គំនិតអាជីវកម្ម | January 20, 2022 | 294

ជំហានប្រែក្លាយខ្លួនទៅជាសហគ្រិន

គ្មានផ្លូវណាមួយដែលត្រឹមត្រូវទាំងអស់សម្រាប់ក្លាយជាសហគ្រិននោះទេ ប៉ុន្តែមានធនធានជាច្រើនដែលរង់ចាំមនុស្សជ្រើសរើសយកមកប្រើប្រាស់តម្រូវតាមការចូលចិត្តរៀងៗខ្លួន។ ព្រឹត្តិការណ៍បង្កើតទំនាក់ទំនងអាចជួយអ្នកឱ្យស្គាល់សហគ្រិនផ្សេងទៀត និងទទួលបានព័ត៌មានចាំបាច់ដែលអ្នកត្រូវការ។ ខាងក្រោមនេះជាកិច្ចការសំខាន់មួយចំនួនដែលអ្នកត្រូវចងចាំទុកនៅក្នុងដំណើរនៃសហគ្រិនភាពរបស់អ្នក៖ 

 

 

១/ ស្វែងរកគោលបំណងរបស់អ្នក

សរសេររឿងបីយ៉ាងដែលធ្វើឱ្យអ្នកខឹង។ ជ្រើសរើសយករឿងមួយ និងគិតលម្អិតរកកិច្ចការដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយរឿងនោះឱ្យលែងជាបញ្ហាក្នុងជីវិតរាល់ថ្ងៃរបស់អ្នក។ បន្ទាប់មកសរសេរផែនការសកម្មភាពសម្រាប់ដោះស្រាយបញ្ហានោះ។ ឬមួយបើអ្នកចូលចិត្តគិតច្នៃប្រឌិត អ្នកគួរបង្កើតផលិតផលអ្វីមួយដែលអាចដោះស្រាយបញ្ហានោះ។ 

 

២/ កំណត់បញ្ហាដែលអ្នកអាចដោះស្រាយបាន

ប្រហែលអ្នកមិមានបទពិសោធន៍ច្រើននៅក្នុងឧស្សាហកម្មទេ ប៉ុន្តែសាកគិតបន្តិចទៅមើល តើអ្នកជាមនុស្សដែលស្គាល់ចំណុចខ្លាំងរបស់ខ្លួនឯងទេ? តើមនុស្សដែលបង្កើតផលិតផលនៅក្នុងឧស្សាហកម្មដែលអ្នកចង់ប្រឡូកចូលនោះមិនមានចំណេះដឹងអំពីផលិតផលទាំងនោះដូចអ្នកកំពុងតែដឹងទេ? ប្រហែលអ្នកដឹងអំពីកិច្ចការដែលអ្នកប្រុងនឹងធ្វើនោះច្រើនជាងមនុស្សដែលបានធ្វើរួចទៅហើយ។ ស្រាវជ្រាវទីផ្សារដើម្បីកំណត់មើលសក្តានុពលនៃតម្រូវការចំពោះផលិតផលរបស់អ្នក។ 

 

៣/ លក់បញ្ហា កុំលក់ផលិតផល

ប្រហែលអ្នកគិតថានៅពេលអ្នកលក់ផលិតផលរបស់អ្នក អ្នកកំពុងតែលក់ផលិតផល ប៉ុន្តែការពិតមិនមែនបែបនោះទេ។ អ្នកកំពុងតែលក់បញ្ហាដែលផលិតផលរបស់អ្នកជួយដោះស្រាយ។ គំនិតគោលដំបូងរបស់អ្នកគួរតែអាចបញ្ចុះបញ្ចូលអ្នកផលិត អតិថិជន ឬអ្នកទិញថាមានបញ្ហាបន្ទាន់មួយដែលត្រូវដោះស្រាយ។ ធ្វើយ៉ាងណាទាក់ចិត្តគេឱ្យបាន និងធ្វើឱ្យគេយល់អំពីបញ្ហានោះ។ ដំណាក់កាលទីពីរគឺការបង្ហាញថាផលិតផលរបស់អ្នកតែម្យ៉ាងជាដំណោះស្រាយចំពោះបញ្ហាបន្ទាន់នោះ។ 

 

៤/ បង្កើតរឿងរ៉ាវអំពីយីហោរបស់អ្នក

ដំណើររឿងនៃយីហោរបស់អ្នកជារឿងដែលអ្នកចង់ប្រាប់មនុស្សទូទៅនៅពេលអ្នកធ្វើទីផ្សារផលិតផល។ នេះក៏ជារឿងដែលអ្នកសរសេរសារព័ត៌មានចង់បានដែរ។ តើអ្នកបានជម្នះឧបសគ្គអ្វីខ្លះទម្រាំមកដល់បច្ចុប្បន្ននេះ។ តើអ្នកមានប្រភពមកពីកន្លែងណា? តើគំនិតពាណិជ្ជកម្មនោះកើតចេញពីណាមក? នៅពេលអ្នកបើកទូលាយប្រាប់រឿងទាំងអស់នេះកាន់តែច្រើននិងជំហរដែលអ្នកប្រកាន់ក្នុងការធ្វើពាណិជ្ជកម្មនេះ មនុស្សដែលមានចិត្តប្រហាក់ប្រហែលអ្នកនឹងចង់គាំទ្រផលិតផលនោះមិនខាន។ 

 

៥/ រក្សាមូលហេតុពាណិជ្ជកម្មរបស់អ្នកក្នុងចិត្តជានិច្ច

ការចាប់ផ្តើមធ្វើពាណិជ្ជកម្មមួយជោគជ័យមិនងាយស្រួលទេ។ អ្នកត្រូវផ្តោតចិត្តជានិច្ចលើមូលហេតុដែលរុញច្រានអ្នកទៅមុខ។ ហេតុអ្វីបានជាអ្នកធ្វើកិច្ចការទាំងអស់នេះ? ហេតុអ្វីក៏កិច្ចការនេះសំខាន់? ប្រែក្លាយមូលហេតុរបស់អ្នកទៅជាបេសកកម្មពាណិជ្ជកម្ម។ មូលហេតុនេះសំខាន់ចំពោះអ្នកក៏ដូចជាមនុស្សទាំងអស់ដែលធ្វើការជាមួយអ្នក ទោះជាអ្នកកំពុងតែធ្វើពាណិជ្ជកម្មអ្វីក៏ដោយ។ ការសម្របខ្លួនអ្នក ក្រុមការងាររបស់អ្នក និងបុព្វហេតុរបស់អ្នកមានសារៈសំខាន់ណាស់ចំពោះដំណើរជោគជ័យយូរអង្វែងរបស់អ្នក។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់