អចលនទ្រព្យ | March 21, 2022 | 294

គន្លឹះក្នុងការក្លាយជាភ្នាក់ងារអចលនវត្ថុជោគជ័យ

ការធ្វើជាភ្នាក់ងារអចលនវត្ថុអាចជាអាជីពដែលពោរពេញដោយភាពរំភើប និងនាំទៅរកប្រាក់ចំណូលខ្ពស់។ ប៉ុន្តែការប្រកួតប្រជែងក៏មានកម្រិតខ្ពស់ណាស់ដែរ ជាពិសេសចំពោះភ្នាក់ងារជើងថ្មី។ បើអ្នកចង់ក្លាយខ្លួនជាភ្នាក់ងារដែលទទួលបានជោគជ័យ អ្នកត្រូវធ្វើយ៉ាងណាឱ្យមានភាពលេចធ្លោជាងគេ ដោយអនុវត្តតាមគន្លឹះទាំងនេះ៖ 

 

 

១/ ចាប់ដៃគូជាមួយផ្នាកងារផ្សេងទៀត

ប្រហែលអ្នកទិញឬអ្នកលក់អចលនវត្ថុមិនមែនងាយស្រួលផ្គាប់ចិត្តប៉ុន្មានទេ។ ជំនួសឱ្យការរុញច្រានអតិថិជនចេញទៅឆ្ងាយ អ្នកគួរតែចាប់ផ្តើមបង្កើតដៃគូនិងរៀនធ្វើការជាក្រុមដើម្បីប្រើប្រាស់ជំនាញផ្ទាល់ខ្លួននិងខ្ចីបទពិសោធន៍គេ។ 

 

២/ ផ្តល់ដំណឹងទៅអ្នកយកពត៌មាន

អ្នកយកពត៌មានតែងតែស្វែងរកជ្រុងនៃដំណឹងល្អៗដើម្បីរាយការណ៍។ ជំនួសឱ្យការត្រឹមតែផ្តល់លទ្ធភាពដែលគេប្រើអ្នកជាប្រភពមួយ អ្នកត្រូវផ្តល់ចំណុចគន្លឹះដែលគេមិនអាចរកបាននៅកន្លែងផ្សេងទៀត។ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវអានដំណឹងឱ្យបានច្រើននិងរៀនសម្គាល់មើលចំណុចគោលនៃពត៌មាន។ 

 

៣/ បណ្តុះភាពអំណត់តស៊ូក្នុងខ្លួន

អចលនវត្ថុអាចជាការងារលំបាកណាស់សម្រាប់អ្នកចាប់ផ្តើមថ្មីៗ ហើយក៏ប្រហែលត្រូវការពេលច្រើនដើម្បីបង្កើតបានជាប្រភពផ្តល់ប្រាក់ចំណូលរឹងមាំដែរ។ សមត្ថភាពក្នុងការតស៊ូជម្នះក្រោយពេលជួបការបដិសេធម្តងហើយម្តងទៀត និងការប្តេជ្ញាចិត្តរបស់អ្នកជាកត្តាសំខាន់បំផុតក្នុងជោគជ័យរបស់អ្នក។ 

 

៤/ រៀនយល់ដឹងអំពីកិច្ចការតូចតាច

ការធ្វើជាភ្នាក់ងារអចលនវត្ថុមិនមែនជាអាជីពអ្នកលក់ទំនិញអ្វីដែលអស្ចារ្យនោះទេ ប៉ុន្តែជាការរៀនគ្រប់គ្រងពាណិជ្ជកម្មដោយខ្លួនឯង។ ការក្លាយជាភ្នាក់ងារអចលនវត្ថុជោគជ័យម្នាក់តម្រូវឱ្យអ្នកបង្កើតជំនាញទំនាក់ទំនង ការធ្វើទីផ្សារ ការគ្រប់គ្រងបណ្តាញសង្គម ការរៀបចំ ការរក្សាកំណត់ត្រា និងការរៀបចំផែនការហិរញ្ញវត្ថុ។ 

 

៥/ ក្លាយខ្លួនជាអ្នកជំនាញក្នុងតំបន់

បច្ចេកវិទ្យាអ៊ីនថឺណិតបានផ្លាស់ប្តូរឧស្សាហកម្មអចលនវត្ថុតាមរយៈការផ្តល់ជូនពត៌មានគ្រប់បែបយ៉ាងដោយមិនចាំបាច់បង់លុយកាក់និងតម្រូវការអ្វីច្រើនពីអ្នកប្រើប្រាស់។ ប៉ុន្តែនៅមានរឿងមួយដែលអ៊ីនថឺណិតមិនអាចផ្តល់ជូនបានគឺចំណេះដឹងនិងបទពិសោធន៍ផ្ទាល់ខ្លួន។ បន្តអប់រំខ្លួននៅគ្រប់ឱកាសទាំងអស់និងរាប់អានជាមួយភ្នាក់ងារដទៃទៀតដែលមានបទពិសោធន៍ច្រើនជាងអ្នកដើម្បីពង្រីកជំនាញក្នុងតំបន់របស់អ្នក។ 

 

៦/ ផ្តល់ជូនសេវាអតិថិជនល្អបំផុត

នៅពេលដែលអាជីពក្នុងវិស័យអចលនវត្ថុរបស់អ្នករីកចម្រើន អ្នកនឹងត្រូវធ្វើការជាមួយអតិថិជនកាន់តែច្រើនឡើង។ គ្មានអ្វីចម្លែកទេដែលភ្នាក់ងារអចលនវត្ថុម្នាក់ធ្វើការជាមួយអតិថិជនពី៧ទៅ១០នាក់ក្នុងពេលជាមួយគ្នា។ ទោះជាយ៉ាងណា អ្នកត្រូវតែធ្វើខ្លួនឱ្យមានពេលគ្រប់គ្រាន់សម្រាប់អតិថិជនទាំងអស់ដែលត្រូវការអ្នក និងផ្តល់ការយកចិត្តទុកដាក់ឱ្យដល់កម្រិត។  

 

៧/ បង្កើតផែនការជោគជ័យនិងទទួលខុសត្រូវ

ភ្នាក់ងារអចលនវត្ថុជើងថ្មីជាច្រើនចាប់ផ្តើមអាជីពដោយក្តីសង្ឃឹមនិងការរំភើបខ្លាំង ប៉ុន្តែមិនមានផែនទីចង្អុលផ្លូវដើម្បីទៅដល់គោលដៅទេ។ បង្កើតផែនការច្បាស់លាស់និងលម្អិតអំពីរបៀបដែលអ្នកនឹងទទួលបានជោគជ័យក្នុងនាមជាភ្នាក់ងារអចលនវត្ថុ។ កំណត់គោលដៅ បង្កើតបញ្ជីកិច្ចការដែលអ្នកត្រូវរៀន កំណត់យុទ្ធសាស្រ្តទាក់ទាញអតិថិជន និងបង្កើតប្រព័ន្ធរក្សាទំនាក់ទំនងជាប់ជានិច្ច។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់