អចលនទ្រព្យ | March 29, 2022 | 294

រឿងដែលអ្នកត្រូវដឹងនៅពេលទិញផ្ទះ

តើអ្នកបានសម្រេចចិត្តច្បាស់ហើយឬនៅថាត្រូវទិញផ្ទះ? ការទិញផ្ទះជាការសម្រេចចិត្តដ៏ធំមួយក្នុងជីវិត ហើយចំពោះមនុស្សភាគច្រើន វាអាចជាការសម្រេចចិត្តយ៉ាងស្មុគស្មាញដែរ។ ដោយសារមានរឿងជាច្រើនដែលត្រូវពិចារណា អ្នកងាយនឹងមានអារម្មណ៍រងសម្ពាធបញ្ហាណាស់។ បើចង់ជៀសផុត ឬសម្រាលបន្ទុកកង្វល់ខ្លះ អ្នកអាចប្រើប្រាស់គន្លឹះទាំងនេះដើម្បីជួយក្នុងដំណើរទិញផ្ទះ៖

 

 

១/ រៀបចំត្រៀមហិរញ្ញវត្ថុ

ហិរញ្ញវត្ថុជាកង្វល់ធំផុតនៅពេលទិញផ្ទះ ដូច្នេះជាការល្អដែលត្រូវរៀបចំត្រៀមទុកជាស្រេចមុននឹងចាប់ផ្តើមដើរមើលផ្ទះ។ នៅក្នុងដំណាក់កាលនេះ អ្នកអាចស្វែងរកមនុស្សផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងសុំឱ្យគេជួយគណនាផែនការហិរញ្ញវត្ថុសម្រាប់អ្នក។ អ្នកជំនាញអាចជួយអ្នកគិតឃើញរបៀបដែលអ្នកអាចស្វែងរកកម្ចី និងទំហំបំណុលដែលអ្នកអាចសងបានទៅតាមលទ្ធភាពនៃប្រាក់ចំណូលបច្ចប្បន្នរបស់អ្នក។ 

 

២/ ធ្វើការជាមួយភ្នាក់ងារអចលនវត្ថុ

ការជ្រើសរើសភ្នាក់ងារអចលនវត្ថុជាទិដ្ឋភាពសំខាន់មួយនៃដំណើរការទិញផ្ទះ។ ជាការចាំបាច់ណាស់ក្នុងការស្វែងរកមនុស្សម្នាក់ដែលអ្នកអាចធ្វើការជាមួយគ្នាបានស្រួលចិត្ត។ សាកសួរមិត្តភក្តិនិងមនុស្សដែលអ្នកស្គាល់ដើម្បីរកមើលភ្នាក់ងារណាដែលស្រួលធ្វើការជាមួយ។ បើមិនមានទំនាក់ទំនងផ្ទាល់ទេ អ្នកក៏អាចស្រាវជ្រាវនិងស្វែងរកតាមអ៊ីនថឺណិតបានដែរ។ ទោះជាតាមមធ្យោបាយណាក៏ដោយ អ្នកត្រូវស្រាវជ្រាវសាវតារនិងបទពិសោធន៍របស់ភ្នាក់ងារនោះឱ្យបានគ្រប់ជ្រុងជ្រោយ ហើយកុំភ្លេចសាកសួរនិងចរចាតម្លៃសេវាកម្មជាមុន។

 

៣/ រៀនស្គាល់ទីតាំង

បើអាចធ្វើបាន អ្នកគួរចាប់ផ្តើមការស្រាវជ្រាវរកទិញផ្ទះរបស់អ្នកតាមរយៈការជួលឬរស់នៅក្នុងតំបន់នោះមុនពេលសម្រេចចិត្តទិញ។ អ្នកត្រូវធ្វើយ៉ាងណាឱ្យប្រាកដថាខ្លួនឯងស្គាល់តំបន់នោះបានច្បាស់ ដោយសារផ្ទះជាការវិនិយោគយូរអង្វែង។ ដើម្បីទទួលបានគំនិតទូលំទូលាយ អ្នកគួរតែរស់នៅក្នុងតំបន់នោះឱ្យបានគ្រប់រដូវដើម្បីដឹងថាពេលណាមានបញ្ហាអ្វីដែលរំខាន ដូចជារដូវភ្លៀងមានទឹកលិចជាដើម។ សាកសួរអ្នកស្រុកអំពីសុវត្ថិភាពក្នុងការរស់នៅ និងពិនិត្យមើលសកម្មភាពសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដូចជាមន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់ជាដើម។ 

 

៤/ ពិចារណាអំពីផ្ទះ

នៅពេលអ្នកបានពិចារណាអំពីទីតាំងជុំវិញអស់ហើយ រឿងដែលអ្នកត្រូវធ្វើបន្ទាប់ទៀតគឺការរៀបចំបញ្ជីតម្រូវការដែលនៅពេលជ្រើសរើសផ្ទះ។ ក្នុងដំណាក់កាលនេះ អ្នកត្រូវបើកចិត្តទូលាយ និងមានភាពបត់បែន។ គិតអំពីអ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកយល់ថាអាចចរចាគ្នាបាន។ នៅពេលជ្រើសរើសផ្ទះ អ្នកក៏គួរពិចារណាដល់កម្រិតនៃភាពងាយស្រួលក្នុងការលក់វិញដែរ។ ផ្ទះដែលអាចដាក់ជួលបានតែងតែមានសក្តានុពលខ្ពស់ជានិច្ច។ កុំទិញផ្ទះដោយសារវាមានទេសភាពល្អតែម្យ៉ាង។ 

 

៥/ ពិនិត្យមើលលម្អិត

ក្រោយពីអ្នកបានរកឃើញផ្ទះដែលចង់ទិញហើយ កុំភ្លេចជួលអ្នកជំនាញមកជួយពិនិត្យមើលក្រែងមានបញ្ហាបង្កប់អ្វីមួយមុនពេលទិញ។ អ្នកត្រូវសុំគំនិតយោបល់ពីមនុស្សជំនាញខាងពិនិត្យផ្ទះឯករាជ្យ ហើយគួរជ្រើសរើសអ្នកជំនាញយ៉ាងហោចណាស់ពីរនាក់មកវាយតម្លៃ។ ចំណុចមួយនេះកាន់តែមានសារៈសំខាន់ថែមទៀតនៅពេលអ្នកទិញផ្ទះដែលធ្លាប់មានមនុស្សរស់នៅឬផ្ទះចាស់។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់