អចលនទ្រព្យ | January 22, 2022 | 299

ជំនឿខ្វះមូលដ្ឋានក្នុងវិស័យអចលនវត្ថុដែលគួរតែដឹង

ការទិញផ្ទះចាប់ផ្តើមរីកទៅក្រៅក្រុងជាបណ្តើរៗ។ បើទោះជាចរន្តសេដ្ឋកិច្ចជួបបញ្ហាខ្លះ ក៏វិស័យអចលនវត្ថុនៅតែមានលក្ខណៈប្រកួតប្រជែងខ្លាំងដដែល។ ស្របពេលជាមួយគ្នា ក៏មានរឿងមិនពិតកាន់តែច្រើនដែលមនុស្សនិយាយពីមួយមាត់មួយទៅមាត់មួយក្នុងវិស័យនេះរហូតដល់អ្នកខ្លះចាត់ទុកថាជារឿងពិត៖

 

 

១/ អ្នកមិនចាំបាច់ត្រូវការភ្នាក់ងារអចលនវត្ថុដើម្បីជួយទិញផ្ទះទេ

តើអ្នកដឹងទេថាអ្នកអាចទិញផ្ទះបានដោយមិនបាច់មានភ្នាក់ងារ? តាមពិតទៅ អ្នកក៏អាចលក់ផ្ទះបានដែរដោយមិនបាច់មានភ្នាក់ងារ។ ប៉ុន្តែមនុស្សជាច្រើនមើលរំលងប្រយោជន៍ដែលភ្នាក់ងារអចលនវត្ថុអាចផ្តល់ជូន។ ភ្នាក់ងារទិញផ្ទះមានកាតព្វកិច្ចជួយអ្នកឱ្យទទួលបានផលចំណេញច្រើនពីប្រតិបត្តិការ។ គេអាចផ្តល់ចំណេះដឹងអំពីស្ថានភាពទីផ្សារបច្ចុប្បន្ន និងប្រើប្រាស់ជំនាញរបស់គេដើម្បីចរចាបានយ៉ាងល្អបំផុត។ ជាងនេះទៅទៀត អ្នកនឹងមិនចាំបាច់ឈឺក្បាលរឿងចំណាយពេលច្រើនលើកក្នុងការរៀបចំឯកសារ ហើយក៏ប្រហែលនឹងត្រូវខាតបង់ចំណាយបន្ថែមជាច្រើនទៀត។  

 

២/ ការទិញផ្ទះថ្មីជួយបញ្ជៀសរឿងជួលជុលបានច្រើនឆ្នាំទៅមុខ

ជាងសំណង់បច្ចុប្បន្ននេះចូលចិត្តសាងសង់ផ្ទះក្នុងរបៀបរហ័សដើម្បីបំពេញតម្រូវការរបស់អ្នកទិញ និងព្យាយាមកាត់បន្ថយចំណាយឱ្យនៅតិចបំផុត។ ទម្លាប់បែបនេះនាំទៅរកផ្ទះដែលមានគុណភាពទាប និងមានចំណុចជាច្រើនដែលគេមើលរំលង។ ដើម្បីជៀសផុតបញ្ហានេះ អ្នកត្រូវជួលមនុស្សជំនាញខាងពិនិត្យគុណភាពសំណង់ដើម្បីរកមើលបញ្ហាលេចធ្លាយអ្វីមួយដែលអាចនឹងកើតមានមុននឹងសម្រេចចិត្តទិញ។ 

 

៣/ អ្នកមានពេលច្រើនដើម្បីបានកម្ចីនៅពេលរកបានផ្ទះដែលអ្នកពេញចិត្ត

ការរង់ចាំមិនព្រមស្វែងរកការអនុមតផ្តល់កម្ចីរហូតដល់អ្នករកឃើញផ្ទះដែលអ្នកចង់បាននាំឱ្យអ្នកខាតប្រយោជន៍ច្រើនណាស់នៅក្នុងទីផ្សារប្រកួតប្រជែងខ្លាំងនេះ។ ប្រតិបត្តិការទិញលក់ផ្ទះជាច្រើនរាំងស្ទះ ឬអូសបន្លាយពេលវេលាច្រើនដោយសារបញ្ហាមួយនេះ។ អ្នកទិញផ្ទះដែលមានលិខិតព្រមផ្តល់កម្ចីពីធនាគារក្នុងដៃមានជំហរច្បាស់លាស់និងឱកាសច្រើនដើម្បីទិញផ្ទះដែលគេចង់បាន។ 

 

៤/ សាលារៀនមិនមែនជាបញ្ហាអ្វីទេបើអ្នកមិនមានកូន

ផ្ទះស្ថិតនៅក្នុងតំបន់ដែលសាលាល្អមានតម្លៃខ្ពស់ជាងកន្លែងផ្សេងទៀត។ បើអ្នកមិនមានកូន ប្រហែលអ្នកចង់សន្សំលុយខ្លះតាមរយៈការទិញផ្ទះនៅកន្លែងដែលមានសាលារៀនមិនសូវល្អ។ ប៉ុន្តែនៅពេលត្រូវលក់ចេញវិញ ផ្ទះដែលស្ថិតនៅក្នុងកន្លែងមានសាលារៀនល្អនឹងនៅតែមានតម្លៃខ្ពស់ ហើយប្រហែលនាំទៅរកផលចំណេញកាន់តែច្រើនពីការវិនិយោគរបស់អ្នកទៀតផង។ ដូច្នេះហើយ បើមិនហួសពីលទ្ធភាពរបស់អ្នកទេ អ្នកគួរពិចារណាទិញផ្ទះនៅកន្លែងដែលមានសាលារៀនល្អ។ 

 

៥/ អ្នកត្រូវលក់ផ្ទះបច្ចុប្បន្ននេះចេញមុននឹងទិញផ្ទះថ្មីមួយទៀត

អចលនវត្ថុទុកសម្រាប់ជួលជាមធ្យោបាយល្អក្នុងការបង្កើតទ្រព្យនិងប្រាក់ចំណូលបន្ថែម។ មនុស្សភាគច្រើនជឿថាគេអាចជាប់បំណុលទិញផ្ទះបានតែមួយទេ ឬអាចធ្វើជាម្ចាស់ផ្ទះតែមួយទេ។ អ្នកគួរនិយាយជាមួយម្ចាស់បំណុលឬភ្នាក់ងារធនាគារអំពីតម្រូវការបន្ថែមដើម្បីទុកផ្ទះបច្ចុប្បន្នរបស់អ្នកសម្រាប់ជួល និងរកមធ្យោបាយដើម្បីទិញផ្ទះថ្មីបន្ថែម។ ធនាគារអាចនឹងមានការព្រមព្រៀងពិសេស ឬជម្រើសណាមួយដែលអាចនាំទៅរកផលចំណេញទាំងសងខាង ដោយគ្រាន់តែអ្នកបំពេញតាមលក្ខខណ្ឌមួយចំនួនទៀតប៉ុណ្ណោះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់