អចលនទ្រព្យ | January 19, 2022 | 334

ប្រទេសឥណ្ឌូនេស៊ីរៀបចំបង្កើតរដ្ឋធានីនិងដាក់ឈ្មោះថា Nusantara

រដ្ឋសភារបស់ប្រទេសឥណ្ឌូនេស៊ីបានសម្រេចប្តូរទីតាំងរដ្ឋធានីចេញពីហ្សាការតាទៅខេត្ត East Kalimantan នៅលើកោះប័រនេអូ ហើយលោកប្រធានាធិបតី Joko Widodo ក៏បានសម្រេចដាក់ឈ្មោះរដ្ឋធានីថ្មីនេះថាNusantara ដែលជាឈ្មោះប្រជុំកោះនេះនៅក្នុងភាសាជ្វា។ ឈ្មោះមួយនេះជ្រើសរើសចេញពីជម្រើសជាង៨០ ហើយលោកប្រធានាធិបតីឥណ្ឌូនេស៊ីពន្យល់ថាការជ្រើសរើសយកឈ្មោះមួយនេះដោយសារវាឆ្លុះបញ្ចាំងភូមិសាស្រ្តនិងលក្ខណៈលេចធ្លោរបស់ប្រទេសឥណ្ឌូនេស៊ីជាអន្តរជាតិ។ 

 

 

ច្បាប់រដ្ឋធានីថ្មីនេះផ្តល់ក្របខ័ណ្ឌគតិយុត្តចំពោះគម្រោងធំៗដ៏មានមហិច្ឆតារបស់លោកប្រធានាធិបតីWidodo និងបញ្ជាក់របៀបអភិវឌ្ឍក្រុងមួយនេះ។ រដ្ឋនឹងទទួលបន្ទុក១៩%នៃចំណាយសរុប ហើយចំណែកផ្សេងទៀតនឹងមានប្រភពចេញពីភាពជាដៃគូជារវាងរដ្ឋនិងឯកជន និងការវិនិយោគឯកជន។ 

 

រដ្ឋមន្រ្តីរៀបចំដែនដីឥណ្ឌូនេស៊ីបានប្រាប់សភាក្រោយពេលចេញច្បាប់នេះថា រដ្ឋធានីថ្មីនេះមានតួនាទីស្នូលនិងជានិមិត្តសញ្ញានៃអត្តសញ្ញាណរបស់ជាតិ ក៏ដូចជាមជ្ឈមណ្ឌលថ្មីនៃទំនាញសេដ្ឋកិច្ចដែរ។ ការផ្លាស់ប្តូររដ្ឋធានីនេះធ្វើឡើងដោយផ្អែកលើការពិចារណាច្រើនចំណុច គឺគិតទាំងអត្ថប្រយោជន៍និងសុខុមាលភាពតំបន់ផង។ 

 

ចំណែករដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូនេស៊ីក៏បានបញ្ជាក់បន្ថែមដែរថា ការអភិវឌ្ឍក្រុងថ្មីនេះនឹងមានប្រាំដំណាក់កាល។ ដំណាក់កាលទីមួយនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២រហូតដល់ឆ្នាំ២០២៤ ហើយការសាងសង់ទាំងមូលត្រូវគេគ្រោងបញ្ចប់នៅឆ្នាំ២០៤៥។  

 

ក្រុមសមាជិកសភាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់បរិស្ថានពីការអភវិឌ្ឍនេះលើតំបន់ព្រៃ។ យោងតាមទិន្នន័យពីទីភ្នាក់ងាររៀបចំផែនការនិងអភិវឌ្ឍជាតិ ទំហំដីសរុបសម្រាប់ក្រុងថ្មីនេះគ្របដណ្តប់លើផ្ទៃដីប្រហែល២៥៦០គីឡូម៉ែត្រក្រឡា ដែលភាគច្រើនជាការកាប់ឆ្កាពីតំបន់ព្រៃ។ 

 

រដ្ឋធានីNusantara នឹងស្ថិតនៅក្នុងចម្ងាយប្រហែល២០០០គីឡូម៉ែត្រទៅភាគឦសាននៃរដ្ឋធានីហ្សាកាតាបច្ចុប្បន្ន។ នៅក្នុងគម្រោងថ្មីនេះ ក្រុងហ្សាកាតានឹងនៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុដដែល ប៉ុន្តែកិច្ចការរដ្ឋបាលនឹងត្រូវប្តូរទៅរដ្ឋធានីថ្មី។ រដ្ឋាភិបាលសង្ឃឹមថាការប្តូររដ្ឋធានីនេះជាដំណោះស្រាយនិងជាឱកាសផ្តល់ការងារ ព្រមទាំងសម្រាលបន្ទុករបស់ក្រុងហ្សាកាតាដែលបច្ចុប្បន្នមានមនុស្សជាង១០លាននាក់កំពុងតែរស់នៅ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់