អចលនទ្រព្យ | January 18, 2022 | 264

គន្លឹះបង្កើតទំនុកចិត្តជាមួយអតិថិជនអចលនវត្ថុ

ការបង្កើតទំនុកចិត្តគ្នាដើរតួសំខាន់ណាស់ក្នុងពាណិជ្ជកម្មអចលនវត្ថុ។ ភ្នាក់ងារដែលវៃឆ្លាតយល់ដឹងថាបើគេបរាជ័យក្នុងការបង្កើតទំនុកចិត្តជាមួយអតិថិជននៅពេលបច្ចុប្បន្ននិងពេលអនាគត ពួកគេនឹងលែងប្រឡូកក្នុងវិស័យមួយនេះបានទៀតហើយ។ ការទទួលបានទំនុកចិត្តពីអ្នកលក់និងអ្នកទិញមិនមែនគ្រាន់តែជារឿងដែលអ្នកអាចរំពឹងហើយក៏បាននោះទេ ហើយក៏មិនមែនបានមកតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មដែរ។ 

 

 

តើអ្នកត្រូវធ្វើអ្វីខ្លះ និងមិនធ្វើអ្វីខ្លះដើម្បីបង្កើតទំនុកចិត្តជាមួយអតិថិជន? 

 

១/ ផ្តល់តម្លៃចំពោះពេលវេលារបស់អតិថិជន

ពេលវេលាជាធនធានដែលមានតម្លៃបំផុតចំពោះមនុស្សទាំងអស់។ ដើម្បីបង្កើតទំនុកចិត្តក្នុងពាណិជ្ជកម្ម អ្នកត្រូវគោរពចំពោះពេលវេលារបស់អតិថិជន។ ទម្លាប់ទៀងទាត់ពេលជារឿងមិនអាចខ្វះបាន។ គ្មានអ្វីដែលបង្ហាញការមិនគោរពបានច្បាស់ជាងការខ្វះសណ្តាប់ធ្នាប់និងការខ្ជះខ្ជាយពេលវេលារបស់អតិថិជននោះទេ។ មនុស្សកម្រទុកចិត្តភ្នាក់ងារណាដែលមិនចេះពិចារណាចំពោះពេលវេលារបស់អ្នកដទៃ ហើយគិតតែខ្លួនឯង។ 

 

២/ បង្កើតទំនាក់ទំនងដែលមានប្រយោជន៍ទាំងសងខាង

ចំណុចសំខាន់បំផុតនៃការងាររបស់អ្នកក្នុងនាមជាភ្នាក់ងារអចលនវត្ថុគឺត្រូវជួយអតិថិជនសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងធានាអះអាងថាអ្នកផ្តល់ជូនជម្រើសដែលល្អបំផុតចំពោះពួកគេ។ ដើម្បីបង្កើតទំនុកចិត្តសម្រាប់ពាណិជ្ជកម្មមួយ មនុស្សដទៃត្រូវជឿថាអ្នកពិតជាខ្វល់ខ្វាយចំពោះគេមែន។ តើមានប្រយោជន៍អ្វីក្នុងការជឿលើមនុស្សដែលត្រឹមតែចាត់ទុកអ្នកជាឈ្នានទៅរកប្រយោជន៍របស់គេនោះ? ព្យាយាមបង្កើងទំនាក់ទំនងដែលនាំទៅរកផលប្រយោជន៍ទាំងសងខាង។ 

 

៣/ ស្តាប់ច្រើន និយាយតិច

នៅពេលស្វែងរកអចលនវត្ថុ មនុស្សភាគច្រើនបង្កើតបញ្ជីរបស់ដែលត្រូវមាននៅក្នុងចិត្តរបស់គេ និងយល់ថាគេត្រូវរំឭកតម្រូវការនោះម្តងហើយម្តងទៀត។ សូមចងចាំចំណុចមុននេះថា អ្នកនឹងមិនអាចបង្កើតជំនឿទុកចិត្តនៅក្នុងពាណិជ្ជកម្មអចលនវត្ថុបានទេ បើអ្នកគិតតែផ្តោតលើបេសកកម្មផ្ទាល់ខ្លួន។  អ្នកត្រូវចេះអត់ធ្មត់ ស្តាប់យ៉ាងយកចិត្តទុកដាក់ និងផ្តោតលើតម្រូវការនិងការចង់បានរបស់អតិថិជន។ កុំព្យាយាមបង្ខំអតិថិជនឱ្យផ្លាស់ប្តូរការសម្រេចចិត្តនិងទិញផ្ទះដែលខុសចិត្តគេ។ 

 

៤/ រក្សាទំនាក់ទំនងល្អគ្រប់ពេល

ការងាររបស់អ្នកគឺត្រូវផ្តល់លទ្ធភាពនៃការជួបជាមួយអតិថិជនគ្រប់ពេលដែលគេត្រូវការជំនួយឬយោបល់ពីអ្នក។ បើអ្នកជៀសវាងមិនព្រមលើកទូរសព្ទរបស់គេច្រើនដង ឬមិនព្រមឆ្លើយតបអ៊ីម៉ែលដែលគេសួរឱ្យបានទាន់ពេលទេ គេនឹងយល់ថាគេមិនមែនជាអាទិភាពរបស់អ្នកទេ។ ការយល់បែបនេះជាមូលហេតុដែលគេនឹងលែងទាក់ទងជាមួយអ្នក។ ដូចទំនាក់ទំនងផ្សេងទៀតដែរ ទំនាក់ទំនងក្នុងពាណិជ្ជកម្មនេះមិនមានប្រយោជន៍អ្វីទេបើគ្មានភាពស្មោះត្រង់។

 

៥/ កុំកុហក ត្រូវតែស្មោះត្រង់គ្រប់ពេល

មនុស្សភាគច្រើនទុកចិត្តអ្នកដទៃនៅពេលគេជួបលើកទីមួយ។ ដូច្នេះហើយ អ្នកត្រូវប្រុងប្រយ័ត្ន និងត្រូវបង្ហាញភាពស្មោះត្រង់ឱ្យបានច្រើនបំផុតនៅពេលជួបអតិថិជនលើកទីមួយ។ បើអ្នកបាត់បង់ឱកាសម្តង អ្នកពិបាកទទួលបានឱកាសទីពីរណាស់។ ដើម្បីបង្កើតទំនុកចិត្តក្នុងពាណិជ្ជកម្ម អ្នកត្រូវប្រាប់ការពិតជានិច្ចដល់គេ បើមិនដូច្នេះទេ គេនឹងសន្និដ្ឋានខុសចំពោះទំនាក់ទំនងជាមួយអ្នក។ ភាពមិនស្មោះត្រង់មិនត្រឹមតែរុញច្រានអតិថិជនចេញទៅឆ្ងាយទេ ប៉ុន្តែក៏ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះយីហោរបស់អ្នកដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់