវ​របស់​អ្នក អ្នក​គ្មាន​មធ្យោបាយ​ដើម្បី​បញ្ឈប់​វា​នោះ​ទេ ប៉ុន្តែ​ពេល​ដែល​អ្នក​ទទួល​ស្គាល់​ថា ខ្យល់ព្យុះ​នឹង​បក់​មក​ហើយ អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​ដើម្បី​សម្រាល​ឥទ្ធិពល​របស់​វា៕

 

 

ប្រែសម្រួល៖ សិដ្ឋ

ប្រភព៖ Entrepreneur

 

 

មតិយោបល់