អភិវឌ្ឍចំណេះដឹង | March 04, 2021 | 13,616

អ្នក​កំពុង​ត្រៀម​​បើក​មុខ​ជំនួញ​មែន​ទេ? អាន​​៧​ចំណុច​នេះ​ដើម្បី​ជា​ដើម​ទុន​ឆ្ពោះ​ទៅ​ជោគជ័យ

អ្នក​មាន​​គំរោង​ចាប់ផ្តើមមុខរបរ ឬអាជីវកម្មដោយខ្លួនឯងមែនទេ? ចង់ជំរុញ​អ្វី​ដែល​​អ្នក​មាន​ស្រាប់​​ឲ្យកាន់តែប្រសើរមែនទេ? បើបែបនេះ អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវឆ្ពោះទៅរកសហគ្រិនភាពហើយ។

 

 

តែក្នុងដំណើរនេះ អ្នកនឹងជួបភ្លៀងបង្អាក់មិនឲ្យទៅមុខ ហើយ​ឧបសគ្គ​នោះ​មាន​ច្រើន​រាប់ភ្លេច។

មានមេរៀនចំនួន ៧ ដែលអ្នក​អាចរៀន​បានមុនចាប់ផ្ដើមផ្សងព្រេង​ក្នុង​ជីវិត​ជា​សហគ្រិនវ័យក្មេង៖

 

១. មានភាពជឿជាក់ តែកុំហួសហេតុ ភាពជឿជាក់ជាការល្អសម្រាប់ចាប់ផ្ដើមការងារអ្វីមួយ តែមិនត្រូវ​មានជំនឿជាក់​ហួសហេតុ​ពេកទេ។ ការមានជំនឿជាក់ហួសហេតុពេក អាចឲ្យអ្នកមើលរំលង​បញ្ហាដែលកើតមានចំពោះមុខ ហើយមិនចំពោះថា អ្នកជឿជាក់ប៉ុណ្ណាទេ បញ្ហាតូចធំអាចនឹងកើតមាននៅតាមផ្លូវដែលអ្នកដើរដែលពេលខ្លះបំបាក់ទឹកចិត្តអ្នកក៏មាន។

 

២. ផ្ដោតអារម្មណ៍ឲ្យខ្ពស់

សហគ្រិនជាមនុស្សដែលមើលឃើញឱកាស និងគំនិតថ្មីៗជានិច្ច។ ពិតណាស់ មានគំនិតរាប់រយដែលអ្នកអាចគិតដល់ តែបើគ្មានការផ្ដោតខ្ពស់ទេ អ្នក​នឹង​បែក​ឆ្វេង​ចាប់នេះបន្តិច ចាប់នោះបន្តិច ចុងក្រោយលទ្ធផលគឺបរាជ័យគ្រប់រឿង។ សហគ្រិនជោគជ័យដឹងរឿងច្រើនតែផ្ដោតធ្វើអ្វី​មួយ​ឲ្យល្អឥតខ្ចោះ។ ឧទាហរណ៍៖ ចង់ឆុងកាហ្វេដែលមានរសជាតិឆ្ងាញ់បំផុត ចង់ជួយ​តភ្ជាប់​ការ​អប់រំ​ដល់តំបន់ក្រីក្រ ចង់បង្កើតសេវាកម្មបដិសណ្ឋារកិច្ចដែលល្អ និង​កាន់​តែងាយ​ជាង​​មុនជាដើម។ កុំបែកអារម្មណ៍ពេលអ្នកដាក់ចិត្តសម្រេចការងារមួយហើយ​នោះ​។

 

៣. មិនចាំបាច់ចេះអស់ទេ

អ្នក​ត្រូវចាប់ផ្ដើមពាក្យថា សហគ្រិន ខុសពីអ្នកវិនិយោគ។ អ្នកវិនិយោគ​មាន​គម្រោងអាជីវកម្មដែលត្រូវដើរតាមក្នុងរយៈពេលជាក់លាក់ដើម្បីបាន​ផល​ចំណេញ​ណាមួយ។ តែសហគ្រិនគឺមិនដឹងលទ្ធផល ហើយមិនដឹងថា ត្រូវដើរដូចម្ដេចទៀត។ ពេលគិតថា អ្វីដែលអ្នកធ្វើមានតម្លៃ ឬអាចមាន​លទ្ធ​ផល​ល្អ ចូរចាប់ផ្ដើមធ្វើការងារនោះដោយក្តីស្រលាញ់ និង​សម្រួល​ទៅ​តាម​ពេល​ធ្វើ​ជាក់ស្ដែង។

ដំណើរ​ផ្សងព្រេង​នៅ​ក្នុង​ភាពជា​សហគ្រិន​របស់​អ្នក​នឹង​មានរឿងរំភើប និងមេរៀន​ជាច្រើនដែលអ្នកអាចនឹងរៀន មិនថា ជោគជ័យ ឬបរាជ័យឡើយ។

 

៤. រៀនជួល និងបញ្ឈប់បុគ្គលិក

សម្រាប់សហគ្រិន ភាគច្រើនគឺមិនមានដើមទុនច្រើនដើម្បីបង្កើតអ្វីមួយឡើយ។ ដូច្នេះ អ្នកត្រូវចេះ​រើស​មនុស្ស​ដែល​ត្រឹមត្រូវ​មកធ្វើការជាក្រុម​ដើម្បី​សម្រេច​គោលដៅ​រួម។ បើយល់ថា អ្នកដែលបានជ្រើសរើស​មកមិនត្រូវនឹង​អ្វីដែលចង់​បាន​កុំខ្លាចនឹងបញ្ឈប់ ហើយរើសអ្នកថ្មីដែលត្រូវ។ អ្នកអាចនឹងមិនមានធនធាន ឬពេលវេលាច្រើនដើម្បីបង្រៀនឲ្យអ្នកដែលមិនយល់ចេះបាន ព្រោះវាអាចនឹង​ធ្វើ​ឲ្យអ្នកដួលខ្លួនឯងតែម្ដង។

 

៥. រៀនចែករំលែកការងារ

អ្នកមិនអាចសម្រេចការងារដោយធ្វើតែឯងបានទេ។ បើអ្នកមានក្រុមដ៏ល្អមួយ ចូរចែករំលែកការងារទៅកាន់ក្រុមរបស់អ្នក បង្កើតទំនុកចិត្តរវាងគ្នា និងគ្នា​ទើបការងារសម្រេចបានលឿន។ កុំព្យាយាមគ្រប់គ្រងគ្រប់កិច្ចការ ផ្ដល់​ទំនួល​ខុសត្រូវ និងការសម្រេចចិត្តដល់មនុស្សដែលអ្នកទុកចិត្តបាន។

 

៦. បង្កើតបណ្ដាញឲ្យច្រើន

អ្នកប្រហែលឮចំណុចនេះញឹកញាប់ហើយ តែដើម្បីសម្រេច​បាន​ទាមទារឲ្យអ្នក​លះបង់​ពេលវេលា និងសេរីភាពទៅចូលរួមសិក្ខាសាលា ការងារស្ម័គ្រចិត្ត បណ្ដាញសង្គម និងសកម្មភាពជាច្រើនទៀតដើម្បីឲ្យអ្នកអាចចូលទៅជិតមនុស្ស និងពង្រីកបណ្ដាញបានកាន់តែច្រើន។ បើមានបណ្ដាញធំ អ្នក​ក៏នឹងអាច​សម្រេច​គោល​ដៅបានកាន់តែឆាប់ដែរ។

 

៧. ស្លៀកពាក់ឲ្យបានត្រឹមត្រូវ

អ្នកប្រហែលឃើញ CEO របស់ Facebook លោក Mark Zuckerberg និង Steve Jobs របស់ Apple ស្លៀកតែខោខូវប៊យ និងអាវដដែលងាយស្រួលហើយ។ តែត្រូវចាំថា អតិថិជនគោលដៅរបស់អ្នកមិនទាំងអស់ទេ ដែលចូលចិត្ត​ការ​ស្លៀក​​ពាក់បែបនេះ។ ការស្លៀកពាក់ក៏ជួយបង្កើតទំនុកចិត្តពីសំណាក់អតិថិជនមកលើអ្នកដែរ។ ដូច្នេះជាការល្អគឺត្រូវស្លៀកពាក់ឲ្យត្រូវនឹងពេលវេលា និងទីកន្លែង។

 

តើ​អ្នក​កំពុង​ចាប់​ផ្ដើម​ផ្សងព្រេង​ជាមួយ​គំនិត​អាជីវកម្ម​មែន​ទេ? យើង​សង្ឃឹម​ថា ៧​ចំណុច​នេះ​នឹង​រួម​ចំណែក​ជំរុញ​អ្នក​អោយ​ដល់​គោល​ដៅ​ឆាប់​រហ័ស៕

 

ប្រែសម្រួល៖ ដារ៉ា

ប្រភព៖ INC

មតិយោបល់