គំនិតអាជីវកម្ម | January 21, 2022 | 317

គន្លឹះប្រឡូកចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចសម័យឌីជីថល

របៀបដែលមនុស្សយើងទទួលយកការកម្សាន្ត និងដំណឹងបានប្រែប្រួលច្រើនណាស់ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ។ ពីមុនយើងពឹងផ្អែកតែលើទូរទស្សន៍និងកាសែតដើម្បីទទួលបានព័ត៌មាន បច្ចុប្បន្ននេះយើងគ្រាន់តែចូលក្នុងបណ្តាញសង្គមនិងស្តាប់មនុស្សជុំវិញខ្លួននិយាយគ្នាក៏យកដំណឹងទៅណាមិនអស់ដែរ។ ចលនានេះបានផ្លាស់ប្តូររបៀបដែលយើងគិតនិងប្រាស្រ័យទាក់ទងគ្នា។ នៅក្នុងទម្រង់សេដ្ឋកិច្ចបង្កើតអ្វីៗដោយខ្លួនឯងនេះ ការប្រមូលផ្តុំ ការបង្កើតថ្មី និងការចែកចាយទាំងអស់ធ្វើឡើងតាមបច្ចេកវិទ្យានិងអ៊ីនថឺណិត។  

 

 

មនុស្សជាង៥០លាននាក់នៅទូទាំងពិភពលោកចាត់ទុកខ្លួនឯងថាជាអ្នកបង្កើតរបស់ថ្មីៗ ហើយក្នុងនោះជាង៤០%នៃអ្នកបង្កើតថ្មីទាំងអស់នេះរកបានប្រាក់ចំណូលជាមធ្យម៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ការសិក្សាមួយរកឃើញថាទម្រង់សេដ្ឋកិច្ចបង្កើតថ្មីនេះផ្អៀងទៅរកមនុស្សដែលមានវ័យក្មេង គឺអ្នកបង្កើតថ្មី៧៥%ជាមនុស្សដែលមានអាយុក្រោម៣០ឆ្នាំ។ 

 

ទម្រង់សេដ្ឋកិច្ចមួយនេះរីកចម្រើនឆាប់រហ័សណាស់ ដោយមានការរុញច្រាននិងរងឥទ្ធិពលពីចរន្តបណ្តាញសង្គម។ បើអ្នកជាមនុស្សដែលចង់បង្កើតថ្មីនិងចង់ប្រឡូកចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចថ្មីនេះ មានផ្លូវមួយចំនួនដែលអ្នកអាចចាប់ផ្តើមបាន៖ 

 

១/ ការសរសេរអត្ថបទលើអ៊ីនថឺណិត

ក្រុមអ្នកប្រើប្រាស់កម្មវិធីWordPress បង្កើតអត្ថបទថ្មីៗនិងបង្ហោះចែកចាយប្រហែល៧០លានអត្ថបទរាល់ខែ។ ដូច្នេះមិនមានអ្វីគួរឱ្យសង្ស័យទេថាការសរសេរអត្ថបទបង្ហោះលើអ៊ីនថឺណិតជាមធ្យោបាយអស្ចារ្យមួយក្នុងការបញ្ចេញគំនិតយោបល់ដែលស៊ីជម្រៅ។ បើអ្នកមានទេពកោសល្យខាងសរសេរ អ្នកអាចប្រើប្រាស់ជំនាញច្នៃប្រឌិតនេះនៅលើអ៊ីនថឺណិតនិងរកប្រាក់ចំណូលបានយ៉ាងងាយស្រួល។ 

 

២/ ការប្រើប្រាស់បណ្តាញសង្គម

ដោយសារបណ្តាញសង្គមជាច្រកសំខាន់នៃពាណិជ្ជកម្មរបស់អ្នកបង្កើតអត្ថបទនិងខ្លឹមសារដើម្បីចែកចាយ មនុស្សទាំងអស់នេះក៏តែងតែសកម្មភាពនៅលើបណ្តាញសង្គមដែរ។ យោងតាមការសិក្សាស្រាវជ្រាវ ក្រុមអ្នកបង្កើតអត្ថបទថ្មីៗ៩៦%និយាយថាបណ្តាញសង្គមមានសារៈសំខាន់ណាស់សម្រាប់ការបង្កើតកេរ្តិ៍ឈ្មោះនិងយីហោលើអ៊ីនថឺណិត។ មនុស្សដែលមានឥទ្ធិពលលើបណ្តាញសង្គមបច្ចុប្បន្ននេះអាចបង្វែរឥរិយាបថទិញទំនិញរបស់អ្នកប្រើប្រាស់តាមរយៈទំនាក់ទំនងជាមួយមនុស្សដែលគាំទ្រគេ។

 

៣/ ពាណិជ្ជកម្មលើអ៊ីនថឺណិត

ទោះបីអ្នកជាមនុស្សមានគណនីYouTubeដ៏ជោគជ័យ ឬទើបតែចាប់ផ្តើមប្រឡូកក្នុងឧស្សាហកម្មបង្កើតថ្មីនេះ ក៏ការលក់ផលិតផលអាចជាច្រករកលុយបានយ៉ាងល្អដែរ។ នៅក្នុងក្រុមហ៊ុនAmazon មានអ្នកលក់ផ្ញើខ្លួនជាង៦លាននាក់ ហើយតួលេខនេះនៅតែបន្តកើនឡើងជាមធ្យម២ពាន់នាក់ក្នុងមួយថ្ងៃ។ នៅមានផ្លូវច្រើនទៀតដើម្បីប្រឡូកក្នុងឧស្សាហកម្មពាណិជ្ជកម្មលើអ៊ីនថឺណិតនេះ។ អ្នកលក់ក៏អាចខ្ចីដៃក្រុមហ៊ុនShopify ឬក្រុមហ៊ុនEtsy ដើម្បីលក់ទំនិញផ្ទាល់ខ្លួនបានដែរ។ 

 

៤/ លក់សេវាកម្មលើអ៊ីនថឺណិត

តើអ្នកមានជំនាញពិសេសឬចំណេះដឹងដែលមានប្រយោជន៍ដល់មនុស្សដទៃទេ? អ្នកអាចប្រើប្រាស់អ៊ីនថឺណិតដើម្បីលក់ជំនាញនិងចំណេះដឹងទាំងអស់នោះបានតាមរយៈសេវាកម្ម។ ប្រហែលអ្នកជាសហគ្រិនជោគជ័យម្នាក់ដែលចង់បង្រៀនមនុស្សដទៃអំពីរបៀបរីកចម្រើនក្នុងឧស្សាហកម្មមួយ ឬអ្នកមានបទពិសោធន៍ផ្ទាល់ខ្លួនក្នុងទាក់ទាញនិងបង្កើនចំនួនមនុស្សគាំទ្រនៅលើអ៊ីនថឺណិត។ អ្នកអាចប្រើប្រាស់ទំនាក់ទំនង ឧបករណ៍ និងធនធានដែលអ្នកមានដើម្បីក្លាយខ្លួនជាសហគ្រិនច្នៃប្រឌិតនិងបង្រៀនមនុស្សដទៃអំពីរបៀបធ្វើដូចគ្នានេះដើម្បីរកលុយ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់