អចលនទ្រព្យ | March 18, 2022 | 295

គន្លឹះក្នុងការទិញផ្ទះបានល្អដែលអ្នកគួរតែដឹង

នៅពេលទិញផ្ទះ មានរឿងច្រើនណាស់ដែលត្រូវគិតនិងខ្វាយខ្វល់។ ប៉ុន្តែក៏មិនមែនមានន័យថាដំណើរការនេះចាំបាច់ត្រូវតែស្មុគស្មាញនោះទេ។ មុនពេលអ្នកចាប់ផ្តើមដំណើរការ មានរឿងមួយចំនួនដែលអ្នកត្រូវដឹងដើម្បីជៀសផុតពីបញ្ហាឈឺក្បាល។ 

 

 

គន្លឹះទាំងនេះអាចជួយតម្រង់ផ្លូវអ្នកក្នុងទិសដៅដែលត្រឹមត្រូវ បើអ្នកសម្រេចចិត្តចង់ទិញផ្ទះនៅពេលអនាគត៖

 

១/ កុំជ្រួលតាមគេ (ទោះល្អឬអាក្រក់ក៏ដោយ)

នៅពេលអ្នកសម្រេចចិត្តទិញផ្ទះ អ្នកនឹងឃើញរបៀបជាច្រើនដែលមនុស្សធ្វើទីផ្សារ។ គន្លឹះសំខាន់បំផុតគឺអ្នកត្រូវស្រាវជ្រាវរកផ្ទះដោយខ្លួនឯង នៅក្នុងតំបន់ដែលអ្នកចូលចិត្ត និងជាប្រភេទផ្ទះដែលស័ក្តិសមសម្រាប់អ្នក។ កុំជឿតែតាមពាក្យសម្តីរបស់អ្នកដទៃ។ រឿងដែលសំខាន់នោះគឺតើពេលនេះជាពេលត្រឹមត្រូវសម្រាប់អ្នកទិញដែរទេ ហើយត្រូវនឹងការចង់បានរបស់អ្នកទេ។ 

 

២/ ពិនិត្យមើលទីតាំងផ្ទាល់និងស្រាវជ្រាវ

ការមើលឃើញរូបថតឬរូបវីដេអូផ្ទះនៅលើអ៊ីនថឺណិតជាមធ្យោបាយងាយស្រួលដែលសន្សំទាំងពេលវេលានិងចំណាយទៅមើលដោយផ្ទាល់។ ប៉ុន្តែអ្នកនៅតែត្រូវទៅមើលឱ្យឃើញច្បាស់ដើម្បីពិនិត្យថាអ្វីៗទាំងអស់ត្រូវចិត្តអ្នក ដូចជាផ្លូវចេញចូល មធ្យោបាយធ្វើដំណើរ មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្ត សាលារៀន មន្ទីរពេទ្យ ។ល។ អ្នកត្រូវសិក្សានិងប្រៀបធៀបឱ្យច្បាស់ថាទាំងផ្ទះនិងទីតាំងពីជាត្រូវតាមការចង់បានរបស់អ្នកមែន។ 

 

៣/ ជជែកជាមួយអ្នកជំនាញ

និយាយជាមួយភ្នាក់ងារអចលនវត្ថុនៅក្នុងតំបន់ដើម្បីរកមើលតើមានរឿងអ្វីខ្លះកំពុងតែកើតឡើងក្នុងទីផ្សារ។ ប្រហែលអ្នកមិនអាចទិញបានផ្ទះដែលអ្នកស្រមៃយូរមកហើយនោះទេ។ ហើយបើមិនអាចទិញផ្ទះដាច់ពីគេអ្នកក៏អាចជជែករកមើលលទ្ធភាពនៃការជួលនៅសិន និងរង់ចាំឱកាសល្អមកដល់។ ធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារដើម្បីបង្កើតផែនការសកម្មភាពនិងយុទ្ធសាស្រ្តដែលឆ្លើយតបនឹងតម្រូវការនិងគោលបំណងរបស់អ្នក។ 

 

៤/ រើសច្រើន ប៉ុន្តែត្រូវមានប្រាកដនិយម

គ្មានផ្ទះណាមួយដែលល្អត្រូវចិត្តមនុស្សគ្រប់គ្នានោះទេ។ ផ្តោតចិត្តតែលើរឿងណាដែលសំខាន់បំផុតចំពោះអ្នក និងព្រងើយកន្តើយចំណុចណាដែលមិនសូវសំខាន់។ នៅពេលអ្នកដើរទិញផ្ទះ គ្រឿងសង្ហារិម ការតុបតែង និងរចនាលម្អក្នុងផ្ទះអាចនឹងធ្វើឱ្យអ្នកលក់ស្រឡាញ់ភ្លាម។ ប៉ុន្តែអ្នកត្រូវព្យាយាមមើលឱ្យហួសពីសម្បកក្រៅទាំងអស់នេះ និងផ្តោតចិត្តលើចំណុចណាដែលសំខាន់ពិតប្រាកដ។ សាកល្បងស្រមៃគិតដល់បន្ទប់ដែលគ្មានគ្រឿងសង្ហារិម ឬការតុបតែងអ្វីទាំងអស់ ដើម្បីកំណត់ដឹងថាកន្លែងនោះទូលាយប៉ុនណា។ ពិនិត្យមើលកម្រាល ជញ្ជាំង និងស្នាមប្រេះស្រាំដែលត្រូវការជួសជុលច្រើន។ 

 

៥/ គិតក្នុងរបៀបវែងឆ្ងាយ

តើផ្ទះដែលអ្នកប្រុងនឹងទិញនោះគ្រាន់តែជាចំណុចចាប់ផ្តើមឬជាផ្ទះដែលអ្នកនឹងរស់នៅរហូត? ការសួរដេញដោលខ្លួនឯងបែបនេះអាចជួយកំណត់ដឹងថាផ្ទះប្រភេទណាដែលអ្នកត្រូវទិញ ក៏ដូចជាប្រភេទបំណុលទិញផ្ទះដែលអ្នកប្រុងនឹងស្វែងរក។ គន្លឹះដែលអ្នកជំនាញតែងតែណែនាំក្នុងការទិញផ្ទះគឺត្រូវដើរពិនិត្យមើលតំបន់ជុំវិញឱ្យគ្រប់ជ្រុងជ្រោយមុននឹងទិញ។ ប្រហែលអ្នកស្រឡាញ់ផ្ទះមែន ប៉ុន្តែតំបន់នោះអាចនឹងធ្វើឱ្យអ្នកធុញទ្រាន់នៅពេលក្រោយមក។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់