គំនិតអាជីវកម្ម | January 19, 2022 | 268

គន្លឹះជ្រើសរើសដៃគូពាណិជ្ជកម្មដែលធ្វើការត្រូវគ្នា

នៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន ទ្រឹស្តីដែលមនុស្សភាគច្រើនអនុវត្តតាមគឺគេត្រូវចំណាយពេលគ្រប់គ្រាន់មុននឹងជ្រើសរើសដៃគូដែលរស់នៅជាមួយគ្នាយ៉ាងរីករាយពេញមួយជីវិត។ ប៉ុន្តែហេតុអ្វីបានជាសហគ្រិនជាច្រើនព្រងើយកន្តើយចំណុចមួយនេះនៅពេលជ្រើសរើសសហស្ថាបនិកនៃពាណិជ្ជកម្មថ្មី? 

 

សាកស្រមៃថាអ្នកបានរកឃើញមនុស្សម្នាក់ដែលមានទស្សនវិស័យនិងមហិច្ឆតាស្រដៀងគ្នានឹងអ្នកដែរ។ អ្នកជជែកគ្នានិងបំផុសគំនិតប្លែកក្នុងការផ្លាស់ប្តូរមុខមាត់ពាណិជ្ជកម្មដែលអ្នកដឹងច្បាស់ថានឹងអាចដោះស្រាយបញ្ហាឬកែប្រែពិភពលោកនេះ។ អ្នកចំណាយពេលច្រើនរៀបចំផែនការពាណិជ្ជកម្ម និងកែតម្រូវធ្វើយ៉ាងណាឱ្យមានលក្ខណៈល្អឥតខ្ចោះ។

 

 

ប៉ុន្តែនៅពេលរូបអ្នកនិងដៃគូថ្មីរបស់អ្នកឆ្លងផុតដំណាក់កាលចែករំលែកគំនិតនិងមហិច្ឆតាហើយ តើអ្នកចំណាយពេលច្រើនប៉ុនណាដើម្បីស្គាល់គ្នាក្នុងនាមជាមនុស្ស? ពិតណាស់ថាអ្នកជួបនិយាយគ្នាស្ទើររាល់ថ្ងៃ និងឆ្លើយឆ្លងគ្នាតាមមធ្យោបាយទំនាក់ទំនងផ្សេងៗមិនដាច់ពេលមានអ្វីដែលត្រូវនិយាយ តើអ្នកមិនស្គាល់ដៃគូបានយ៉ាងម៉េចទៅ? 

 

ការសន្និដ្ឋានបែបនេះច្រើនតែខុសនិងនាំទៅរកការខកចិត្ត។ ជាញឹកញាប់ណាស់ដែលសហគ្រិនប្រញាប់បង្កើតដៃគូពាណិជ្ជកម្មថ្មីដោយផ្តោតលើកិច្ចការគ្រប់យ៉ាង លោកលើកលែងតែរឿងស្គាល់គ្នានេះចេញ។ ប្រហែលមានហេតុផលមួយចំនួនដែលសហគ្រិនមិនមានពេលស្គាល់គ្នាច្បាស់លើសពីរឿងទាក់ទងនឹងពាណិជ្ជកម្ម។ ល្បឿនសម្រុកចូលទីផ្សារជាគន្លឹះនៅពេលដាក់សម្ពោធបច្ចេកវិទ្យាឬពាណិជ្ជកម្មថ្មី។ ប៉ុន្តែជាលទ្ធផលនៃការព្រងើយកន្តើយរឿងផ្ទាល់ខ្លួន សហគ្រិនជាច្រើនក៏ខកចិត្តនៅពេលក្រោយមក។ 

 

ដូច្នេះហើយតើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីរក្សាសន្ទុះពាណិជ្ជកម្មថ្មី និងជ្រើសរើសដៃគូពាណិជ្ជកម្មបានត្រឹមត្រូវ? មានគោលការណ៍មួយចំនួនដែលអ្នកជំនាញណែនាំឱ្យរកមើល៖

 

១/ ការគោរព

យកចិត្តទុកដាក់លើរបៀបដែលដៃគូរបស់អ្នកផ្តល់តម្លៃឱ្យមនុស្សជុំវិញខ្លួនគេ។ តើគេនិយាយក្នុងរបៀបវិជ្ជាជីវៈនិងមានការគោរពដែរទេ? តើគេបង្ហាញគំនិតច្បាស់លាស់ និងចេះអត់ធ្មត់ដែរទេ? តើគេចូលចិត្តស្តីបន្ទោសអ្នកដទៃទេនៅពេលមានបញ្ហា? មនុស្សទូទៅងាយលាក់ចរិតពិតណាស់នៅពេលមិនមានបញ្ហាអ្វី ប៉ុន្តែនៅពេលស្ថិតក្រោមសម្ពាធតើគេបង្ហាញចរិតរបៀបណា? 

 

២/ ការយោគយល់គ្នា

តើអ្នកប្រាស្រ័យទាក់ទងត្រូវគ្នាទេ? តើក្នុងចំណោមអ្នកទាំងពីរ មាននរណាម្នាក់អត់សង្កត់ចិត្តនៅពេលភាគីម្ខាងទៀតនិយាយរឿងចេញពីក្នុងចិត្តទេ? តើអ្នកអាចជជែកដេញដោលគ្នាដោយបើកចំហអំពីរឿងដែលអ្នកខ្វែងគំនិតគ្នាទេ? តើអ្នកទទួលបានជោគជ័យកម្រិតណានៅក្នុងការសម្រុះសម្រួលនិងយោគយល់គ្នា? បើដៃគូពាណិជ្ជកម្ម ឬសហស្ថាបនិកក្រុមហ៊ុនរបស់អ្នកមិនអាចទាក់ទងគ្នារបៀបនេះបានទេ ផ្លូវទៅមុខនឹងមិនងាយស្រួលទេ។ 

 

៣/ ទស្សនវិស័យ

តើជោគជ័យមានន័យដូចម្តេច ហើយតើអ្នកទាំងពីរយល់ឃើញដូចគ្នាទេ? ចំពោះមនុស្សខ្លះ ជោគជ័យជាការគ្រប់គ្រងពាណិជ្ជកម្មដែលរីកចម្រើនបន្តិចម្តងៗនិងមានប្រាក់ខែគ្រប់គ្រាន់សម្រាប់បុគ្គលិក។ ចំពោះអ្នកខ្លះទៀត ជោគជ័យជាការទទួលបានផលចំណេញភ្លាមៗ។ បើទោះជាគ្មាននរណាទាយដឹងអំពីជោគជ័យ ក៏ការនិយាយគ្នាមុនអំពីរបៀបដែលអ្នកកំណត់ជោគជ័យជួយវាស់ស្ទង់ភាពត្រូវរ៉ូវគ្នាកម្រិតណាដែរ។ 

 

៤/ ភាពស្មោះត្រង់

មនុស្សពីរនាក់ដែលមានភាពស្មោះត្រង់និងមានភាពសុចរិតអាចធ្វើដំណើរជាមួយគ្នាបានវែងឆ្ងាយ បើទោះជាមានចំណុចខ្លះមិនត្រូវគ្នាក៏ដោយ។ បើដៃគូខ្វះភាពស្មោះត្រង់ឬភាពសុចរិត គឺប្រៀបដូចជាអ្នកកំពុងជិះទូកដែលលេចធ្លាយដែរ មិនយូរប៉ុន្មានទេ ទូកនោះនឹងលិចមិនខាន។ បើអ្នកមិនអាចទុកចិត្តដៃគូរបស់អ្នកទេ ទំនាក់ទំនងនោះនឹងបរាជ័យមិនខាន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់