February 20, 2016 | 3,472

ដំណើរ​កម្សាន្ត​ទៅ​ខេត្ត​ កំពត​ មា​នអ្វី​គួរ​ឲ្យ​ទាក់​ចិត្ត​ខ្លះ​?

ខេត្តកំពត កំពូលដួងចិត្ត កំពតស្រស់ពិតបវរឥតពីរ​​ អាកាស​​ត្រជាក់ ប្រៀប​ដូច​សំដី អង្អែលហឫទ័យ​ឲ្យ​កើតក្ដីស្នេហ៍ កំពតឥតប្រែ រង់ចំានួនល្អង តើថ្ងៃណាទៅរៀមបានត្រកង ... កំពតរៀមប៉ងៗជានិរន្តរ៍។​
នេះជាវគ្គខ្លះនៃកម្រងបទចំរៀងរបស់អធិរាជ​សំឡេង​មាស លោក សិន ស៊ីសាមុត ដែលបានរៀបរាប់ពី​សម្រស់នៃខេត្តកំពត ហើយបន្សល់ទុកជាអនុស្សាវរីយ៍​។

ខេត្តកំពតស្ថិតនៅភាគខាងត្បូងឆៀងខាងលិចនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆ្នេរសមុត្រដ៏ស្រស់ស្អាតធម្មជាតិគូរអោយបេតី និង គួរអោយចង់ទៅលំហែកាយស្រូបយកខ្យល់សមុទ្រដ៏​បរិសុទ្ធ។

ខេត្តកំពត សម្បូរដោយរមណីយដ្ឋានធម្មជាតិ អំណោយផលដោយអាកាសធាតុមាត់សមុទ្រត្រជាក់ និងបរិសុទ្ធ។ ខេត្តនេះ​ត្រូវ​បានហុំព័ទ្ធដោយជួរភ្នំធំៗពណ៌​បៃតងស្រស់ ដូចជាភ្នំដំរី ជួរភ្នំបូកគោ ជាដើម ដែលមានកម្ពស់រហូតដល់ទៅ ១០៥០ម៉ែត្រ​។

ក្រៅពីជួរភ្នំ កំពតក៏មានកន្លែងកំសាន្តច្រើនទៀតដូចជា តំបន់ទឹកជ្រោះ ទឹកឈូ តំបន់ទឹកធ្លាក់ តាដា ជាដើម។

មិនតែប៉ុណ្ណោះ ខេត្តកំពតក៏មានរមណីយដ្ឋានដែលមានអាយុដ៏យូរអង្វែងតាំងពីសម័យអង្គរមកម្ល៉េះ​ ដូចជាជ្រលង និងរូងភ្នំកំពុងត្រាច ជាដើម។

ក្រៅពីរម្មណីយដ្ឋានដ៏សំបូរបែប និង​ស្រស់ត្រកាល កំពតក៏ជាខេត្ត កសិកម្ម​​ដ៏​ធំ​សំបើម​ដែល​មាន​ ចំការម្រេច ធុរេន ក្រូច និងចំការយកផលផ្លែជាច្រើនទៀត។ លើសពីនេះ កំពតក៏ជាតំបន់ផលិតអំបិលដ៏ធំ សំរាប់បំពេញ​តម្រូវការពេញផ្ទៃប្រទេស។

ទីរួមខេត្តកំពត មានឈ្មោះថា ក្រុងកំពត​ស្ថិតនៅតាមបណ្ដោយមាត់ព្រែកកំពង់ ហើយមានចម្ងាយប្រហែល ៥គម ប៉ុណ្ណោះពីឆ្នេរសមុទ្រ។

នៅពេលល្ងាចមុនថ្ងៃរៀបលិច លោកអ្នកអាចប្រទះឃើញនូវទស្សនីយភាពដ៏កម្រតែមួយគត់ នៃខេត្តនេះ គឺក្បួនទូកនេសាទដ៏ច្រើនចម្រុះ​ពណ៌​មាន ខៀវ ក្រហម បៃតង ដ៏ត្រចះ សំរុកធ្វើដំណើរចុះទៅដៃសមុទ្រ ដើម្បីត្រៀមធ្វើការនេសាទត្រី គួរអោយចាប់អារម្មណ៍បំផុត។

ថ្វីត្បិតតែទីក្រុងកំពត ជាទីក្រុងមានទំហំតូចក៏ពិតមែន តែកំពតជាតំបន់ទេស្សចរណ៍ដ៏សំបូរបែបមួយ បានបង្កប់នូវអនុស្សាវរីយ៍ចាស់ៗជាច្រើន ដូចជារចនាបទ​សំណង់គេហដ្ថានតំាងពីជំនាន់បារំាង និងជាតំបន់សំបូរដោយម្ហូបអាហារគ្រឿងសមុទ្រស្រស់ៗថ្មីៗ ទើបនឹងចេញពីរលកសមុទ្រ ហើយមានតម្លៃថោកល្មមសមរម្សគួរអោយចង់ទទួលទាន​៕

អត្ថបទ និង រូបភាព៖ ប៊ុណ្ណា លាង

មតិយោបល់