អចលនទ្រព្យ | March 23, 2022 | 278

សំណួរសំខាន់ៗដែលអ្នកទិញផ្ទះត្រូវសួរអ្នកពិនិត្យផ្ទះ

ការពិនិត្យមើលផ្ទះតាមវិជ្ជាជីវៈជាជំហានសំខាន់បំផុតមួយក្នុងដំណើរការទិញផ្ទះ។ ការពិនិត្យនេះជាការវាយតម្លៃនិងរាយការណ៍អំពីស្ថានភាពជាក់ស្តែងរបស់ផ្ទះ ដែលគេកំពុងតែប្រកាសលក់នៅលើទីផ្សារអចលនវត្ថុ។ ជាទូទៅ តម្លៃសេវាកម្មជាបន្ទុករបស់អ្នកទិញ ហើយអាស្រ័យលើរបាយការណ៍នៃការវាយតម្លៃនេះ ពេលខ្លះអ្នកទិញអាចប្រើប្រាស់ចំណុចគន្លឹះមួយចំនួនដើម្បីចរចាជាមួយអ្នកលក់សុំបញ្ចុះតម្លៃបានខ្លះ ឬក៏ដកខ្លួនថយចេញពីដំណើរការទិញលក់នេះតែម្តងក៏មាន។ 

 

 

នៅពេលអ្នកវាយតម្លៃកំពុងតែធ្វើការ រឿងសំខាន់គឺអ្នកត្រូវដឹងសំណួរគន្លឹះមួយចំនួនដើម្បីសាកសួរគេជាមុន ក្នុងពេល និងក្រោយពេលវាយតម្លៃ មុននឹងសម្រេចចិត្តឱ្យបានច្បាស់ថាត្រូវទិញឬមិនត្រូវទិញ។ ខាងក្រោមនេះជាសំណួរសំខាន់ៗមួយចំនួនដែលអ្នកគួរសួរអ្នកពិនិត្យនិងវាយតម្លៃផ្ទះនៅពេលចង់ទិញអចលនវត្ថុ៖ 

 

១/ តើគេយកតម្លៃសេវាកម្មប៉ុន្មាន?

ជាទូទៅ ដំណើរការពិនិត្យវាយតម្លៃផ្ទះមានចន្លោះពី៣០០ទៅ៦០០ដុល្លារអាស្រ័យលើប្រភេទអលចនត្ថុ និងកិច្ចការដែលអ្នកពិនិត្យត្រូវធ្វើជាក់ស្តែង។ ចំណាយពេលខ្លះស្រាវជ្រាវលើអ៊ីនថឺណិតដើម្បីរកមើលអ្នកជំនាញ និងពិនិត្យមើលបទពិសោធន៍ការងាររបស់គេកន្លងមក។ 

 

២/ តើគេពិនិត្យមើលអ្វីខ្លះ (និងមិនមើលអ្វីខ្លះ)?

នៅពេលអ្នកដឹងតម្លៃសេវាកម្មហើយ អ្នកត្រូវរកមើលឱ្យឃើញថាអ្នកពិនិត្យនិងវាយតម្លៃផ្ទះនោះនឹងមើលចំណុចណាខ្លះនៃអចលនវត្ថុ និងកន្លែងណាខ្លះដែលគេមិនមើល។ ពេលបានដឹងចំណុចទាំងអស់នេះហើយ អ្នកអាចនិយាយជាមួយម្ចាស់ផ្ទះដើម្បីដឹងកាន់តែច្បាស់។ 

 

៣/ តើអ្នកអាចទៅមើលដំណើរការពិនិត្យវាយតម្លៃនោះបានទេ?

ចំណុចមួយនេះក៏អាស្រ័យលើរបៀបធ្វើការរបស់អ្នកពិនិត្យវាយតម្លៃម្នាក់ៗនិងម៉ោងពេលដែលគេធ្វើការដែរ។ ប៉ុន្តែបើអ្នកអាចឆ្លៀតបាន ការចូលរួមក្នុងដំណើរការពិនិត្យវាយតម្លៃនេះមានប្រយោជន៍ច្រើនសម្រាប់អ្នក។ តាមរបៀបនេះ អ្នកអាចមើលឃើញនិងយល់ស្ថានភាពជាក់ស្តែងរបស់ផ្ទះ។ បន្ថែមពីលើនេះ គេក៏អាចចង្អុលបង្ហាញបញ្ហាជាក់លាក់នៅពេលមើលឃើញដែរ។ 

 

៤/ តើមានបញ្ហាធំអ្វីខ្លះដែលត្រូវដោះស្រាយ? 

ជៀសមិនរួចទេ ផ្ទះនីមួយៗតែងតែមានបញ្ហាខ្លះមិនខាន។ អ្នកពិនិត្យវាយតម្លៃផ្ទះដែលខ្លាំងពូកែអាចវិភាគបានច្បាស់ថាបញ្ហានោះធំកម្រិតណា ហើយក៏ប្រហែលអាចផ្តល់យោបល់បានថាគួរដោះស្រាយដោយរបៀបណា ឬប្រើពេលប៉ុន្មានដើម្បីដោះស្រាយ។ អ្នកពិនិត្យក៏អាចណែនាំចំណុចដែលត្រូវជួសជុលមុនពេលចូលមកនៅដែរ។ 

 

៥/ តើអ្នកនឹងត្រូវធ្វើអ្វីខ្លះ?

ពេលខ្លះសំណួរដែលល្អបំផុតជាសំណួរដែលត្រង់បំផុតដែរ។ ការទិញផ្ទះប្រហែលតម្រូវឱ្យអ្នកវិនិយោគកម្លាំងកាយចិត្តច្រើន និងមើលទៅដូចជាកិច្ចការរវល់ខ្លាំងណាស់ ហើយអ្នកពិនិត្យវាយតម្លៃផ្ទះនឹងដឹងដំណើរការទាំងអស់នេះយ៉ាងច្បាស់ទាក់ទងនឹងស្ថានភាពទីផ្សារបច្ចុប្បន្ន។ បើអាចទៅរួច កុំខ្លាចក្នុងការសាកសួរពួកគេអំពីយោបល់ផ្ទាល់ខ្លួនទាក់ទងនឹងផ្ទះនេះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់