គំនិតអាជីវកម្ម | January 20, 2022 | 270

ទម្លាប់របស់មនុស្សដែលតែងតែឡើងតំណែងជានិច្ច

បុគ្គលិកខ្លះហាក់ដូចជាឡើងតំណែងជាបន្តបន្ទាប់ និងទទួលបានរង្វាន់ជានិច្ចពីការងារដែលគេធ្វើ។ ជាទូទៅ គេតែងតែមានចម្លើយត្រៀមទុកមុនពេលមានសំណួរពីថ្នាក់ដឹកនាំទៅទៀត។ ជាលទ្ធផល គេទទួលបានទំនួលខុសត្រូវ និងការតម្លើងតំណែងកាន់តែខ្ពស់។ 

 

 

ដំណឹងល្អនោះគឺថា ការក្លាយជាបុគ្គលិកប្រភេទនេះមិនមានអ្វីអាថ៌កំបាំងទេ ប៉ុន្តែជាការគួបផ្សំគ្នារវាងបណ្តុំជំនាញនិងផ្នត់គំនិតដែលអ្នកអាចចាប់ផ្តើមបង្កើតសម្រាប់ខ្លួនឯងតាមរយៈការផ្តោតចិត្តលើទម្លាប់សំខាន់ទាំងនេះ៖

 

១/ ជ្រើសរើសបរិស្ថានត្រឹមត្រូវសម្រាប់ទេពកោសល្យ

អ្នកពិបាកធ្វើជាបុគ្គលិកខ្លាំងពូកែបានណាស់បើតម្រូវការរបស់ក្រុមហ៊ុនខុសពីសមត្ថភាព ទេពកោសល្យ និងគុណតម្លៃរបស់អ្នក។ នៅក្នុងការសិក្សាស្រាវជ្រាវមួយរបស់ក្រុមហ៊ុន Cicero Group គេរកឃើញថាកត្តាសំខាន់បំផុតក្នុងផលិតភាពរបស់បុគ្គលិកគឺការទទួលស្គាល់។ ក្រុមអ្នកចូលរួមក្នុងការសិក្សានោះអះអាងថាការទទួលស្គាល់ពីថ្នាក់ដឹកនាំជាកម្លាំងចិត្តធំបំផុតក្នុងការប្រឹងប្រែងរបស់ពួកគេ។ ដូច្នេះហើយ អ្នកត្រូវជ្រើសរើសធ្វើការនៅកន្លែងណាដែលការប្រឹងប្រែងរបស់អ្នកទទួលបានការឱ្យតម្លៃខ្ពស់។

 

២/ យកចិត្តទុកដាក់ចំពោះកិច្ចការដែលចៅហ្វាយឱ្យតម្លៃ

បុគ្គលិកឆ្នើមសិក្សាការចូលចិត្តនិងគោលដៅរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់និងគោលដៅរួមរបស់ក្រុមហ៊ុន។ គេប្រឹងប្រែងចូលរួមក្នុងគម្រោងនិងកិច្ចប្រជុំដែលមិនមែនជាផ្នែកមួយនៃការងាររបស់គេទេ ប៉ុន្តែជាឱកាសដែលគេអាចទទួលបានព័ត៌មានអំពីអ្វីដែលថ្នាក់ដឹកនាំគិតនិងត្រូវការ។ គេធ្វើការលើសពីកម្រិតដែលបុគ្គលិកទូទៅធ្វើ ហើយគេបង្ហាញការយកចិត្តទុកដាក់ក្នុងកិច្ចការទាំងអស់ដែលគេធ្វើ។ គេមានកម្លាំងចិត្តនិងឆន្ទៈក្នុងការរៀនគ្រប់ជំនាញដើម្បីឡើងកាន់តែខ្ពស់។

 

៣/ ផ្តោតចិត្តលើទំនួលខុសត្រូវប្រចាំថ្ងៃផងនិងគោលដៅរួមផង

មនុស្សពូកែធ្វើការមានសមត្ថភាពរក្សាការផ្តោតចិត្តទ្វេទាំងលើកិច្ចការនៅចំពោះមុខ និងរបៀបដែលកិច្ចការនោះចូលរួមចំណែកក្នុងគោលដៅធំ។ បើគេមិនយល់រឿងអ្វីមួយ គេស្វែងរកព័ត៌មានដែលចាំបាច់ដើម្បីធ្វើឱ្យឃើញសារៈសំខាន់កាន់តែច្បាស់។ នៅពេលអ្នកចាប់ផ្តើមមើលការងារប្រចាំថ្ងៃដោយគិតទាំងក្នុងពេលទាំងពីរនេះ ហើយយល់ច្បាស់មូលហេតុដែលអ្នកត្រូវធ្វើ អ្នកនឹងក្លាយជាបុគ្គលិកដែលពោរពេញដោយយុទ្ធសាស្រ្ត។ ជាងនេះទៅទៀត អ្នកនឹងក្លាយជាមនុស្សកាន់តែពូកែខាងរៀបចំអាទិភាពការងារ។ 

 

៤/ កំណត់ពេលនិងកន្លែងសម្រាប់គិតកាន់តែធំ

ការរក្សាពេលវេលាខ្លះរាល់ថ្ងៃដើម្បីគិតឬធ្វើគម្រោងណាដែលតម្រូវឱ្យមានការផ្តោតចិត្តខ្លាំងជាជំហាននាំទៅរកផលិតភាពនិងប្រសិទ្ធភាពខ្ពស់។ បុគ្គលិកឆ្នើមមានភាពស្វាហាប់ចំពោះការរៀបចំកំណត់ពេលវេលាធ្វើកិច្ចការគ្រប់យ៉ាងដើម្បីធានាថាគេមានឱកាសល្អបំផុតចំពោះលទ្ធផលជោគជ័យ។ ពេលខ្លះការចូលរួមប្រជុំ ឬទៅដល់ការិយាល័យមុនគេក៏អាចជាឱកាសផ្តល់ភាពស្ងប់ស្ងាត់ដើម្បីគិតបានយ៉ាងល្អនិងត្រៀមខ្លួនទុកជាស្រេចចំពោះការងារដែលប្រុងនឹងធ្វើដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់