អភិវឌ្ឍចំណេះដឹង | March 15, 2021 | 1,990

៧ដំណាក់​កាល ​នៃ​ការបង្កើត​អាជីវកម្ម​ដែល​អ្នក​គួរ​ដឹង​ដើម្បី​ជីវិត​រកស៊ី

មាន​ដំណាក់កាល​សំខាន់​ចំនួន​៧​នៃ​ការ​បង្កើត​អាជីវកម្ម ដំណាក់កាល​នីមួយៗ​មាន​កត្តាប្រឈម​ និង​ឱកាស​របស់​វា។ ការ​បង្កើត​អាជីវកម្ម​​មួយ​មិន​កើត​ឡើង​ក្នុង​រយៈ​ពេល​មួយ​យប់​ទេ។ អ្នក​មិន​មែន​បង្កើត​អាជីវកម្ម​ហើយ​រង់​ចាំ​មើល​វា​រីកចម្រើន​នោះ​ឡើយ​ អ្នក​ចាប់​ផ្ដើម​ជាមួយ​នឹង​គំនិត​ដែល​អាច​ធ្វើ​បាន​ដ៏​ទទេ​ស្អាត​មួយ ហើយ​អ្នក​​មើល​ថែ​វា ដឹកនាំ​វា​តាម​ច្រើន​ដំណាក់កាល​នៃ​ការ​ផ្លាស់​ប្ដូរ​រហូត​ដល់​វា​ធ្វើ​អោយ​អ្នក​ចំណាំ​ស្ទើរ​មិន​បាន។

 

 

ខាង​ក្រោម​នេះ​ជា​ដំណាក់កាល​សំខាន់​ទាំង​៧​ដែល​នឹង​​ជួយ​អ្នក​រៀបគំរោង​សម្រាប់​ការ​រីក​ចម្រើន​​ពាណិជ្ជកម្ម​របស់​អ្នក​ និង​ផ្ដល់​គន្លឹះ​សម្រាប់​អ្នក​ដើម្បី​បង្កើត​ក្រុមហ៊ុន​៖

 

១. គំនិត

ពេល​អ្នក​​មាន​គំនិត​ពាណិជ្ជកម្ម​​ច្បាស់​លាស់​ហើយ រឿង​​បន្ទាប់​នៅ​ក្នុង​ដំណាក់កាល​នេះ​គឺ​ច្របាច់​គំនិត​នោះ​បញ្ចូល​គ្នា។ នោះ​មាន​ន័យ​ថា​ អ្នក​ត្រូវ​បង្កើត​​គំរោង​អាជីវកម្ម។ អ្នក​ត្រូវ​ធ្វើ​ការ​លើ​រឿង​គ្រប់​យ៉ាង​ពេល​ដែល​អ្នក​ផ្ដួចផ្ដើម​គំនិត​មួយ​ហើយ គិត​ពី​ការ​ប្រកួត​ប្រជែង​ដែល​អ្នក​នឹង​ត្រូវ​ចូល​រួម គិត​ពី​​គំរោង​ថវិកា​ដែល​អ្នក​នឹង​ត្រូវការ​ដើម្បី​ផ្គត់ផ្គង់។

 

២. បើក​ដំណើរការ

ដំណាក់កាល​នេះ​​កត់​ត្រា​​ការ​ចាប់​ផ្ដើម​ជា​ផ្លូវការ​នៃ​ពាណិជ្ជកម្ម​របស់​អ្នក ទោះ​បី​ជា​អ្នក​នៅ​តែ​អាច​គិត​ថា​ខ្លួន​អ្នក​ជា​សហគ្រិន​ក្នុងដំណាក់កាល​ទី​មួយ​ក៏​ដោយ។ នៅ​ដំណាក់​កាល​នេះ​អ្នក​នឹង​មាន​ធនធាន​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​អ្នក។ អ្នក​នឹង​រក​ការិយាល័យ​មួយ​ប្រសិន​បើ​អ្នក​ត្រូវ​ការ ទិញ​សម្ភារៈ និង​ចាប់​ផ្ដើម​ស្វែង​រក​អតិថិជន​ដំបូង​របស់​អ្នក។

 

៣. ព្យាយាម​រស់

ដំណាក់កាល​នេះ​ប្រហែល​ជា​​ដំណាក់​កាល​រេល​រា​បំផុត ព្រោះ​វា​អាច​បង្កើត ឬ​បំបែក​គំរោង​អាជីវកម្ម​របស់​អ្នក។ អ្នក​នឹង​ចាប់​ផ្ដើម​អស់​ទុន​ដំបូង​របស់​អ្នក ប៉ុន្តែ​វា​នៅ​មិន​ទាន់​ដល់​ពេល​រក​ប្រាក់​ចំណូល​បាន​នៅ​ឡើយ។ អ្នក​ទំនង​ជា​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ការងារ​នៅ​ក្នុង​ពាណិជ្ជកម្ម​របស់​អ្នក ដូច្នេះ​រចនា​សម្ព័ន្ធ​របស់​អ្នក​មិន​ទៀងទាត់ ហើយ​អ្នក​នឹង​ដង្ហើយ​រក​ចាប់​អតិថិជន​អោយ​បាន​គ្រប់​គ្រាន់​ដើម្បី​ស្រោចស្រង់​ដំណើរការ​របស់​អ្នក។ ដំណាក់​កាល​ខំ​រស់​មិន​មែន​ជា​ដំណាក់​កាល​ងាយ​ស្រួល​ទេ អ្នក​និង​ក្រុម​របស់​អ្នក​ត្រូវ​តែ​ចេះ​បត់បែន។

 

៤. ពង្រឹង​ស្ថិរភាព

ទោះ​បី​ជា​ដំណើរការ​នេះ​យឺត និង​ទៅ​មុខ​សន្សឹមៗ​ យូរៗ​ទៅ​អ្នក​នឹង​រក​អតិថិជន​ និង​ចំណូល​បាន​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ខ្លួន​អ្នក​អោយ​ផុត​ពី​ដំណាក់កាល​ប្រឹង​រស់។ នៅ​ចំណុច​នេះ​ អ្នក​នឹង​អាច​ពង្រឹង​ស្ថិរភាព​របស់​អ្នក​អោយ​នឹងន រក​ចំណូល​បាន​ក្នុង​កម្រិត​មូល​ដ្ឋាន​ ហើយ​ដំណើរការ​ផ្ទៃ​ក្នុង​របស់​អ្នក​នឹង​មាន​លំនឹង​ទាំង​អស់។  

 

អ្នក​នឹង​រៀន​ទុក​ចិត្ត​លើ​ក្រុម​ស្នូ​​របស់​អ្នក ផលិតផល​របស់​អ្នក​នឹង​មាន​ជាប់​រហូត ហើយ​តាម​ទ្រឹស្តី​អ្នក​នឹង​ចាប់​ផ្ដើម​គិត​ថា​ពាណិជ្ជកម្ម​របស់​អ្នក​អាច​ទ្រទ្រង់​ខ្លួន​ឯង​បាន​​រហូត។ ពាណិជ្ជកម្ម​មួយ​ចំនួន​​គាំង​នៅ​ដំណាក់កាល​នេះ ហើយ​នោះ​មិន​មែន​ជា​រឿង​ខុស​ទេ ដរាប​ណា​អ្នក​មិន​មាន​​ធុរកិច្ច​បន្ថែម​ទៀត​ដែល​ត្រូវ​តាម​ប្រមាញ់។

 

៥. លូតលាស់

ដំណាក់កាល​លូតលាស់​​ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​លើស​ពី​ការ​រៀបចំ​ដើម្បី​ភាព​នឹងន ហើយ​ទោះ​បី​ជា​វា​អាច​កើត​ឡើង​តាម​បែប​ធម្មជាតិ​គឺ​ការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ក្ដី​ វា​នៅ​តែ​ទាមទារ​ការ​ប្រឹងប្រែង​របស់​អ្នក​នៅ​ដំណាក់កាល​នេះដើម្បី​ការ​លូតលាស់។ មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​​ធ្វើ​បាន​នៅ​ដំណាក់កាល​នេះ ជា​ទូទៅ​គឺ​តាម​រយៈ​ក្រុម​លក់ និង​ទីផ្សារ​របស់​អ្នក។

អ្នក​កាន់​តែ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក និង​ធ្វើ​ការងារ​អោយ​កាន់​តែ​ល្អ​សម្រាប់​អថិជន​ដែល​មាន​ស្រាប់​របស់​អ្នក នោះ​​ពាណិជ្ជកម្ម​របស់​អ្នក​​នឹង​កាន់​តែ​មាន​ឱកាស​ដើម្បី​ពង្រីក​ទ្រង់ទ្រាយ​។ ទោះ​ជា​យ៉ាង​ណា​ អ្នក​ត្រូវ​តែ​ចាំ​ថា​ការ​លូតលាស់​​លឿន​ពេក ឬ​យឺតពេក​អាច​ដាក់​សម្ពាធ​លើ​ធនធាន​របស់​អ្នក។

 

៦. បដិវត្តន៍

និយាយ​ជា​ទូទៅ​ពេល​ដែល​ពាណិជ្ជកម្ម​របស់​អ្នក​ឈាន​ដល់​ចំណុច​ច្បាស់​មួយ​នៃ​ការ​លូតលាស់ វា​នឹង​ត្រូវការ​ការ​ផ្លាស់ប្ដូរ​​តាម​វិធី​ដ៏​លឿន​ខ្លះ​ដើម្បី​បន្ត​ការ​លូតលាស់ ឬ​សូម្បី​តែ​ដើម្បី​រស់។

 

៧. ចាកចេញ

ទី​បំផុត​​ នៅ​ចំណុច​ខ្លះ អ្នក​នឹង​ដល់​កម្រិត​មួយ​ដែល​អ្នក​ចង់​សម្រេច​បាន ហើយ​វា​នឹង​ក្លាយ​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវ​បន្ត​ដំណើរ។ នោះ​អាច​នឹង​មាន​ន័យ​ថា ការ​លក់​ពាណិជ្ជកម្ម ផ្ទេរ​វា​ទៅ​អោយ​ម្នាក់​ក្នុង​ចំណោម​សមាជិក​ក្រុម​របស់​អ្នក ឬ​សមាជិក​គ្រួសារ ឬ​ក៏​ចូល​និវត្តន៍​ហើយ​អោយ​អ្នក​ផ្សេង​មក​គិត​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត។

 

មិន​មាន​ពាណិជ្ជកម្ម​ពីរ​ដែល​ដូច​គ្នា​ទេ ហើយ​ដំណើរ​របស់​សហគ្រិន​ខុសៗ​គ្នា​រាប់​ចាប់​ពី​ខែ​ទៅ​ទសវត្ស។ ដំណាក់កាល​ទាំង​៧​នេះ​បង្ហាញ​ពី​ដំណើរ​ទូទៅ​ដែល​សហគ្រិន​ភាគ​ច្រើន​បំផុត​ឆ្លងកាត់ ហើយ​អ្នក​ប្រហែល​នឹង​ដឹង​ថា​អ្នក​បាន​ឆ្លងកាត់​ដំណាក់កាល​មួយ​ចំនួន​ក្នុង​ចំណោម​នេះ ឬ​ស្ទើរ​តែ​ទាំង​អស់​ប៉ុន្តែ​តាម​លំដាប់លំដោយ​ខុស​គ្នា៕

 

ទម្លាប់​ដ៏មាន​ប្រសិទ្ធភាព​ទាំង​៨​ដែល​ជួយ​លោក​ Bill​ ​Gates​ ឲ្យ​មាន​បំផុត​លើ​ផែន​ដី

 

ប្រែសម្រួល៖ សិដ្ឋ

ប្រភព៖ INC

មតិយោបល់