អចលនទ្រព្យ | March 25, 2022 | 271

ទីផ្សារខុនដូក្នុងក្រុងបាងកកជួបបញ្ហាពិបាកលក់ចេញ

ទីផ្សារខុនដូក្នុងក្រុងបាងកក ដែលធ្លាប់មានភាពទាក់ទាញខ្លាំងក្នុងចំណោមអ្នកទិញជាបរទេសនៅមុនពេលមានវិបត្តិកូវីដ១៩នោះមានសន្ទុះកើនឡើងបន្តិចកាលពីឆ្នាំ២០២១ ប៉ុន្តែស្ថានភាពជាទូទៅនៅមានកម្រិតខ្សោយនៅឡើយ។ បញ្ហាចម្បងគឺកង្វះខាតអ្នកទិញជាបរទេស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនជំនាញខាងទីផ្សារអចលនវត្ថុស្នាក់នៅក្នុងប្រទេសថៃ។ 

 

 

ទីផ្សារខុនដូបានរងផលប៉ះពាល់ដោយផ្ទាល់ពីវិបត្តិកូវីដ១៩ ដោយសារឥទ្ធិពលដែលជះលើសេដ្ឋកិច្ចថៃ ទំនុកចិត្តអតិថិជន អំណាចចំណាយ និងការផ្គត់ផ្គង់មានកម្រិតខ្ពស់លើសតម្រូវការ។ 

 

ស្ថានភាពនេះគួបផ្សំជាមួយនឹងកង្វះអ្នកទិញជាបរទេសផង ដែលជាផ្នែកសំខាន់មួយនៃទីផ្សារអចលនវត្ថុក្នុងទីប្រជុំជនប្រទេសថៃ ហើយក៏មិនមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីទិញផ្ទះដែលគេមិនបានមកមើលដោយផ្ទាល់ភ្នែកដូចធ្លាប់ធ្វើកន្លងមក។ 

 

ក្នុងត្រីមួយទីបួនឆ្នាំ២០២១ គេឃើញសន្ទុះលក់កើនឡើងបន្តិចក្នុងទីផ្សារខុនដូ ដែលមានការបើកសម្ពោធគម្រោងថ្មីៗ ទាំងនៅក្នុងក្រុងនិងជាយក្រុង។ ជាលទ្ធផល មានខុនដូចំនួនជិតមួយម៉ឺនកន្លែងចូលក្នុងទីផ្សារក្នុងក្រុងបាងកក ដែលកើនឡើង៧%ខ្ពស់ជាងពេលដូចគ្នានេះកាលពីមួយឆ្នាំមុន។ 

 

ទោះជាយ៉ាងណា ចរន្តទីផ្សារខុនដូទាំងមូលនៅក្នុងត្រីមាសខាងចុងឆ្នាំ២០២១មិនទាន់ងើបរួចពេញលេញនៅឡើយទេ។ គម្រោងជាច្រើនត្រូវពន្យារពេលឬផ្អាកដំណើរការដោយសារកត្តាជាច្រើន ដូចជាកង្វះហិរញ្ញវត្ថុ ការកែប្រែគម្រោង ឬការរង់ចាំមើលស្ថានភាពទីផ្សារប្រសើរឡើងសិនជាដើម។ 

 

ស្ថានភាពនេះគេអាចមើលឃើញច្បាស់តាមរយៈអគារខ្ពស់ៗដែលសាងសង់មិនទាន់រួចរាល់ក្នុងតំបន់ពាណិជ្ជកម្មនៅកណ្តាលក្រុងបាងកកដែលដំណើរការសាងសង់ត្រូវផ្អាកអស់ជាច្រើនខែ។ អត្រាលក់នៅក្នុងក្រុងធ្លាក់ចុះអស់៦,៥%នៅក្នុងត្រីមាសទីបួនឆ្នាំ២០២១ បើប្រៀបធៀបជាមួយនឹងពេលដូចគ្នានៅឆ្នាំមុននោះ។ 

 

ចំពោះឆ្នាំ២០២២នេះ ក្រុមអ្នកជំនាញរំពឹងចង់ឃើញស្ថានភាពប្រសើរជាងនេះបន្តិចនៅក្នុងទីផ្សារខុនដូ និងកំណើនបន្តិចម្តងៗក្នុងចំនួនគម្រោងថ្មីៗនៅក្រុងបាងកក។ ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍជាច្រើនបានប្រកាសផែនការឆ្នាំ២០២២របស់គេថានឹងផ្តោតខ្លាំងលើការអភិវឌ្ឍគម្រោងខុនដូនៅក្នុងក្រុងនិងតំបន់ជាយក្រុង និងតាមខេត្តផ្សេងក្នុងប្រទេសថៃ។

 

ប្រែសម្រួល៖ វេហា

មតិយោបល់