អចលនទ្រព្យ | March 27, 2022 | 274

ប្រយ័ត្នការជួសជុលនិងកែច្នៃផ្ទះដែលនាំឱ្យធ្លាក់តម្លៃលើសដើម

ផ្ទះរបស់អ្នកមិនត្រឹមតែជាសមិទ្ធផលធំធេងដែលពោរពេញដោយអំនួតនោះទេ ប៉ុន្តែក៏ជាកន្លែងដែលអ្នកអាចសម្រាកក្រោយពេលធ្វើការពេញមួយថ្ងៃ និងជាវិនិយោគមួយក្នុងអនាគតគ្រួសារដែរ។ ក្នុងពេលដែលអ្នកចង់កែច្នៃផ្ទះឱ្យកាន់តែប្រសើរឡើងដើម្បីបង្កើតតម្លៃក្នុងពេលលក់ទៅវិញ ក៏អ្នកគួរប្រុងប្រយ័ត្នចំពោះការជួសជុលមួយចំនួនដែរដែលអាចនឹងនាំឱ្យខាតបង់លុយកាក់នៅក្នុងពេលអនាគតទៅវិញ។ បើគ្រាន់តែអ្នកមើលឃើញចំណុចដែលត្រូវកែខៃនោះមិនមែនមានន័យថាអ្នកទិញនឹងមានអារម្មណ៍ដូចអ្នកទេ។ សូមពិចារណាចំណុចទាំងនេះនៅពេលអ្នកចង់កែខៃផ្ទះដើម្បីបង្កើនតម្លៃ៖ 

 

 

១/ ប្តូរនិងរៀបចំបំពាក់អំពូលភ្លើងហ៊ឺហា

អ្នកជំនាញក្នុងវិស័យអចលនវត្ថុអះអាងថាកំហុសទូទៅមួយក្នុងការកែខៃបង្កើនគុណភាពផ្ទះគឺតាមរយៈការប្តូរនិងបំពាក់អំពូលលម្អលើសពីតម្រូវការចាំបាច់។ ប្រហែលអ្នកគិតថាអំពូលទំនើបនិងពេញនិយមទាំងអស់នេះជាគ្រឿងលម្អ ប៉ុន្តែអ្នកទិញបែរជាស្ទាក់ស្ទើរចំពោះចំណាយលើអគ្គិសនីប្រចាំខែទៅវិញ។ ជាងនេះទៅទៀត ការបំពាក់សម្ភារៈទំនើបនៅពេលនេះ ប្រហែលក្លាយជារឿងហួសសម័យនៅពេល១០ឆ្នាំក្រោយ។ 

 

២/ បិទលម្អជញ្ជាំងច្រើនពេក

ការបិទលម្អតាមជញ្ជាំងមានច្រើនជម្រើសនិងច្រើនបែបណាស់ក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែចំណង់ចំណូលចិត្តមនុស្សម្នាក់ៗមិនដូចគ្នាទេ ហើយជាងនេះទៅទៀត ការបកលម្អតាមជញ្ជាំងទាំងនោះវិញមិនងាយស្រួលនិងនាំឱ្យខូចជញ្ជាំងថែមទៀត។ អ្នកទិញផ្ទះប្រហែលចាត់ទុកការបកលម្អតាមជញ្ជាំងជារឿងឈឺក្បាលទៀតផង។ ការលាបពណ៌ថ្មីក្នុងរបៀបមិនឆើតឆាយប្រហែលជាដំណោះស្រាយល្អក្នុងស្ថានភាពនេះ។ 

 

៣/ បំពាក់សម្ភារៈទំនើបពេកនៅក្នុងបន្ទប់ចម្អិនអាហារ

បន្ទប់ចម្អិនអាហារតែងតែត្រូវគេចាត់ទុកថាជាបេះដូងរបស់ផ្ទះ ហើយវាក៏ជាគម្រោងមួយដែលម្ចាស់ផ្ទះជាច្រើនត្រូវសន្សំលុយកាក់ច្រើនដើម្បីវិនិយោគដែរ។ទោះជាយ៉ាងណា តម្លៃលក់វិញមិនបានច្រើនដូចការរំពឹងទុករបស់អ្នកទេ ហើយក៏ប្រហែលមិនស្មើនឹងតម្លៃវិនិយោគផងទេ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវផ្តោតលើការផ្តូរឬជួសជុលតែកន្លែងណាដែលខូចឬប្រើលែងកើតតែប៉ុណ្ណោះ។ 

 

៤/ ការកែប្រែផ្ទះទៅជាការិយាល័យ

ដោយសារមានបច្ចេកវិទ្យាទំនើបកាន់តែច្រើន មនុស្សកាន់តែច្រើនមានឱកាសធ្វើការនៅផ្ទះបាន ហើយក៏មានមនុស្សខ្លះទៀតពិចារណាបង្កើតឬកែច្នៃផ្នែកណាមួយនៃផ្ទះរបស់គេទៅជាការិយាល័យអចិន្រ្តៃយ៍ទៀតផង។ ទោះជាយ៉ាងណាការកែច្នៃនេះត្រូវចំណាយច្រើនណាស់ ហើយអ្នកទិញប្រហែលមិនមែនជាមនុស្សដូចអ្នកគិតទុកនោះទេ។ 

 

៥/ ធ្វើកិច្ចការជួសជុលទាំងអស់ដោយខ្លួនឯង

សូមគិតទ្វេដងមុននឹងចាប់ផ្តើមធ្វើកិច្ចការជួសជុលផ្ទះដោយខ្លួនឯង។ អ្នកជំនាញព្រមានថាគេបានឃើញផ្ទះជាច្រើនធ្លាក់តម្លៃដោយសារសកម្មភាពជួសជុលដោយខ្លួនឯងនេះ។ ម្ចាស់ផ្ទះប្រហែលយល់ថាគេមើលឃើញបញ្ហាច្បាស់និងអាចសន្សំលុយកាក់បានខ្លះតាមរយៈការមិនបាច់ជួលជាង ប៉ុន្តែអ្នកទិញមើលចាប់ឃើញបញ្ហាដែលជួសជុលមិនបានល្អ ហើយក៏អាចនាំទៅរកការសន្និដ្ឋានថាជាការបិទបាំងបញ្ហាទៅវិញ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់