អចលនទ្រព្យ | March 30, 2022 | 292

អចលនវត្ថុថៃផ្គត់ផ្គង់លើសតម្រូវការ៣០ពាន់លានដុល្លារ

ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានក្នុងប្រទេសថៃកំពុងតែប្រឈមនឹងបញ្ហាជាប់គាំងយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារ ខណៈដែលចំនួនគម្រោងថ្មីៗកើនឡើងយ៉ាងខ្ពស់លើសតម្រូវការទីផ្សារ នេះបើយោងទៅតាមក្រុមវិនិយោគនៅក្នុងក្រុងបាងកក។

 

 

គម្រោងអភិវឌ្ឍមានចំនួនច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ ហើយចំនួនលំនៅដ្ឋានដែលលក់មិនទាន់ដាច់មានតម្លៃជិតស្មើ៣០ពាន់លានដុល្លារ ដែលធ្វើឱ្យទីផ្សាររងសម្ពាធតម្លៃ។ 

 

បច្ចុប្បន្ននេះ គម្រោងចំនួន៣៤២ ដែលមានតម្លៃសរុបជិត៤៤៨ពាន់លានបាត នៃការផ្គត់ផ្គង់លំនៅដ្ឋានថ្មី ត្រូវគេគ្រោងនឹងបើកសម្ពោធនៅក្នុងឆ្នាំ២០២២នេះ ដែលជាការសាងសង់របស់ក្រុមហ៊ុនអភិវឌ្ឍចំនួន១៨។ បើបូកបញ្ចូលជាមួយនឹងគម្រោងកំពុងដំណើរការ ដែលជាលំនៅដ្ឋានលក់មិនទាន់ដាច់តម្លៃសរុបចំនួន៥៥៧ពាន់លានបាត ពីក្រុមហ៊ុនអភិវឌ្ឍចំនួន១៤ ពីចុងឆ្នាំ២០២១ ចំនួនសរុបនៃការផ្គត់ផ្គង់កើនឡើងជិត៣០ពាន់លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។  

 

អ្នកជំនាញយល់ថាការផ្គត់ផ្គង់នេះច្រើនពេកហើយ បើទោះជាអំណាចទិញដូរនៅតែមានក្នុងទីផ្សារក៏ដោយ។ ក្រុមហ៊ុនអភិវឌ្ឍគួរតែប្រុងប្រយ័ត្ន ដោយសារតម្រូវការនឹងមិនអាចឡើងខ្ពស់ដូចឆ្នាំ២០១៨ទេ។ 

 

កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនអភិវឌ្ឍចំនួន១៨ មានតម្លៃមុនលក់សរុប៣៥៤ពាន់លានបាត ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ប៉ុន្តែបីឆ្នាំក្រោយមក តម្លៃមុនលក់ធ្លាក់ចុះមកនៅប្រហែល២៦០ពាន់លានបាតក្នុងមួយឆ្នាំ។ គេរំពឹងទុកថាតម្លៃមុនលក់ក្នុងឆ្នាំ២០២២នេះនឹងស្ទុះឡើងដល់៣១៩ពាន់លានបាត ក្រោយពេលវិបត្តិកូវីដចាប់ផ្តើមថយចុះជាបណ្តើរៗ។ 

 

ទោះជាយ៉ាងណា ក៏នៅមានភាពមិនច្បាស់លាស់ដែលនឹងរំខានតម្រូវការទៀត ពោលគឺវិបត្តិរុស្ស៊ីនិងអ៊ុយក្រែន ដែលធ្វើឱ្យរង្គោះរង្គើដល់សេដ្ឋកិច្ចពិភពលោក។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់