គំនិតអាជីវកម្ម | January 19, 2022 | 262

រឿងដែលគួរពិចារណាមុនក្លាយជាសហគ្រិន

ប្រហែលអ្នកយល់ថាសហគ្រិនជាមនុស្សម្នាក់ដែលបង្កើតពាណិជ្ជកម្មឬគ្រប់គ្រងពាណជ្ជកម្មតូចមួយ ប៉ុន្តែការពិតមានច្រើនជាងនេះ។ នៅក្នុងកម្រិតមូលដ្ឋាន សហគ្រិនភាពជាការកំណត់ឱកាស និងការហ៊ានប្រថុយដើម្បីចាប់យកឱកាស។ សហគ្រិនក៏ច្រើនតែជាមនុស្សដែលរំភើបជាជាងខ្លាចបញ្ហាប្រឈមដែរ និងចូលចិត្តដោះស្រាយបញ្ហាដែលគេមិនធ្លាប់ជួប។ 

 

 

អ្នកមិនចាំបាច់មានសញ្ញាបត្រពាណិជ្ជកម្ម ឬលុយច្រើនដើម្បីក្លាយជាសហគ្រិនជោគជ័យនោះទេ។ មនុស្សដែលចង់ក្លាយជាសហគ្រិនចាប់ផ្តើមដំណើរតាមរយៈការផ្តល់ដំណោះស្រាយថ្មីចំពោះបញ្ហាដែលមាននៅក្នុងសង្គម។ ទោះជាយ៉ាងណា ក៏មានរឿងមួយចំនួនដែលអ្នកគួរតែពិចារណាដែរមុននឹងក្លាយជាសហគ្រិន៖

 

១/ តើអ្នកស្រឡាញ់គំនិតរបស់អ្នកដល់កម្រិតណា?

ការងាររបស់សហគ្រិនមិនងាយស្រួលទេ ហើយបរាជ័យក៏នៅមិនឆ្ងាយពីខ្លួនគេដែរ។ ដូច្នេះហើយ អ្នកត្រូវតែស្រឡាញ់គំនិតរបស់ខ្លួនឯងពិតប្រាកដ ហើយសុខចិត្តប្រឈមនឹងឧបសគ្គគ្រប់យ៉ាងដោយមិនមានការធានាអះអាងពីនរណាម្នាក់ថាអ្នកនឹងទទួលបានលទ្ធផលល្អដូចការរំពឹងទុក។ 

 

២/ តើអ្នកត្រូវការស្ថិរភាពកម្រិតណាក្នុងជីវិត? 

ការអាចអត់ទ្រាំនិងរស់នៅជាមួយនឹងការប្រថុយធំជាសញ្ញាមួយនៃសហគ្រិន។ ជាពិសេសនៅក្នុងពេលចាប់ផ្តើមដំបូងៗ ផលិតផល ពេលវេលា និងប្រាក់ចំណូលរបស់អ្នកមិនមានស្ថិរភាពទេ។ ប្រហែលអ្នកត្រូវធ្វើការរាប់ខែ ឬរាប់ឆ្នាំដោយមិនទទួលបានផលចំណេញអ្វីសោះក៏មានដែរ។ បើទិដ្ឋភាពទាំងនេះធ្វើឱ្យអ្នករួញរាចិត្ត ប្រហែលអ្នកមិនបាច់លាឈប់ពីការងារដើម្បីប្រាក់ខែទេ។

 

៣/ តើអ្នកមានជំនឿចិត្តកម្រិតណាក្នុងបេសកកម្មរបស់អ្នក?

លក្ខណៈសំខាន់របស់សហគ្រិនគឺការចាក់ឫសជ្រៅលើទំនុកចិត្តចំពោះសមត្ថភាពរបស់ខ្លួនឯង។ ជាពិសេសនៅពេលអ្នកចាប់ផ្តើមដំបូងៗ មនុស្សជាច្រើននឹងសង្ស័យអ្នក។ បើអ្នកងាយនឹងបាក់ស្មារតី ប្រហែលសហគ្រិនភាពមិនមែនជាផ្លូវត្រឹមត្រូវសម្រាប់អ្នកទេ។ នៅពេលអ្នករៀបចំឱ្យពាណិជ្ជកម្មថ្មីឈរជើងបានហើយ អ្នកនឹងត្រូវប្រឈមនឹងការសម្រេចចិត្តយ៉ាងលំបាកៗជាច្រើនដែលមនុស្សដទៃនឹងមិនចូលចិត្ត។ នៅក្នុងករណីបែបនេះ អ្នកត្រូវជឿជាក់លើអារម្មណ៍និងជម្រើសរបស់ខ្លួនឯង។ 

 

៤/ តើអ្នកអាចអត់ធ្មត់ចំពោះបរាជ័យដល់កម្រិតណា?

ប្រហែលអ្នកបានឃើញនិងបានឮរឿងរ៉ាវពាណិជ្ជកម្មដែលបង្កើតភ្លាមទទួលបានការគាំទ្រនិងជោគជ័យភ្លាមដែរ។ ប៉ុន្តែភាគច្រើននៃរឿងរបស់សហគ្រិនមិនមែនល្អបែបនេះទេ។ គន្លឹះសំខាន់បំផុតនៃសហគ្រិនភាពគឺការអត់ធ្មត់ចំពោះបរាជ័យ ជាពិសេសនៅពេលអ្នកអាចរៀនបានពីបរាជ័យ។ កិច្ចការទាំងអស់មិនអាចកើតឡើងដូចការចង់បានឬការរៀបចំទុកយ៉ាងល្អិតល្អន់របស់អ្នកទេ។ ប៉ុន្តែអ្នកត្រូវរៀនបត់បែនទៅតាមសភាពការណ៍ជាក់ស្តែងដើម្បីឈានទៅដល់គោលដៅដែលកំណត់ទុក។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់