អភិវឌ្ឍចំណេះដឹង | March 15, 2021 | 1,905

នាយកប្រតិបត្តិ LinkedIn ប្រាប់ពីមេរៀនដែលលោករៀនសូត្រក្នុងនាមថ្នាក់ដឹកនាំ

ក្រោយកាន់តំណែងជា CEO របស់ LinkedIn ក្នុងឆ្នាំ ២០០៩ មកដល់បច្ចុប្បន្ន លោក Jeff Weiner បានទទួលការកោតសរសើរទាំងក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកជម្រុញចិត្តដ៏ពូកែមួយរូប។

 

លោកបានបង្ហើបឲ្យដឹងថា៖ "ការគ្រប់គ្រងប្រកបដោយករុណា" គឺជាកត្តាសំខាន់បំផុត ដែលលោករៀនសូត្របានក្នុងនាមអ្នកជាអ្នកគ្រប់គ្រង។ “មេរៀនដ៏មានតម្លៃបំផុតដែល ខ្ញុំរៀនក្នុងនាមជា CEO ម្នាក់គឺមិនត្រូវទុកមនុស្សដែលមិនត្រូវនឹងមុខតំណែងយូរពេកទេ"

 

 

លោកបញ្ជាក់ដោយបន្តថា៖ "នៅពេលដែលអ្នកសួរខ្លួនឯងថា នរណាម្នាក់សមនឹងការងារ របស់គេឬអត់ អ្នកដឹងចម្លើយរួចទៅហើយ។ សំណួរគឺថា តើអ្នកនឹងដោះស្រាយវា ដោយ វិធីណា? អ្នកត្រូវជួយគេឲ្យសម្រេចការងារបានប្រសើរជាងមុន តែបើមិនអាចធ្វើឲ្យគេ ប្រសើរបានទេ គួរប្ដូរតួនាទី ឬឲ្យគេចាកចេញពីក្រុមហ៊ុនរបស់អ្នកចុះ"

 

មនុស្សជាច្រើនតែងគិតថា ថ្នាក់ដឹកនាំដែលមាន "ករុណា" គឺជាមេដឹកនាំដែល មានការ រារែកពេលបណ្ដេញបុគ្គលិកណាម្នាក់ចេញពីតំណែងព្រោះខ្លាចគេមានការលំបាកផ្លូវចិត្ត ឬជីវភាពក្រោយដើរចេញ។ តែ Jeff មិនយល់ដូចនោះទេ លោកពន្យល់ពាក្យករុណាថា គួរបញ្ចប់ការឈឺចាប់ ឬការមិនសប្បាយរបស់បុគ្គលិកឲ្យឆាប់ ដើម្បីឲ្យគេមានឱកាស រកការងារត្រូវ។ “បើនរណាម្នាក់ ហាក់ពិបាកបំពេញតួនាទីរបស់ខ្លួន ក្ដីករុណាដែលអ្នក ត្រូវធ្វើគឺគួរតែឲ្យគេដើរចេញពីតួនាទីនោះប្រសើរជាង"។ CEO អាយុ ៤៥ ឆ្នាំគូស បញ្ជាក់។

 

 

លោកបន្តថា៖ "(បើពួកគេបន្ត) ពួកគេបាត់បង់ជំនឿចិត្ត និងថាមពលសម្រាប់ខ្លួនឯងរួច ទៅ​ហើយ។ ពួកគេក្លាយជាស្រមោលរបស់ខ្លួនឯង។ វាធ្វើឲ្យប៉ះពាល់ដល់ក្រុមទាំងមូល និងគ្រួសារពួកគេ។ ដូច្នោះ រឿងដ៏ករុណាបំផុតគឺផ្ទេរពួកគេចេញឲ្យ​ឆាប់តាមដែល​អាច​ធ្វើបាន"

នាយកប្រតិបត្តិខាងលើជឿជាក់ថា ស្ត្រេស និងការបាក់ទឹកចិត្តដែលត្រូវធ្វើការ​ដែល​បុគ្គលិក​យល់ថា ធ្វើមិនបានល្អ និងមិនពូកែគឺពិបាកខ្លាំងជាងការរកកន្លែង​ការងារថ្មីដែល​ត្រូវនឹងខ្លួនទៅទៀត៕

 

 

ប្រែសម្រួល៖ ដារ៉ា

ប្រភព៖ INC

មតិយោបល់