គំនិតអាជីវកម្ម | January 16, 2022 | 258

ក្បួនបង្កើតពាណិជ្ជកម្មដែលមនុស្សដទៃបរាជ័យ

បច្ចុប្បន្ននេះជាពេលល្អបំផុតសម្រាប់បង្កើតដំណោះស្រាយកម្មវិធីលើអ៊ីនថឺណិត។ មានឧបករណ៍និងកម្មវិធីជាច្រើនដែលអាចបង្កើតគេហទំព័រ្ និងកម្មវិធីលើទូរសព្ទដៃបានដោយគ្រាន់តែទាញមកទម្លាក់នៅលើកញ្ចក់ទូរសព្ទប៉ុណ្ណោះ។ 

 

 

ប៉ុន្តែនៅពេលបង្កើតពាណិជ្ជកម្មបច្ចេកវិទ្យា អ្នកត្រូវធ្វើកិច្ចការច្រើនជាងការត្រឹមតែមានគេហទំព័រ និងកម្មវិធីលើទូរសព្ទដៃដែលល្អ។ មនុស្សជាច្រើនមានគំនិតល្អៗដែលលាក់ទុកក្នុងខួរក្បាល។ ពេលខ្លះគេចង់សាកល្បង ប៉ុន្តែមនុស្សជុំវិញខ្លួនបែរជាប្រាប់ថាមិនគួរប្រថុយនឹងរឿងបរាជ័យបែបនេះទេ។ បើអ្នកជឿជាក់លើគំនិតខ្លួនឯងហើយ អ្នកត្រូវព្រងើយកន្តើយចំពោះគំនិតយោបល់រាំងស្ទះពីអ្នកដទៃ ហើយអនុវត្តតាមមេរៀនខាងក្រោមនេះ៖

 

១/ ត្រូវប្រាកដថាអ្នកដោះស្រាយបញ្ហាបាន

បើអ្នកមិនអាចដោះស្រាយបញ្ហាអ្វីមួយដែលធ្វើឱ្យមនុស្សឈឺចាប់បានទេ អ្នកកំពុងតែខាតបង់ពេលវេលាហើយ។ អ្នកអាចនឹងមានគំនិតនិងផលិតផលល្អមែន ប៉ុន្តែបើអ្នកខ្សោយខាងដោះស្រាយបញ្ហា ក៏មិនអាចនាំទៅរកអ្វីបានដែរ។ បើអ្នកដោះស្រាយបញ្ហាបានកាន់តែធំ ចំពោះទីផ្សារកាន់តែទូលំទូលាយ នឹងដល់ពេលមួយដែលអ្នកត្រូវការប្រមូលដើមទុនបន្ថែមជាមិនខាន ដែលជាជំហានចូលរួមពីវិនិយោគិនផ្សេងៗ។ ទោះជាយ៉ាងណា អ្នកត្រូវដឹងថាវិនិយោគិន វិនិយោគលើមនុស្សមុនផលិតផល។

 

២/ ស្វែងរកអ្នកបង្កើតកម្មវិធីខ្លាំងពូកែ

គំនិតត្រូវតែប្រែក្លាយទៅជាផលិតផល ហើយផ្លូវនាំទៅរកផលិតផលមួយគឺតាមរយៈអ្នកបង្កើតកម្មវិធី។ ការមានអ្នកជំនាញបង្កើតកម្មវិធីតាំងពីពេលចាប់ផ្តើមទៅជារឿងសំខាន់ណាស់ ពីព្រោះគេអាចបញ្ចូលជីវិតទៅក្នុងគំនិតរបស់អ្នកបាន។ ទោះជាយ៉ាងណា បើអ្នកនៅមិនទាន់ស្គាល់មនុស្សជំនាញខាងបង្កើតកម្មវិធីទេ អ្នកក៏មិនចាំបាច់ខ្វល់ខ្វាយពេកដែរ។ មានវេទិកាជាច្រើនដែលអ្នកអាចរកច្រកបង្កើតទំនាក់ទំនងជាមួយពួកគេ។ 

 

៣/ វាយតម្លៃសម្មតិកម្មរបស់អ្នក

សម្មតិកម្មរបស់អ្នកជាការសន្និដ្ឋាន ឬជាដំណោះស្រាយរបស់អ្នក។ អ្នកត្រូវតែសាកល្បងដើម្បីដឹងថាវាពិតជាអាចដោះស្រាយបញ្ហាបានមែន។ រឿងល្អនៅក្នុងដំណាក់កាលវាយតម្លៃនេះគឺថាអ្នកអាចជីកយ៉ាងជ្រៅដើម្បីដឹងថាអ្នកពិតជាកំពុងមានអ្វីមួយដែលមានតម្លៃសមនឹងការប្រឹងប្រែងរបស់អ្នកមែនឬទេ។ មេរៀនមួយនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីធានាបានថាអ្នកមិនខ្ជះខ្ជាយលុយកាក់ច្រើនពេកដោយមិនបានបញ្ជាក់ថាគំនិតនោះនឹងអាចអនុវត្តបាននោះទេ។ 

 

៤/ បង្កើតក្រុមការងារ

មានហេតុផលជាច្រើនដើម្បីបង្កើតក្រុមការងារ ហើយចំណុចចាប់ផ្តើមគួរតែជាអ្នកផ្តល់ប្រឹក្សា។ អ្នកផ្តល់ប្រឹក្សានេះត្រូវតែមានឥទ្ធិពលក្នុងឧស្សាហកម្មដែលអ្នកកំពុងតែប្រឡូក។ ឧទាហរណ៍ថាបើអ្នកចង់បង្កើតពាណិជ្ជកម្មនៅក្នុងបច្ចេកវិទ្យាព័ត៌មាន ទីប្រឹក្សាគោលដៅរបស់អ្នកគួរតែជាសមាជិកក្រុមប្រឹក្សាភិបាលស្ថានីយទូរទស្សន៍ឬក្រុមហ៊ុនផ្សព្វផ្សាយ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់