អចលនទ្រព្យ | March 31, 2022 | 348

ភ្នាក់ងារអចលនវត្ថុចង់ឱ្យមនុស្សទូទៅដឹងអ្វីខ្លះ?

ការទិញនិងការលក់ផ្ទះជាដំណើរស្មុគស្មាញ និងតម្រូវឱ្យមានការគិតច្រើន។ មនុស្សភាគច្រើនឆ្លងកាត់ដំណាក់កាលទិញលក់ផ្ទះមិនសូវច្រើនទេក្នុងជីវិត ប៉ុន្តែភ្នាក់ងារអចលនវត្ថុត្រូវជួបនិងធ្វើកិច្ចការទាំងអស់នេះរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត។ ហេតុដូច្នេះហើយ គេអាចមើលឃើញបញ្ហាពីគ្រប់ភាគីពាក់ព័ន្ធ និងមានចំណេះដឹងរាប់មិនអស់ដើម្បីចែករំលែកជាមួយអតិថិជន។ ទោះបីអ្នកជាភាគីអ្នកលក់ ឬអ្នកទិញ ក៏ជម្រើសល្អបំផុតគឺអ្នកត្រូវជឿជាក់លើភ្នាក់ងារនិងស្តាប់ដំបូន្មានរបស់គេដែរដើម្បីជួយសម្រេចចិត្តបានកាន់តែប្រសើរ។ 

 

 

ឧទាហរណ៍ជាក់ស្តែង នៅពេលស្វែងរកទិញផ្ទះ អ្នកទិញតែងតែពឹងផ្អែកលើការប៉ាន់ស្មានតម្លៃពីគេហទំព័រអចលនវត្ថុដើម្បីយល់តម្លៃផ្ទះនីមួយៗ។ ទោះជាយ៉ាងណា ភ្នាក់ងារអចលនវត្ថុចាត់ទុកថាការធ្វើបែបនេះមិនមែនជាវិធីសាស្រ្តដែលល្អបំផុតនោះទេ។ 

 

១/ គេចង់ធ្វើជាដៃគូរបស់អ្នក

ភ្នាក់ងារអចលនវត្ថុចង់ឱ្យអតិថិជនដឹងគេមានជំហរនៅខាងអតិថិជន គឺគេចង់ធ្វើជាដៃគូនៅក្នុងដំណើរការទិញឬលក់ផ្ទះ ពីដើមដល់ចប់ មិនមែនជាគូប្រជែងដែលត្រូវលាក់បាំងពត៌មានសំខាន់អ្វីទេ។ គេស្វែងរកមើលឱកាសល្អដើម្បីផ្តល់ផលចំណេញជូនអតិថិជន និងចង់រក្សាទំនាក់ទំនងជាប់ជានិច្ច។ 

 

២/ ពេលវេលាមានសារៈសំខាន់ណាស់

ភ្នាក់ងារអលចនវត្ថុមានបទពិសោធន៍ច្រើនណាស់ក្នុងការរង់ចាំមើលអតិថិជនរបស់គេរារែកពិបាកសម្រេចចិត្ត ហើយក៏បាត់បង់ផ្ទះដែលគេចង់បាន។ គេក៏ប្រហែលធ្លាប់ជួបស្ថានភាពដែលការទិញលក់មិនសម្រេចដូចបំណងដែរដោយសារភាគីណាមួយមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ឬចំណាយពេលរត់ឯកសារយូរពេក។ ការទិញឬលក់ផ្ទះជាការសម្រេចចិត្តធំណាស់ និងតម្រូវឱ្យចំណាយពេលច្រើន។ ប៉ុន្តែពេលដែលត្រូវសម្រេចចិត្តចុងក្រោយមិនគួរនៅស្ទាក់ស្ទើរទេ។ 

 

៣/ គេចង់ឱ្យបង្ហាញតម្រូវការច្បាស់លាស់

ការបត់បែននិងភាពងាយស្រួលធ្វើការជាមួយគ្នាជារឿងល្អ ប៉ុន្តែសូមកុំបង្ហាញជម្រើសនិងការចង់បានច្រើនពេកឱ្យភ្នាក់ងារជួយបំពេញ។ ភ្នាក់ងារអចលនវត្ថុចង់ឮតម្រូវការជាក់លាក់ដើម្បីគេអាចបង្ហាញផ្ទះនៅកន្លែងណាដែលពាក់ព័ន្ធបំផុត ដោយមិនខ្វះខ្ជាយពេលវេលារបស់ភាគីណាមួយ។ ក្នុងពេលជាមួយគ្នា គេមិនចង់ឱ្យអតិថិជនដាក់កម្រិតឬលក្ខខណ្ឌច្រើនពេកទេ។ 

 

៤/ គេមិនចង់ឱ្យផ្តល់តម្លៃទាបពេកទេ

ភ្នាក់ងារអចលនវត្ថុជាមនុស្សដែលពូកែខាងប៉ាន់ស្មានតម្លៃពិតប្រាកដរបស់ផ្ទះ។ បើមានគេដាក់លក់ផ្ទះក្នុងតម្លៃ២០ម៉ឺន ហើយអ្នកចង់ឱ្យត្រឹមតែ១៥ម៉ឺនដើម្បីតថ្លៃគ្នា អ្នកត្រូវត្រៀមចិត្តចាំស្តាប់ដំបូន្មានពីភ្នាក់ងាររបស់អ្នកឱ្យហើយទៅ។ បើផ្ទះនោះពិតជាមានតម្លៃ២០ម៉ឺនមែន ការផ្តល់ជូនទាបពេកប្រៀបដូចជាការបង្ហាញឱ្យគេដឹងថាអ្នកនិងភ្នាក់ងាររបស់អ្នកមិនដឹងថាខ្លួនឯងកំពុងតែធ្វើអ្វីនោះទេ។ ដូច្នេះហើយ ទាក់ទងនឹងតម្លៃផ្ទះ អ្នកគួរតែរៀនទុកចិត្តជំនាញវាយតម្លៃរបស់ភ្នាក់ងារអចលនវត្ថុដែលអ្នកកំពុងធ្វើការជាមួយ។

 

៥/ គ្មានផ្ទះណាដែលល្អឥតខ្ចោះទេ

គ្រប់ពេលដែលភ្នាក់ងារអលចនវត្ថុបង្ហាញផ្ទះទៅអ្នកទិញ គេតែងតែឮថាផ្ទះនេះល្អហើយប្រសិនបើ...។ សូមចងចាំទុកថាគ្មានផ្ទះណាមួយល្អឥតខ្ចោះ ឬត្រូវចិត្តមនុស្សគ្រប់គ្នានោះទេ គឺបើមិនខុសចិត្តក៏ខុសតម្លៃដែរ។ គន្លឹះគឺត្រូវស្វែងរកផ្ទះដែលល្អសម្រាប់អ្នកនៅពេលនេះ។ បើអ្នកមិនអាចរកបានផ្ទះដែលត្រូវតាមតម្រូវការនិងការចង់បាន អ្នកគួរជ្រើសរើសយកផ្ទះណាដែលបំពេញចិត្តអ្នកបានច្រើនជាងគេ ស្ថិតនៅក្នុងទីតាំងល្អ និងមិនហួសពីគម្រោងថវិការបស់អ្នក។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់