គំនិតអាជីវកម្ម | January 18, 2022 | 263

កិច្ចការចាំបាច់ដែលត្រូវធ្វើមុននឹងជួលបុគ្គលិកបន្ថែម

នៅពេលពាណិជ្ជកម្មរបស់អ្នករីកចម្រើនកាន់តែធំ អ្នកនឹងត្រូវជួលបុគ្គលិកបន្ថែមកាន់តែច្រើន។ អ្នកមានថវិកាត្រៀមទុកសម្រាប់ប្រាក់ខែ និងការងារដែលរងចាំមនុស្សធ្វើ។ ប៉ុន្តែមុននឹងឈានទៅដល់ដំណាក់កាលជួលបុគ្គលិក អ្នកគួរតែពិចារណាធនធានមនុស្សទាំងមូលក្នុងពាណិជ្ជកម្មរបស់អ្នកឱ្យបានគ្រប់ជ្រុងជ្រោយ។ តើមានកន្លែងណាដែលអ្នកអាចធ្វើឱ្យប្រសើរសិនបានទេ? 

 

 

យ៉ាងហោចណាស់មានចំណុចពីរដែលអ្នកត្រូវគិតគូរនិងថ្លឹងថ្លែងឱ្យបានល្អិតល្អន់៖

 

១/ សមាជិកក្រុមការងារបច្ចុប្បន្នរបស់អ្នក

ម្ចាស់ពាណិជ្ជកម្មភាគច្រើនចាប់ផ្តើមជួលបុគ្គលិកថ្មីបន្ថែមដោយមិនបានពិចារណាដល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ក្រុមការងារដែលកំពុងតែមានស្រាប់ទេ។ អ្នកត្រូវសួរខ្លួនឯងថា តើអ្នកមានបុគ្គលិកណាម្នាក់ដែលជាបន្ទុករបស់ក្រុមការងារទាំងមូល ហើយគួរតែជម្រុះចោលទេ? តើសមាជិកទាំងអស់នៅក្នុងក្រុមការងារបច្ចុប្បន្ននេះប្រើប្រាស់ជំនាញនិងទេពកោសល្យរបស់ពួកគេដល់កម្រិតហើយឬនៅ? តើមាននរណាម្នាក់នៅក្នុងក្រុមការងាររបស់អ្នកដែលពេញចិត្តចង់ធ្វើគម្រោងនៅក្រៅពីការងារបច្ចុប្បន្នរបស់គេទេ? ប្រហែលដល់ពេលដែលអ្នកត្រូវសើបអង្កេត និងបែងចែកតួនាទៅឡើងវិញឱ្យសមនឹងការជំនាញនិងការចូលចិត្តរបស់ក្រុមការងារម្នាក់ៗហើយ។ 

 

ក្រោយពីសម្លឹងមើកក្រុមការងារជារួមហើយ ប្រហែលអ្នកក៏គួរតែចំណាយពេលខ្លះនិយាយជាមួយបុគ្គលិកម្នាក់ៗដើម្បីដឹងច្បាស់ថាគេពិតជាធ្វើការត្រូវជំនាញនិងយល់ច្បាស់អំពីសារៈសំខាន់នៃតួនាទីរបស់គេ។ ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកកំណត់ដឹងចន្លោះខ្វះខាតដែលត្រូវបំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយអ្នកឱ្យមើលឃើញកាន់តែច្បាស់ទិសដៅដែលត្រូវទៅមុខទាំងអស់គ្នាថែមទៀត។ 

 

២/ សមត្ថភាពផ្តល់ប្រាក់ខែ និងប្រយោជន៍

ចំណុចមួយទៀតដែលអ្នកត្រូវយកចិត្តទុកដាក់មុនពេលនាំសមាជិកថ្មីចូលក្នុងក្រុមការងារគឺប្រាក់ខែនិងផលប្រយោជន៍។ តើក្រុមហ៊ុនរបស់អ្នកអនុវត្តតាមច្បាប់បានត្រឹមត្រូវកម្រិតណាហើយ? តើអ្នកបានបណ្តុះបណ្តាលបុគ្គលិកបានល្អកម្រិតណាហើយទាក់ទងនឹងច្បាប់ទម្លាប់ផ្សេងៗ? តើអ្នកមានសមត្ថភាពផ្តល់ប្រាក់ខែទៀងទាត់ពេលវេលា និងអាចដោះស្រាយបញ្ហាផ្សេងៗទៀតដែលបណ្តាលមកពីមនុស្សដែរទេ? បើអ្នកពិបាកក្នុងផ្នេកណាមួយ អ្នកត្រូវស្វែងរកសមាជិកក្រុមការងារ ឬភាគីទីបីណាមកជួយតម្រង់ផ្លូវក្រុមការងារមុននឹងជួលបុគ្គលិកថ្មីបន្ថែម។  

 

ការជួលបុគ្គលិកថ្មីពិតជាអាចជួយបង្កើនល្បឿននៃការរីកចម្រើននិងជួយឱ្យអ្នកពង្រីកពាណិជ្ជកម្មបានឆាប់។ តាមរយៈការរៀបចំផែនការបានច្បាស់លាស់ដែលបញ្ជាក់ថាអ្នកសម្រេចចិត្តត្រឹមត្រូវ អ្នកនឹងអាចរក្សាបានបុគ្គលិកល្អនៅធ្វើការបានយូរអង្វែងនិងរីកចម្រើនទៅកាន់តែខ្ពស់។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់