គំនិតអាជីវកម្ម | January 18, 2022 | 249

គន្លឹះក្លាយជាសហគ្រិនទាំងមិនបាច់មានលុយឬបទពិសោធន៍

ការធ្វើជាចៅហ្វាយនាយ និងការសម្រេចចិត្តរឿងសំខាន់ៗទាំងអស់ដោយខ្លួនឯង ជាក្តីស្រមៃរបស់មនុស្សភាគច្រើន។ ប៉ុន្តែរឿងអស្ចារ្យទាំងអស់នេះក៏មិនងាយស្រួលធ្វើប៉ុន្មានដែរ។ តើអ្នកគិតថាលំបាកដល់កម្រិតណា? ៩០%នៃពាណិជ្ជកម្មថ្មីដួលរលំ។  

 

 

សហគ្រិនក៏ច្រើនតែមានភាពអន្ទះសាជាងមនុស្សទូទៅ និងជួបសម្ពាធអារម្មណ៍រាល់ថ្ងៃច្រើនជាងគេដែរ។ នៅពេលអ្នកទទួលខុសត្រូវលើកិច្ចការគ្រប់យ៉ាង កំហុសនិងបញ្ហាទាំងអស់ក៏ក្លាយជាបន្ទុករបស់អ្នកដែរ។ 

 

ទោះជាយ៉ាងណា ការបង្កើតពាណិជ្ជកម្មនិងក្រុមហ៊ុនមួយអាចជាផ្លូវនាំទៅរកផលចំណេញនិងការបំពេញទឹកចិត្តច្រើនណាស់ គឺអាចនឹងនាំអ្នកទៅជួបឱកាសដែលអ្នកមិនធ្លាប់គិតនឹកដល់។ បើអ្នកដឹងអំពីហានិភ័យទាំងអស់ ហើយនៅតែចង់ក្លាយជាសហគ្រិនទៀត អ្នកអាចប្រើប្រាស់យុទ្ធសាស្រ្តទាំងនេះបាន៖

 

១/ កំណត់ឱ្យឃើញគំនិតពាណិជ្ជកម្មដែលមានផលចំណេញ

ពាណិជ្ជកម្មថ្មីដែលជោគជ័យចាប់ផ្តើមចេញពីគំនិត។ អ្នកមិនអាចបង្កើតពាណិជ្ជកម្មដោយគ្មានគំនិតបានទេ។ មានក្បួនជាច្រើនដើម្បីគិតដល់ការបង្កើតផលិតផលឬសេវាកម្ម ដូចជាការសាកសួរមិត្តភក្តិនិងមនុស្សជុំវិញខ្លួនថាគេមានបញ្ហាអ្វីដែលអ្នកអាចជួយបានទេ? តើផលិតផលឬសេវាកម្មអ្វីដែលមានផលចំណេញ? 

 

២/ កំណត់ដឹងនិងផ្តោតលើវិស័យដែលរីកចម្រើន

អ្នកជំនាញណែនាំឱ្យជ្រើសរើសយកវិស័យណាដែលអ្នកពេញចិត្ត និងកំពុងតែរីកចម្រើន ប៉ុន្តែមិនមែនជាវិស័យដែលមានការប្រកួតប្រជែងខ្លាំងពេករហូតដល់បំបាក់ស្មារតីរបស់អ្នកវិញ។ ក្រោយពីជ្រើសរើសផ្នែករួចហើយ អ្នកគួរតែសិក្សាផលិតផលឬសេវាកម្មម្តង៖ តើផលិតផលនីមួយៗមានប្រយោជន៍អ្វីខ្លះនិងខុសគ្នាដូមម្តេចខ្លះ? តើគេមានរបៀបវេចខ្ចប់ដូចម្តេច និងធ្វើទីផ្សារបែបណា? តើអតិថិជនប្រតិកម្មតបដូចម្តេចខ្លះ? តើមានសក្តានុពលដូចម្តេចខ្លះក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង? 

 

៣/ បំពេញតម្រូវការដែលខ្វះខាត

អ្នកមិនចាំបាច់ត្រូវតែបង្កើតផលិតផលថ្មីទាំងស្រុងទេ បើមិនទាន់មានផលិតផលគ្រប់គ្រាន់។ មនុស្សជាច្រើនបង្កើតពាណិជ្ជកម្មយ៉ាងជោគជ័យក្រោយពីកត់សម្គាល់ឃើញចន្លោះខ្វះខាតនៅក្នុងទីផ្សារ។ ទាំងឧបករណ៍ និងជំនាញមានច្រើនស្រាប់ទៅហើយនៅក្នុងទីផ្សារ អ្នកគ្រាន់តែប្រមូលផ្តុំនិងច្នៃបង្កើតអ្វីដែលជាតម្រូវការរបស់ទីផ្សារ ហើយបត់បែនទៅតាមចន្លោះខ្វះខាតនោះក៏គ្រប់គ្រាន់ដែរ។ 

 

៤/ បង្កើតរបស់ដែលប្រសើរជាងអ្វីដែលមានស្រាប់

ជាថ្មីម្តងទៀត អ្នកមិនចាំបាច់បង្កើតអ្វីដែលថ្មីទាំងស្រុងនោះទេ។ បើអ្នកអាចផ្តល់ជូនផលិតផលដែលមានស្រាប់ក្នុងតម្លៃថោកជាងគេ ឬបង្កើនគុណភាពឱ្យប្រសើរជាងគេ ឬបើកាន់តែល្អជាងនេះទៅទៀតគឺធ្វើឱ្យប្រសើរទាំងគុណភាពនិងតម្លៃ អ្នកនឹងទទួលបានអតិថិជនជាច្រើនមិនខាន។ បង្កើតបញ្ជីរបស់ដែលអ្នកប្រើប្រាស់រាល់ថ្ងៃ បន្ទាប់មកពិនិត្យរបស់អ្វីខ្លះដែលអ្នកអាចធ្វើឱ្យប្រសើរជាងនេះបាន។ 

 

៥/ បង្កើតផែនការពាណិជ្ជកម្ម

ផែនការពាណិជ្ជកម្មជាឯកសារផ្លូវការដែលរៀបរាប់លម្អិតអំពីគោលដៅពាណិជ្ជកម្មនិងជំហានដែលអ្នកត្រូវអនុវត្តតាមដើម្បីសម្រេចគោលដៅទាំងនោះ។ ផែនការនេះអាចនឹងមានទាំងយុទ្ធសាស្រ្តធ្វើទីផ្សារ គម្រោងថវិកា និងដំណាក់កាលសំខាន់ៗនៃពាណិជ្ជកម្មរបស់អ្នក។ ក្នុងនាមជាសហគ្រិន ការងាររបស់អ្នកគឺត្រូវកំណត់បេសកកម្ម បង្កើតទស្សនវិស័យ និងដឹកនាំឈានទៅរកគោលដៅទាំងជិតនិងឆ្ងាយ។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់