អភិវឌ្ឍចំណេះដឹង | March 12, 2021 | 1,107

៥​ ហេតុផល​ដែល​អ្នក​ច្នៃ​ប្រឌិត​បង្កើត​ថ្មី​ជា​មនុស្ស​មាន​មន្ទិល​លើ​ខ្លួន​ឯង

ជា​រឿង​គួរ​អោយ​ភ្ញាក់​ផ្អើល! ការ​ពន្យល់​នៅ​​ TED Talk របស់លោក​​ Adam Grant ពី​ហេតុផល​ដែល​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ភាគ​ច្រើន​បំផុត​មិន​មែន​ជា​មនុស្ស​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

 

 

លោក Adam Grant និយាយ​នៅ​ TED 2016-Dream កាល​ពី​ខែ​កុម្ភៈ​ទី​១៥​ដល់​១៩​ឆ្នាំ​២០១៦​ នៅ​មជ្ឈមណ្ឌល Vancouver Convention ក្នុង​រដ្ឋ Vancouver ប្រទេស​កាណាដា។

 

បើ​អាន​ពី​អ្នក​គិត​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​បំផុត​រហូត​មក​ទល់​នឹង​ពេល​នេះ អ្នក​នឹង​​យល់​ថា ប្រធាន​បទ​នេះ​ដូច​ជា​មិន​ត្រូវ ព្រោះ​ពួក​គាត់​សុទ្ធ​តែ​មិន​ធ្លាប់​មាន​​មន្ទិល    ​សូម្បី​បន្តិច​លើ​ជំនាញ​របស់​ពួក​គាត់។ លោក Steve Jobs ជឿ​​ច្បាស់​ថា គំនិត​ផលិតផល​របស់​លោក​ទាំង​អស់​គឺ​អស្ចារ្យ។ លោក Elon Musk តែង​តែ​ដឹង​ថា លោក​នឹង​អាច​បង្កើត​ឡាន​អេឡិចត្រូនិក​សម្រាប់​មនុស្ស​ជា​ច្រើន។ លោក Richard Branson ចូល​​ចិត្ត​ពេល​មនុស្ស​និយាយ​ថា គាត់​ឆ្កួត។ សម្រាប់​បុគ្គល​ទាំង​នេះ និង​សហគ្រិន​មួយ​ចំនួន​ទៀត​ពាក្យ​ថា មន្ទិល​លើ​ខ្លួន​ឯង​ដូច​ជា​មិន​មាន​ទេ។

 

ប្រសិន​បើ​យើង​មិន​មាន​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​មហិមា​លើ​ខ្លួន​ឯង​បែប​នេះ​ទេ ប្រហែល​អ្នក​អាច​មាន​អារម្មណ៍​ថា​អ្នក​ឈរ​នៅ​លំដាប់​លេខ​ពីរ​ជា​មនុស្ស​ច្នៃ​ប្រឌិត។

សាស្ត្រាចារ្យ​ចិត្ត​វិជ្ជា​លោក Adam Grant បាន​និយាយ​ពី​មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ថា តើ​ពួក​គេ​គិត​យ៉ាង​ណា​ចំពោះ​ខ្លួន​ឯង។ លោក Grant ក៏​ធ្លាប់​យល់​ខុស​ពេល​លោក​ត្រូវ​បានគេ​ស្នើ​អោយ​វិនិយោគ​ក្នុង​ការ​ចាប់​ផ្ដើម​ជំនួញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ។ ស្ថាបនិក​របស់​អាជីវកម្ម​នេះ​ហាក់​ដូច​ជា​មនុស្ស​យឺតយ៉ាវ។ ពួក​គេ​​ខ្វះ​ទំនុក​ចិត្ត​លើ​ជំនួញ​របស់​ពួកគេ​ថា​តើ​នឹង​ជោគជ័យ​ឬ​យ៉ាង​ណា ថែម​ទាំង​ស្វែង​រក​ការងារ​ផង​​​ក្រែង​មិន​ជោគជ័យ។ Grant មិន​បាន​បោះ​ទុន​ដើម្បី​វិនិយោគ​លើ​ជំនួញ​នេះ​ទេ ដូច្នេះ​ហើយ​ទើប​លោក​ខកខាន​​ក្នុង​ការ​ចូល​រួម​ជាមួយ​នឹង​​អាជីវកម្ម​ដ៏​ធំនេះ។

 

លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​ស្វែង​យល់​ថា ហេតុ​អ្វី​ក៏​លោក​សម្រេច​ចិត្ត​ខុស​ធំ​យ៉ាង​នេះ។ លោក​បាន​រក​ឃើញ​ថា មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ភាគ​ច្រើន​គឺ​ជា​មនុស្ស​យឺតយ៉ាវ ពន្យារ​ពេល ហើយ​ភាព​យឺតយ៉ាវ​និង​ការ​ពន្យារ​ពេល​ទាំង​នោះ​ហើយ​ដែល​អាច​ជំរុញ​អោយ​មាន​ការ​ច្នៃ​ប្រឌិត​បំផុត។ លោក​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​រាប់​បញ្ចូល​ទាំង​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ខ្លាំង ជាញឹកញាប់​គឺ​ពោរពេញ​ដោយ​មន្ទិល។ ប៉ុន្តែ​ជាជាង​ការ​បណ្ដោយ​អោយ​រាំង​ស្ទះ​ដោយ​មន្ទិល​ទាំង​នោះ ពួក​គេ​ប្រើ​មន្ទិល​ដើម្បី​តម្រូវ​ និង​ពង្រឹង​​​គំនិត​ល្អ​បំផុត​របស់​ពួក​គេ និង​លុប​ចោល​នូវ​ចំណុច​មិន​ល្អ។

ខាង​ក្រោម​នេះ​គឺ​ជា​ហេតុ​ផល​ដែល​ការ​មាន​មន្ទិល​លើ​ខ្លួន​ឯង​នាំ​អ្នក​ទៅ​រក​ជោគជ័យ៖

 

១. អ្នក​មិន​ព្រម​ទទួល​ចម្លើយ​មិន​​​ជាក់លាក់

អ្នក​ប្រើ internet browser មួយ​ណា? ការ​ស្រាវជ្រាវ​បង្ហាញ​ថា មនុស្ស​ដែល​ប្រើ Firefox ឬ Chrome ហាក់​ប្រតិបត្តិ​នៅ​ក្នុង​ការងារ​របស់​ពួក​គេ​បាន​ល្អ​ជា​ង​មនុស្ស​ប្រើ internet explorer ឬ safari ។ Grant និយាយ។

ហេតុ​ផល​គឺ មិន​មែន​ដោយ​សារ Browser ធ្វើ​អោយ​ការងារ​របស់​អ្ន​ក​មាន​ប្រសិទ្ធិភាព​នោះ​ទេ ប៉ុន្តែ​ព្រោះ​ថា​មនុស្ស​ដែល​មិន​​មាន​គំនិត​សម្លឹង​មើល​អ្វី​លើស​ពី​ការ​តំឡើង​ទុក​ជា​ស្រេច ហើយ​ស្វែង​រក​អ្វី​ផ្សេង​ហាក់​មិន​ព្រម​ទទួល​ដំណោះ​​ស្រាយ​ទី​មួយ​​ដែល​ពួក​គេ​រក​ឃើញ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។​

 

២. អ្នក​ប្រហែល​ឆ្លាត

តើ​អ្នក​ជឿ​ថា​អាជីរកម្ម​របស់​អ្នក​ប្រាកដ​ជា​ជោគជ័យ​ទេ? ខ្ញុំ​សុំទោស ប៉ុន្តែ​ប្រសិន​បើ​អ្នក​ពិត​ជា​គិត​បែប​នោះ​មែន អ្នក​ពិត​ជា​ឆ្កួត​ហើយ។ លោក Grant និយាយ។

លោក​បន្ត​ថា រឿង​មួយ​គឺ​ស្ថិតិ​ប្រឆាំង​នឹង​អ្នក៖ ៩៦% នៃ​អាជីវកម្ម​ថ្មី​ដួល​រលំ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ។ បើ​ទុក​ជា​សហគ្រិន​ផ្សេងៗ​មិន​ឈ្លៀសវៃ​ដូច​អ្នក ក៏​នៅ​តែ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​អាច​ធ្វើ​អោយ​ជំនួញ​របស់​អ្នក​ដួល​បាន​រាប់​បញ្ចូល​ទាំង ការ​ដួល​រលំ​ទីផ្សារ ដួលរលំ​សេដ្ឋកិច្ច ការ​បង្កើត​ថ្មី​ដែល​ធ្វើ​អោយ​ជំនួញ​របស់​អ្នក​មិន​ត្រូវ​ប៉ាន់ ច្បាប់​ថ្មី ឬ​ការ​យក​ពន្ធ ដែល​ធ្វើ​អោយ​ម៉ូដែល​អាជីវកម្ម​របស់​អ្នក​​គ្មាន​លំនឹង ហើយ​នៅ​មាន​ហេតុ​ផល​ជា​ច្រើន​ទៀត​​ដូច​ជា​ករណី​នៅ​ចក្រភពអង់គ្លេស​ក្នុង​ពេល​នេះ​ជា​ដើម​។

ការ​ពិត​ដែល​ស្ថាបនិក​របស់ Warby Parker ពិនិត្យ​មើល​ការងារ​​ក្នុង​ករណី​ដែល​ពួក​គេ​បរាជ័យ គឺ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ពួក​គេ​ឆ្លាត (អាជីវកម្ម​អនឡាញ​ដែល​បាន​ស្នើ​លោក Grant អោយ​​វិនិយោគ)។

 

៣. អ្នក​សួរ​សំនួរ​ជា​ច្រើន

នេះ​​គឺ​ជា​រឿង​ដ៏​ឆ្លាត​វៃ​បំផុត​ពេល​អ្នក​ធ្វើ​ជំនួញ ឬ​នៅ​ក្នុង​ការងារ​ផ្សេងៗ​រាប់​បញ្ចូល​ទាំង​ការ​សិក្សា។ មនុស្ស​ដែល​មាន​ជំនឿ​លើ​ខ្លួន​ឯង​ខ្លាំង ប្រកាស​ថា​ពួក​គេ​ត្រូវ ហើយ​ប្រាប់​អ្នក​ផ្សេង​ពី​គំនិត​របស់​ពួក​គេ និង​គំរោង​ដើម្បី​​ជោគជ័យ។ មនុស្ស​ដែល​​មិន​សួរ​គំនិត និង​សុំ​យោបល់​ពី​អ្នក​ផ្សេង និង​អ្នក​ដែល​សួរ​ជីកឫស​ជីក​គល់​ គឺ​មនុស្ស​ទី​ពីរ​ជា​មនុស្ស​ឆ្លាត។

 

៤. អ្នក​ស្ដាប់​មនុស្ស​ដែល​មិន​យល់​ស្រប​ជា​មួយ​អ្នក​

ការ​ពិសោធន៍​បង្ហាញ​ថា ក្រុម​ដែល​មាន​សមាជិក​​មាន​គំនិត​ខុសៗ​គ្នា​គឺ​ជា​ក្រុម​ឆ្លាត។ ចេញ​ពី​ការ​ពិភាក្សា ការ​មិន​ឯកភាព និង​ការ​ស្ទាបស្ទង់​មតិ​ទើប​ឈាន​ដល់​ការ​សម្រេច​នៅ​ក្នុង​ក្រុម។ មនុស្ស​ដែល​ជឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ទាំង​ស្រុង មិន​អាច​ស្ដាប់​អ្នក​ផ្សេង​ដែល​មិន​យល់​ស្រប​ជា​មួយ​ពួក​គេទេ ដូច្នេះ​ពួកគេ​នឹង​បញ្ចុះបញ្ចូល​អ្នក​ផ្សេង ឬ​មិន​រវល់​តែ​ម្ដង។ មនុស្ស​ដែល​មិន​ច្បាស់​លើ​ខ្លួន​ឯង គឺ​មាន​ចិត្ត​បើក​ចំហ​ចំពោះ​លទ្ធភាព​ដែល​ពួក​គេ​អាច​ដើរ​លើ​ផ្លូវ​ខុស។ ប្រសិន​បើ​ពួ​កគេ​កំពុង​ស្ថិត​លើ​ផ្លូវ​ខុស​ អីចឹង​គឺ​ជា​ប្រយោជន៍​ដ៏​ធំ​ដែល​ពួក​គេ​ស្ដាប់​អ្នក​មិន​ឯកភាព។

 

៥. អ្នក​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​បរាជ័យ និង​ការ​ត្រូវ​បរាជ័យ

Grant បាន​កត់​សម្គាល់​ថា  ភាព​ខុស​គ្នា​រវាង​មនុស្ស​ដែល​ពូកែ និង​មនុស្ស​ធម្មតា​គឺ អត្តចរិត​របស់​ពួក​គេ​ពេល​រឿង​រ៉ាវ​មិន​ដំណើរការ​ល្អ។ ពួក​គេ​ចាប់​ផ្ដើម​គិត​ថា “ពិត​ជា​ចោលម្សៀត” ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​គិត​ថា “ខ្ញុំ​ចោលម្សៀត​មែន” មនុស្ស​ពូកែ​គិត​បែប​នេះ “ពង្រាង​ដំបូង​តែង​តែ​ចោលម្សៀត ហើយ​ខ្ញុំ​មិន​ទាន់​ធ្វើ​ដល់​ចំណុច​ត្រូវ”។

ប្រសិន​បើ​អ្នក​មិន​រំពឹង​ថា​ គ្រប់​រឿង​ដែល​អ្នក​ធ្វើ​គឺ​អស្ចារ្យ អ្នក​មិន​ចាំបាច់​ភ្ញាក់​ផ្អើល​ ឬ​ពិបាក​ចិត្ត​ទេ​​ពេល​ការងារ​ដំណើរការ​ខុស។ អ្នក​អាច​គិត​ថា “ខ្ញុំ​គ្រាន់​តែ​មិន​ទាន់​ធ្វើ​ដល់” ហើយ​ត្រលប់​ក្រោយ​ និង​ព្យាយាម​​តាម​វិធី​ផ្សេង​​ទៀត។ ហើយ​បន្ទាប់​ពី​នោះ​មក​តាម​វិធី​ផ្សេង​ទៀត ប្រសិន​បើ​ចាំ​បាច់។​

នោះ​គឺ​ជា​វិថី​ច្បាស់​លាស់​បំផុត​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ថ្មី​ពិត​ប្រាកដ និង​ជោគជ័យ​រយៈ​ពេល​វែង៕

 

ប្រែសម្រួល៖ សិដ្ឋ

ប្រភព៖ Entrepreneur

 

មតិយោបល់