អចលនទ្រព្យ | March 28, 2022 | 293

ប្រទេសឥណ្ឌូនេស៊ីស្នើឱ្យមានការចូលរួមបង្កើតរដ្ឋធានីថ្មី

រដ្ឋាភិបាលឥណ្ឌូនេស៊ីមិនបានបិទលទ្ធភាពនៃការប្រើប្រាស់ដើមទុនពីច្រកណាមួយទេក្នុងការអភិវឌ្ឍរដ្ឋធានីថ្មីនៅលើកោះប៊័រនេអូ។ យោងតាមការផ្សព្វផ្សាយរបស់សារពត៌មានលើអ៊ីនថឺណិត គម្រោងសាងសង់រដ្ឋធានីថ្មីនេះនឹងផ្តល់ឱកាសឱ្យសហគមន៍បានចូលរួម។ ក្រុមអាជ្ញាធរកំពុងតែស្វែងរកគំរូច្នៃប្រឌិតក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងដ៏ធំមួយនេះ។ 

 

 

ការប្រកាសនេះធ្វើឡើងក្រោយពេលមានការរិះគន់និងការដេញដោលចំពោះអត្ថន័យនៃម្ចាស់កម្មសិទ្ធិលើក្រុងថ្មីនេះ។ អ្នកនាំពាក្យអាជ្ញាធរទទួលខុសត្រូវគម្រោងនេះពន្យល់ថា កម្មវិធីប្រមូលដើមទុនពីគ្រប់ច្រកល្ហកនេះនឹងផ្តល់ឱកាសមួយសម្រាប់សាធារណជនចូលរួមយ៉ាងសកម្មផ្នែកហិរញ្ញវត្ថុក្នុងការសាងសង់សំណង់សាធារណៈនិងសង្គម។ ការចូលរួមពីសាធារណជនក្នុងគម្រោងនេះនឹងជួយបង្កើតទំនុកចិត្ត និងការជឿជាក់ក្នុងចំណោមក្រុមវិនិយោគិនសំខាន់ៗ។ 

 

នៅក្នុងជំហានទីមួយ ការអភិវឌ្ឍក្រុងថ្មីនេះនឹងទំនងជាប្រើប្រាស់ដើមទុនពីកញ្ចប់ថវិការដ្ឋ ដែលនឹងលើកទឹកចិត្តដល់ទំនុកចិត្តទីផ្សារ។ ការប្រកាសទទួលយកប្រភពហិរញ្ញវត្ថុពីគ្រប់ច្រកល្ហកនេះធ្វើឡើងក្រោយពេលក្រុមហ៊ុន SoftBank Group  របស់ប្រទេសជប៉ុនប្រកាសដកខ្លួនមិនវិនិយោគក្នុងគម្រោងនេះ គឺធ្វើឡើងពីរឆ្នាំក្រោយពេលរដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ីបានប្រកាសថាក្រុមហ៊ុនបានសន្យាថានឹងផ្តល់ដើមទុនចំនួន៤០ពាន់លានដុល្លារទៅក្នុងគម្រោងនេះ។ 

 

ក្រុមអ្នករិះគន់លើកឡើងថាគំនិតនៃការប្រមូលដើមទុនពីគ្រប់ច្រកល្ហកចំពោះរដ្ឋធានីថ្មីនេះជាការបន្ថែមបន្ទុកទ្វេដងនៅពេលដែលពួកគេត្រូវបង់ពន្ធយ៉ាងខ្ពស់រួចហើយនោះ ក្នុងពេលដែលទំនិញគ្រប់ប្រភេទកំពុងតែឡើងថ្លៃ។ មនុស្សទាំងនេះក៏ចង្អុលបង្ហាញដែរថា ថវិការដ្ឋដែលត្រូវប្រើប្រាស់សម្រាប់គម្រោងនេះជាលុយដែលបានពីការប្រមូលពន្ធពីសាធារណជនរួចទៅហើយ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់