គំនិតអាជីវកម្ម | January 19, 2022 | 262

វិធីសាស្រ្តបែងចែកការងារនិងក្លាយជាមេដឹកនាំកាន់តែមានផលិតភាព

ម្ចាស់ពាណិជ្ជកម្មជាច្រើនបាត់បង់សុខភាពនិងផលិតភាពដោយសារការមិនព្រមបែងចែកការងារឱ្យគេជួយធ្វើ។ មូលហេតុចម្បងគឺគេជាមនុស្សដែលហ្មត់ចត់ពេកមិនចង់បណ្តោយឱ្យកិច្ចការសំខាន់ទៅក្នុងដៃមនុស្សដែលមិនសូវមានសមត្ថភាព។ ដំណោះស្រាយចំពោះបញ្ហានេះការរៀនបែងចែកការងារឱ្យត្រូវតាមជំនាញមនុស្ស និងអនុវត្តតាមគោលការណ៍មួយចំនួនខាងក្រោមនេះ៖

 

 

១/ ផ្តល់ឱកាសឱ្យអ្នកដទៃបានទទួលការទុកចិត្តពីអ្នក

អ្នកមិនអាចដឹងច្បាស់ថាមនុស្សជុំវិញខ្លួនអ្នកមានសមត្ថភាពដូចម្តេចខ្លះទេ លុះត្រាតែអ្នកផ្តល់ឱកាសឱ្យគេបានយ៉ាងហោចណាស់ក៏ម្តងដែរ។ កុំសន្និដ្ឋានអ្វីៗទាំងអស់ទុកជាមុន។ មនុស្សមិនសូវមានបទពិសោធន៍ត្រូវការឱកាស ហើយប្រហែលអ្នកជាឧបសគ្គក្នុងការរីកចម្រើនរបស់គេ។ កិច្ចការទាំងអស់នេះចាប់ផ្តើមពីការជួលមនុស្សដែលមានជំនាញនិងការបណ្តុះបណ្តាលត្រឹមត្រូវ។ 

 

២/ វាយតម្លៃកិច្ចការទាំងអស់ដើម្បីបែងចែកឱ្យអ្នកដទៃធ្វើ

មនុស្សយើងទាំងអស់មានចំណុចខ្លាំងនិងចំណង់ចំណូលចិត្តពិសេសរៀងៗខ្លួន។ បែងចែកការងារឱ្យត្រូវនឹងចំណុចខ្លាំងនិងចំណង់ចំណូលចិត្តរបស់មនុស្ស។ អ្នកទុកតែកិច្ចការដែលចាំបាច់បំផុតសម្រាប់ខ្លួនឯងបានហើយ ដើម្បីមានពេលផ្តោតចិត្តធ្វើកិច្ចការសំខាន់នេះឱ្យបានល្អបំផុត។ កុំរង់ចាំរហូតដល់ទ្រទម្ងន់ការងារលែងរួចទើបបែងចែកការងារ។ 

 

៣/ ផ្តោតលើការណែនាំនិងបង្ហាត់បង្ហាញឱ្យបានច្បាស់

មនុស្សធ្វើការមិនល្អដូចការរំពឹងទុកដោយសារគេមិនដឹងច្បាស់ថាត្រូវធ្វើដោយរបៀបណា ឬមានការរំពឹងទុកដូចម្តេចខ្លះ។ សាកគិតត្រឡប់ទៅរកពេលដែលអ្នកធ្វើកិច្ចការទាំងអស់នោះនៅពេលដំបូងៗ និងគិតរកមើលរបៀបដែលអ្នកជួយដូចម្តេចខ្លះដើម្បីសម្រេចកិច្ចការនោះបានឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់។ អ្នកត្រូវប្រាកដថាមនុស្សដែលអ្នកប្រើនោះមានឧបករណ៍និងធនធានគ្រប់គ្រាន់។

 

៤/ កំណត់ពេលដែលត្រូវបង្ហើយនិងដំណាក់កាលដែលត្រូវតាមដាន

ការត្រឹមតែផ្ទេរការងារ ហើយរំពឹងចង់បានលទ្ធផលដោយមិនមានការចូលរួមអ្វីសោះមិនមែនជាយុទ្ធសាស្រ្តល្អទេ។ អ្នកត្រូវត្រៀមទុកជាមុននិងកំណត់ពេលវេលាច្បាស់លាស់ដើម្បីវាស់វែងដំណើររីកចម្រើននៃការងារ និងបញ្ហា។ 

 

៥/ ផ្ទេរទាំងអំណាចសម្រេចចិត្តនិងទំនួលខុសត្រូវ

បើអ្នកត្រូវសម្រេចចិត្តគ្រប់ជំហាននៃការងារ អ្នកមិនមែនផ្ទេរការងារនោះពិតប្រាកដទេ។ អ្នកត្រូវធ្វើឱ្យប្រាកដថាមនុស្សដែលទទួលយកការងារនោះមានឧបករណ៍ ធនធាន និងសិទ្ធិសម្រេចចិត្តគ្រប់គ្រាន់ដើម្បីធ្វើការងារដោយមិនរង់ចាំការគាំទ្រគ្រប់ពេលពីអ្នក។ ការផ្ទេរភារកិច្ចមិនគួរតម្រូវឱ្យមនុស្សច្រើនគ្នាធ្វើកិច្ចការតែមួយនោះទេ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់